ស្វែងយល់លម្អិត! យន្តដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ មិនមែនជាការជំនួសប្រព័ន្ធតុលាការទេ
សេចក្ដីព្រាងព្រះរាជក្រឹត្យនេះ មាន៦ជំពូក និង២២មាត្រា និងបានកំណត់អំពីការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីជាយន្តការបំពេញបន្ថែមឱ្យប្រព័ន្ធដោះស្រាយវិវាទនៅព្រះរាជាណាចក្រកម្ពុជា សំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងភាពឆាប់រហ័ស នៃការដោះស្រាយវិវាទ តាមរយៈការសម្រុះសម្រួលផ្សះផ្សាក្រៅប្រព័ន្ធតុលាការ ក្នុងគោលបំណងជួយកាត់បន្ថយការកកស្ទះសំណុំរឿងនៅតាមសាលាជម្រះក្ដី បង្ខិតការដោះស្រាយវិវាទឱ្យកាន់តែកៀកនឹងប្រជាពលរដ្ឋនៅមូលដ្ឋាន និងធានាបាននូវភាពសុខដុមរមនា និងយុត្តិធម៌ក្នុងសង្គមជាតិ។ រាល់ដំណោះស្រាយវិវាទត្រូវតែគោរពតាមឆន្ទៈយល់ព្រមដោយសេរី និងដោយស្ម័គ្រចិត្តពីភាគីវិវាទ។
អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ សរសេរកាត់ថា អ.ដ.ក. នឹងត្រូវបង្កើតឡើងដើម្បីដោះស្រាយក្រៅប្រព័ន្ធតុលាការ នូវវិវាទរដ្ឋប្បវេណី វិវាទពាណិជ្ជកម្ម និងវិវាទដទៃទៀត តាមរយៈការសម្រុះសម្រួលផ្សះផ្សាដោយផ្អែកតាមកិច្ចព្រមព្រៀងរបស់ភាគីវិវាទ ឬតាមការស្នើសុំរបស់ភាគីវិវាទ ឬដែលភាគីវិវាទយល់ព្រមទទួលយកយន្តការសម្រុះសម្រួលផ្សះផ្សានេះ លើកលែងតែវិវាទដែលមិនអាចជាកម្មវត្ថុ នៃការសម្រុះសម្រួលផ្សះផ្សា តាមកំណត់របស់ច្បាប់។ អ.ដ.ក. មានសមាសភាព ឧបនាយករដ្ឋមន្រ្តី ១រូប ជាប្រធាន និងអមដោយអនុប្រធាន៤រូប (ជាទេសរដ្ឋមន្ត្រី១រូប រដ្ឋមន្ត្រីក្រសួងអធិការកិច្ច រដ្ឋលេខាធិការក្រសួងមហាផ្ទៃ១រូប និងរដ្ឋលេខាធិការក្រសួងយុត្តិធម៌១រូប) ព្រមទាំងសមាជិកមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ដោយមាន អគ្គលេខាធិការដ្ឋាន មួយជាសេនាធិការ។
ក្នុងសេចក្ដីថ្លែងហេតុជូនកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានគូសបញ្ជាក់ថា ព្រះរាជក្រឹត្យ នេះនឹងក្លាយជាក្របខណ្ឌគតិយុត្តមួយដ៏សំខាន់សម្រាប់ពង្រឹងនិងលើកកម្ពស់ប្រសិទ្ធភាព នៃការសម្រុះសម្រួលដោះស្រាយបញ្ចប់វិវាទរបស់ប្រជាពលរដ្ឋ ជាពិសេសវិវាទនៅមូលដ្ឋានឱ្យបានកាន់តែឆាប់រហ័ស និងប្រកបដោយជំនឿចិត្ត។ ឯកឧត្តម បានគោរពស្នើសុំ សម្ដេចធិបតី ចាប់ផ្ដើមធ្វើយុទ្ធនាការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការជាបន្ទាន់ បន្ទាប់ពីត្រូវបានបង្កើតចេញជារូបរាង។
ក្នុងដំណើរការពិនិត្យ និងពិភាក្សា សេចក្ដីព្រាងព្រះរាជក្រឹត្យនេះដែរ សម្ដេចធិបតី បានគូសបញ្ជាក់ថា យន្តការនេះមិនមែនជាការជំនួសប្រព័ន្ធតុលាការទេ ប៉ុន្តែជាជម្រើសបន្ថែម និងដោយស្ម័គ្រចិត្ត ជូនប្រជាពលរដ្ឋ ពុំមានការបង្ខិតបង្ខំ ដើម្បីនាំមកនូវសុខដុមនីយកម្មក្នុងសង្គមខ្មែរ។ សម្ដេចធិបតី ក៏បានសង្កត់ធ្ងន់លើសារសំខាន់នៃការធ្វើយុទ្ធនាការផ្សព្វផ្សាយជូនប្រជាពលរដ្ឋដើម្បីឱ្យពួកគាត់យល់ច្បាស់អំពីយន្តការថ្មីនេះ និងបានសម្រេចប្រគល់ភារកិច្ចជូនទីស្ដីការគណៈរដ្ឋមន្រ្តី សហការជាមួយក្រសួងយុត្តិធម៌ ក្នុងការរៀបចំនីតិវិធីបន្ត ដើម្បីបញ្ជូន សេចក្ដីព្រាងព្រះរាជក្រឹត្យ ស្ដីពីការបង្កើតការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ថ្វាយ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីទ្រង់ពិនិត្យ និងឡាយព្រះហស្ថលេខាប្រកាសឱ្យប្រើទុកជាការប្រញាប់៕
ប្រភព៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល