|

មន្ទីរពេទ្យដែលធំ និងទំនើបជាងគេនៅកម្ពុជា នឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាចុងខែតុលា ឆ្នាំ២០២៣ខាងមុខនេះហើយ!


មន្ទីរពេទ្យជាតិ «តេជោសន្តិភាព» មានទីតាំងស្ថិតនៅសង្កាត់គោករកា ខណ្ឌ ព្រែកព្នៅ រាជធានីភ្នំពេញ ស្ថាបនាដោយក្រុមហ៊ុន ស៊ីជេអ៊ីស៊ី CJEC .co,Ltd សហការជាមួយសាលារាជធានីភ្នំពេញ។ មន្ទីរពេទ្យនេះ បានចាប់ផ្តើមដំណើរការសាងសង់កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ លើផ្ទៃដីប្រមាណ ៧.៥៨ហិកតា។ មន្ទីរពេទ្យនេះមានចំនួន១១ អគារដែលមានអគារព្យាបាល និងសង្គ្រោះបន្ទាន់(E)មានទំហំ ៧,៤៨០ ម៉ែត្រការ៉េ អគារព្យាបាលកម្រិតធ្ងន់(H1និង H2)មានគ្រែសរុបចំនួន៥២៧គ្រែ អគារព្យាបាលកម្រិតស្រាល(H3,H4,H5,H6និងH7)មានគ្រែសរុប៨,៩៦៩ គ្រែ,គ្រែបុគ្គលិកពេទ្យប្រចាំការមានចំនួន៤៦គ្រែនិងគ្រែបុគ្គ លិកស្នាក់នៅចំនួន២០៦ គ្រែ អគារបច្ចេកទេស(T1) អគារបច្ចេកទេស (T2),អគារផ្គត់ផ្គង់និងព័ត៌មាន(A)មានទំហំ២,៨៣៥ ម៉ែត្រការ៉េ អគារស្នាក់នៅសម្រាប់បុគ្គលិក (S)មានគ្រែសរុបចំនួន ២៣៤ គ្រែ។ ចំណតរថយន្តមានផ្ទៃក្រឡា ៧,០២៦ ម៉ែត្រការ៉េ ដែលអាចចត រថយន្តបានចំនួន ២១០ គ្រឿង មានសួនច្បារព័ណ៌បៃតងទំហំ ៤,៤៩០ ម៉ែត្រការ៉េ ។


លើសពីនេះ មន្ទីរពេទ្យតេជោសន្តិភាព» មានសមត្ថភាពទទួលអ្នកជំងឺបានរហូតដល់ជិត១ម៉ឺននាក់ ដោយបំពាក់ដោយបរិក្ខារវេជ្ជសស្ត្រទំនើបៗស្របតាមលក្ខណៈស្តង់ដារ ហើយនឹងក្លាយជាកន្លែងផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងសមធម៌។

សូមបញ្ជាក់ថាមន្ទីរពេទ្យជាតិ តេជោសន្ដិភាព បានសាងសង់រួចជាស្ថានពរ គ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាចុងខែតុលា ឆ្នាំ២០២៣ នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា។ សមិទ្ធិផលដ៏ធំធេងនេះបានបញ្ជាក់ពីការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សមេ្តចតេជោ និងសមេ្តចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា៕

ក្រសួងសុខាភិបាល