ខ្សែភាពយន្តដ៏ល្បីកក្រើករបស់ប្រទេសចិន បាននិងកំពុងធ្វើឱ្យពិភពលោកមើលឃើញប្រទេសកម្ពុជា និងមីយ៉ាន់ម៉ា ថាជាកន្លែងឧក្រិដ្ឋកម្មជួញដូរមនុស្សដ៏គ្រោះថ្នាក់
ខ្សែភាពយន្តចិន No more best ជាខ្សែភាពយន្តដែលកំពុងផ្ទុះកក្រើក និងទទួលបានការទស្សនាដ៏ច្រើនលើសលប់។ ខ្សែភាពយន្តនេះ និយាយអំពីបទល្មើសឆបោកតាមអនឡាញ ការចាប់ជំរិត ការជួញដូរមនុស្ស ដែលឧក្រិដ្ឋកម្មដ៏ឃោរឃៅទាំងនេះ កើតមាននៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ ដោយពួកគេអះអាងថាជាភាពយន្តដែលផ្អែកទៅលើរឿងពិត។
ថ្មីៗនេះ អ្នកលេងបណ្ដាញសង្គម អ៊ីនធឺណេត បានផ្ទុះការរិះគន់យ៉ាងខ្លាំង និងស្នើសុំឱ្យមានចំណាត់ការលើរឿងនេះ ដោយហេតុថារឿងនេះបានធ្វើឱ្យប៉ះពាល់ដល់កម្ពុជា ដែលធ្វើឱ្យអ្នកទេសចរណ៍ចិន និងភ្ញៀវបរទេសផ្សេងទៀតខ្លាចរអា មិនហ៊ានមកកម្ពុជា ក៏ដូចជាតំប់អាស៊ានទាំងមូលស្របពេលដែលវិស័យទេសចរកម្ពុជាពឹងផ្អែកយ៉ាងខ្លាំងទៅលើទេសចរចិន។ ថ្វីដ្បិតមិនបាននិយាយចំឈ្មោះប្រទេសកម្ពុជាក៏ដោយ ប៉ុន្តែតាមរយៈ Trailer នៃរឿងនេះ តួអង្គពាក់អាវដែលមានអក្សរខ្មែរ ហើយផ្អែកលើដំណើររឿងធ្វើឱ្យប្រជាជនចិន ក៏ដូចជាអ្នកទស្សនាទូទាំងពិភពលោក សន្មត់បានថាឧក្រិដ្ឋកម្មទាំងនេះ មានមូលដ្ឋាននៅប្រទេសកម្ពុជា មីយ៉ាន់ម៉ា និងប្រទេសថៃផងដែរ។
ក្រោយពីខ្សែភាពយន្តនេះត្រូវបានចាក់បញ្ចាំង មានការស្ទង់មតិមួយនៅលើ Weibo ដែលមានអ្នកបោះឆ្នោតចំនួន ៥៤ ០០០នាក់ ក្នុងនោះ ៤៨ ០០០ បានឆ្លើយថាមិនហ៊ានធ្វើដំណើរមកកម្ពុជា និងមីយ៉ាន់ម៉ានោះទេ ដោយបារម្ភអំពីសុវត្ថិភាពរបស់ពួកគេ។ ជាមួយគ្នានេះ ការរាយការណ៍យ៉ាងទូលំទូលាយដោយ AFP និងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀតបានចងក្រងឯកសារអំពីជនជាតិចិនរាប់ពាន់នាក់ ដែលបានល្បួងទៅកាន់មជ្ឈមណ្ឌលនានានៅអាស៊ីអាគ្នេយ៍ ភាគច្រើននៅក្នុងប្រទេសមីយ៉ាន់ម៉ា និងប្រទេសកម្ពុជា ដើម្បីប្រតិបត្តិការបោកប្រាស់តាមអ៊ីនធឺណិតដោយភៀសខ្លួនជនរងគ្រោះដោយចំនួនដ៏ច្រើន។
គួរបញ្ជាក់ថា ខ្សែភាពយន្ត No more best ចាប់ផ្ដើមចាក់បញ្ចាំងនៅខែសីហា ប៉ុន្តែភាពយន្តនេះអាចរកចំណូលបានរហូតដល់ជាង ៥០០លានដុល្លារ ដោយឈរលេខ១ក្នុងតារាងភាពយន្តចិនប្រចាំសប្ដាហ៍ និងបានក្លាយជាខ្សែភាពយន្តពេញនិយមបំផុតទី ៣ នៅក្នុងប្រទេសចិនក្នុងឆ្នាំនេះ។
(ប្រភព៖ Bangkok, Life style asia, The Straits times)