រដ្ឋនឹងដំឡើងប្រាក់បៀវត្សឧបត្ថម្ភដល់លោកគ្រូ អ្នកគ្រូ គរុសិស្ស ដោយយកមូលដ្ឋានបៀរវត្សសរុប គុណនឹង៧០ភាគរយ
នាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ ទិវាគ្រូបង្រៀន ០៥ តុលា ២០២៣ ក្រោមប្រធានបទ “គ្រូបង្រៀន ជាសសរស្តម្ភនៃសាលារៀន ឆ្ពោះទៅរកឧត្តមភាព” ដែលបានប្រព្រឹត្តទៅនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
ក្នុងឱកាសនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកំពុងបន្តគិតគូរ និងយកចិត្តទុកដាក់លើការដំឡើងប្រាក់បៀវត្ស និងអត្ថប្រយោជន៍ដល់គ្រូបង្រៀននៅទូទាំងប្រទេស ខណៈបច្ចុប្បន្នគ្រូបង្រៀន ក្របខណ្ឌ (ក) ទទួលបានប្រាក់បៀវត្សក្នុងរង្វង់ជិត ១លានរៀល។ ដោយឡែក សម្រាប់ប្រាក់បៀវត្សគរុសិស្ស សម្ដេចបានសម្រេច ដំឡើងប្រាក់បៀវត្សឧបត្ថម្ភដល់លោកគ្រូ-អ្នកគ្រូ ដែលជាគរុសិស្សកំពុងសិក្សា ដោយអនុវត្តតាមរូបមន្តបៀវត្សមូលដ្ឋាន បូកនឹង៧០ភាគរយបន្ថែម។ ការដំឡើងបៀវត្សឧបត្ថម្ភថ្មីនេះ បានធ្វើឱ្យបៀវត្សរបស់លោកគ្រូ-អ្នកគ្រូ ជាគរុសិស្សកំពុងសិក្សា ទាបបំផុត (កម្រិត គ)ចំនួន ៩៨ ម៉ឺនរៀល។
ជាមួយគ្នានេះ សម្ដេចក៏បានមានប្រសាសន៍បញ្ជាក់ផងដែរថាយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ឈរលើទ្រឹស្ដី «គិតធំ ធ្វើតូច»។ ក្នុងន័យនេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ជាក្របខណ្ឌគោលនយោបាយ រាជរដ្ឋាភិបាលត្រូវតែគិតឱ្យបានគ្រប់ជ្រុងជ្រោយ ប៉ុន្តែការអនុវត្តជាក់ស្ដែង រាជរដ្ឋាភិបាល ត្រូវតែជ្រើសរើសគន្លឹះជាអាទិភាព ដើម្បីដាក់ចេញការអនុវត្តឱ្យបានចំទិសដៅ ប្រកបដោយភាពល្អិតល្អន់៕