|

សាលារៀននៅកម្ពុជាជាង៩០០០ ស្ម័គ្រចិត្តចូលរួមអនុវត្តយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក


កាលពីពេលថ្មីៗនេះ ក្រសួងបរិស្ថានបានប្រកាសបើកយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» យ៉ាងឱឡារិក នៅក្នុងខេត្តកំពង់ឆ្នាំង។ យុទ្ធនាការនេះ ត្រូវបានបង្កើតឡើងដើម្បីជំរុញចូលរួមពីប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់ ដើម្បីលើកកម្ពស់តុល្យភាពប្រព័ន្ធអេកូឡូស៊ី សោភ័ណ្ឌភាពទីក្រុង សុខភាពសាធារណៈ និងសុខុមាលភាពសង្គម។

ដោយគិតត្រឹមថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៣ មានសិស្សានុសិស្ស ចំនួនជាង១លាននាក់ ដែលមកពីសាលាជាង៩០០០សាលា នៅទូទាំងរាជធានីខេត្តចំនួន២០ បានស្ម័គ្រចិត្តចូលរួមអនុវត្តយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានបាន គាំទ្រ និងបន្តអនុវត្ត ហើយជឿជាក់ថាអ្នកចូលរួមនៅទីនេះ ជាពិសេសប្អូនៗសិស្សានុសិស្សនឹងរួមគ្នាផ្សព្វ ផ្សាយទៅមិត្តភក្តិ បងប្អូន ក្រុមគ្រួសារឱ្យកាត់បន្ថយប្រើប្រាស់ថង់ប្លាស្ទិក ធានាបានការរស់នៅស្អាត បរិស្ថានបៃតង និងការអភិវឌ្ឍចីរភាព និងអព្យាក្រឹត្យកាបូន ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងមុំទី២ ទី៤ និង៥ គឺធានាចីរភាពនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងកសាងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ។

ដើម្បីសម្រេចបានជោគជ័យនេះ ឯកឧត្តមរដ្ឋមន្រ្តី បានជំរុញបន្តនូវការអនុវត្តយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» នៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅ ក្នុងគោលដៅជាង ៣០ ០០០ សាលា នៅទូទាំងប្រទេស ដែលមានសិស្សានុសិស្សជាង ៣ លាន ៧ សែននាក់ ដើម្បីលើកកម្ពស់ការយល់ដឹង និងការចូលរួមរបស់ប្រជាពលរដ្ឋឈានទៅ ផ្លាស់ប្តូរឥរិយាបទ និងទម្លាប់ការរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា ក្នុងការរស់នៅស្អាត បរិស្ថានបៃតង និងអព្យាក្រឹត្យកាបូន ដោយចាប់ផ្តើមពីការមិនប្រើប្រាស់ថង់ប្លាស្ទិកយ៉ាងតិច១ថ្ងៃ ក្នុង១សប្តាហ៍ ។

គួរជម្រាបថា យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» រៀបចំឡើងនៅតាមសាលា ៨ទីតាំងផ្សេងគ្នា ក្នុងនោះរួមមាន ក្រុងកំពង់ឆ្នាំង ស្រុករលាប្អៀរ ស្រុកកំពង់ត្រឡាច ស្រុកសាមគ្គីមានជ័យ ស្រុកទឹកផុស ស្រុកបរិបូរណ៌ ស្រុកកំពង់លែង និងស្រុកជល់គិរី។ យុទ្ធនាការនេះ មានការអញ្ជើញចូលរួមពីសំណាក់ប្រធានគណៈកម្មការទី៣ នៃព្រឹទ្ធសភា ឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធ និងលោកគ្រូ អ្នកគ្រូ ចំនួន ៣,៨៤៥ រួមទាំងសិស្សានុសិស្សសរុបចំនួនជាងដប់ម៉ឺននាក់ ដែលបានប្តេជ្ញាចិត្តឈប់ប្រើប្រាស់ថង់ប្លាស្ទិក ឬ Bye Bye ថង់ប្លាស្ទិក ៕

ក្រសួងបរិស្ថាន