មន្ត្រីអង្គការសុខភាពពិភពលោក៖ វីរុសកូរ៉ូណាមិនទំនងជាបែកធ្លាយចេញពីមន្ទីរពិសោធនៅទីក្រុងវូហានឡើយ


វូហាន៖ក្រុមអ្នកស្រាវជ្រាវរបស់អង្គការសុខភាពពិភពលោក កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅ បានអះអាងនៅក្នុងសន្និសីទកាសែតស្ដីពីលទ្ធផលនៃការស្រាវជ្រាវរបស់ខ្លួននៅទីក្រុងវូហានថា វីរុសកូរ៉ូណាទំនងជាមានប្រភពមកពីសត្វ មុនពេលរាលដាលមកដល់មនុស្ស ប៉ុន្តែមិនមានភស្តុតាងណាមួយបង្ហាញថា វីរុសនេះលេចចេញពីមន្ទីរពិសោធនៅទីក្រុងវូហាន ប្រទេសចិនឡើយ។

លោក ផេតធឺ អេមបារិក ដែលជាអ្នក​ជំនាញ​ផ្នែក​ជំងឺ​ឆ្លង​​របស់​អង្គការ​សុខភាព​ពិភព​លោក និងជាប្រធាន ដឹកនាំបេសកកម្មស្រាវជ្រាវ​  បានលើកឡើងថា​ ជំងឺ​កូវីដ​-១៩​ ប្រហែល​ជា​មាន​ប្រភព​ដើមចេញ​មក​ពី​សត្វ​ ​ប៉ុន្តែ​វា​ទំនង​ជា​មិន​មែនចេញ​ពី​ទី​ក្រុងវូហាន នោះ​ទេ។ លោកបន្ថែមទៀតថា ពួកគេ​ពុំ​បាន​រក​ឃើញ​នូវ​ភស្តុតាង​ណា​មួយ​ទាក់ទងនឹងការ​ផ្ទុះ​រាល​ដាល​ក្នុង​ទ្រង់ទ្រាយ​ធំ​នៃ​ជំងឺ​កូវីដ-​១៩ មុនពេលនៃ​ការ​ផ្ទុះជំងឺ​នេះ​ក្នុង​ទី​ក្រុងវូហាន កាលពីខែ​ធ្នូ​ ឆ្នាំ​២០១៩​ នោះទេ។

ចំណែកឯពាក្យ​ចចាមអារ៉ាមដែលថា កូវីដ-១៩ ប្រហែលជាបែកធ្លាយចេញពី​មន្ទីរពិសោធនៅវូហាននោះវិញ​ លោក Ben Embarak បញ្ជាក់ដូច្នេះ៖«វាជារឿងដែលពិបាកនឹងកើតឡើង និងពិបាកជឿណាស់ ដូច្នេះ ចាប់ពីពេលនេះទៅ ក្រុមអ្នកជំនាញរបស់យើង​ នឹងបោះបង់ចោល​សម្មតិកម្មនេះ ហើយឈប់យកវាមកពិចារណាទៀតហើយ។»

ទន្ទឹមនឹងនេះលោក Liang Wannian តំណាងក្រុម​អ្នកវិទ្យាសាស្ត្រចិន បានឆ្លៀត​​បញ្ជាក់បន្ថែមថា ឆ្លងកាត់ការ​សិក្សាវិភាគ​កន្លងមក វីរុសកូរ៉ូណាថ្មីនេះក៏អាច​ធ្វើដំណើរផ្លូវឆ្ងាយ​បានដែរ តាមរយៈចំណីអាហារកក។

គិតមកទល់ថ្ងៃទី​៩ កុម្ភៈនេះ  ក្រុមអ្នកស្រាវជ្រាវបានបំពេញបេសកម្មស្រាវជ្រាវរបស់ខ្លួន អស់រយៈពេល៤សប្ដាហ៍ ហើយ ដោយពួកគេផ្តោតសំខាន់លើ ផ្សារគ្រឿងសមុទ្រនៅទីក្រុងវូហាន វិទ្យាស្ថានវីរុសសាស្ត្រ និងមន្ទីពិសោធ មួយចំនួន នៅក្នុងទីក្រុងវូហាន រួម​មាន​ទាំង​មជ្ឈមណ្ឌល​ត្រួត​ពិនិត្យ​ជំងឺក្នុង​ទីក្រុង Wuhan ដែលពួកគេជឿថា សុទ្ធសឹងតែជាទីកន្លែងមុខសញ្ញានៃការកកើតមេរោគឆ្លងនេះ៕

រូបភាព៖ WHO

ដោយ៖ សាន ស្រីនិច

កែសម្រួលដោយ៖ ង៉ាយ ណៃ