យុវជនកម្ពុជាជាង ១០០០នាក់ ធ្វើយុទ្ធដំណើរយុវជនហ្លួងព្រះស្តេចកន លើទឹកដីខេត្តត្បូងឃ្មុំ
កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន បានផ្តួចផ្តើម និងដឹកនាំដោយផ្ទាល់ នូវកម្មវិធីយុទ្ធដំណើរយុវជនហ្លួងព្រះស្តេចកន ចម្ងាយ ១០,០០០ ម៉ែត្រ នៅបរិវេណក្សិណ នៃរមណីយដ្ឋានហ្លួងព្រះស្ដេចកន ស្ថិតនៅភូមិអង្គរក្នុង ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
យោងតាមប្រសាសន៍ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ការធ្វើយុទ្ធដំណើរយុវជនហ្លួងព្រះស្តេចកន ជុំវិញក្សិណ ចម្ងាយ ១០,០០០ ម៉ែត្រ នាពេលនេះ គឺដើម្បីលើកតម្លៃ និងបង្ហាញអំពីសក្តានុពលធនធានធម្មជាតិ វប្បធម៌ ប្រវត្តិសាស្ត្រ នៅតំបន់ប្រវត្តិសាស្រ្តហ្លួងព្រះស្តេចកន របស់ខេត្តត្បូងឃ្មុំ ស្របតាមផែនការយុទ្ធសាស្ត្រផ្សព្វផ្សាយ ទាក់ទាញ និងលើកស្ទួយវិស័យទេសចរណ៍ ក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរណ៍ ជាតិ-អន្តរជាតិ និងភ្ញៀវទេសចរផ្ទៃក្នុងឱ្យមកកម្សាន្ត ។
ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បន្តថា ជាដំណាក់កាលបន្តបន្ទាប់ ក្នុងការលើកតម្លៃសក្តានុពលធម្មជាតិ និងវប្បធម៌ប្រវត្តិសាស្រ្តនេះ រដ្ឋបាលខេត្ត តែងបានសហការជាមួយរដ្ឋបាលស្រុក អង្គការជាដៃគូ និងសប្បុរសជន បានរៀបចំអោយមានព្រឹត្តការណ៍សំខាន់ៗជាច្រើន ជាក់ស្តែងការធ្វើយុទ្ធដំណើរនាថ្ងៃនេះ ដើម្បីជាការទាក់ទាញភ្ញៀវទេសចរ ជាកត្តាចម្បងដែលជម្រុញឱ្យមានការចូលរួមក្នុងកិច្ចការអភិរក្សធនធានធម្មជាតិ និងបង្កើនប្រាក់ចំណូលបន្ថែមដល់ប្រជាសហគមន៍មូលដ្ឋានផងដែរ ។
ឯកឧត្តមបណ្ឌិត បានគូសបញ្ជាក់ថា រដ្ឋបាលខេត្ត មានបំណងប្រែក្លាយតំបន់រមណីដ្ឋានហ្លួងព្រះស្តេចកននេះ ជាតំបន់រមណីយដ្ឋានទេសចរណ៍វប្បធម៌ប្រវត្តិសាស្រ្តដ៏គួរឱ្យទាក់ទាញ សម្រាប់ខេត្តត្បូងឃ្មុំ ដោយទីស្ថាននេះ ជាអតីតជារាជធានីខ្មែរពីមុន អំឡុងរាជព្រះបាទ ព្រះស្រីជេដ្ឋាធិរាជ ស្តេចកន សោយរាជ្យ ឆ្នាំ ១៥១២ ដល់ ១៥២៥ មានឈ្មោះថា ស្រឡប់ដូនតីពីជ័យព្រៃនគរ។
ប្រភព: គណបក្សប្រជាជនកម្ពុជា