អក្ខរាវិរុទ្ធនៅតែជាបញ្ហា ទោះបីមានភាពជឿនលឿននៃឌីជីថលភាវូបនីយកម្មប្រព័ន្ធផ្សព្វផ្សាយ


ឌីជីថលភាវូបនីយកម្មប្រព័ន្ធផ្សព្វផ្សាយ បាន និងកំពុងដើរតួនាទីយ៉ាងសកម្ម ដែលគ្របដណ្ដប់លើប្រព័ន្ធផ្សព្វផ្សាយប្រពៃណី។ ការណ៍នេះ បាននាំមកនូវគុណភាពនៃការផ្សព្វផ្សាយ ទាំងសំឡេង រូបភាព ល្បឿននៃការបញ្ជូនទិន្នន័យ ការផ្ទុកទិន្នន័យ ការចែករំលែកព័ត៌មាន តាមរយៈមធ្យោបាយផ្សព្វផ្សាយយ៉ាងសម្បូរបែបក្នុងវិស័យឧស្សាហកម្មប្រព័ន្ធផ្សព្វផ្សាយឌីជីថល។

ទន្ទឹមនឹងភាពងាយស្រួល ឆាប់រហ័ស ដែលប្រព័ន្ធផ្សព្វផ្សាយបែបឌីជីថលបានផ្ដល់ឱ្យ យើងសង្កេតឃើញមានបញ្ហាមួយចំនួនដែលលេចឡើងកាន់តែច្បាស់ គឺការផ្ដោតសំខាន់លើភាពលឿន ឆាប់ រហ័ស តែមិនសូវយកចិត្តទុកដាក់លើបញ្ហាអក្ខរាវិរុទ្ធនៅលើខ្លឹមសារផ្សព្វផ្សាយ ដែលជាហេតុនាំឱ្យមានបញ្ហាទៅលើរបៀបនៃការសរសេរ ឬការប្រើប្រាស់ពាក្យពេចន៍មិនត្រឹមត្រូវនៅលើបណ្តាញផ្សព្វផ្សាយផ្សេងៗ។

នេះជារឿងដ៏សំខាន់មួយ ជាពិសេសប្រសិនបើក្នុងការងារពាក់ព័ន្ធនឹងការផ្សព្វផ្សាយជូនសាធារណៈជន ព្រោះវាជាការបញ្ជូនសារទៅកាន់មនុស្សជាច្រើន ដែលនឹងទទួលដឹង។ កាលណាសំណេរមិនត្រឹមត្រូវ វានឹងជាការបញ្ជូនសារមិនត្រឹមត្រូវទៅមនុស្សជាច្រើន ហើយអាចធ្វើឱ្យមានការកើនឡើងនូវការប្រើប្រាស់អក្សរ និង អក្ខរាវិរុទ្ធខ្មែរមិនត្រឹមត្រូវជាបន្តបន្ទាប់ទៀត។

ក្នុងបរិបទដូច្នេះ ក្រសួងព័ត៌មាន បានព្យាយាមជួយជំរុញបន្ថែមក្នុងការបង្កើតសិក្ខាសាលាទាក់ទងនឹងការពង្រឹងអក្ខរាវិរុទ្ធខ្មែរក្នុងប្រព័ន្ធផ្សព្វផ្សាយនាកន្លងមកផងដែរ។ យ៉ាងណាមិញស្ថាប័ន ឬអង្គភាពនានា ដែលធ្វើការលើការផ្សព្វផ្សាយ និងបញ្ជូនសារតាមបែបឌីជីថលក្ដី និងតាមបែបប្រពៃណីក្ដី គួរយកចិត្តទុកដាក់ឱ្យបានខ្ពស់លើការប្រើប្រាស់អក្ខរាវិរុទ្ធខ្មែរឱ្យបានត្រឹមត្រូវ និងប្រកបដោយភាពច្បាស់លាស់ មុនពេលបញ្ជូនសារ៕

អត្ថបទដោយ៖ កឹម សុម៉ាលី
រូបភាព៖ RFI