ថ្នាក់ដឹកនាំវ័យក្មេងកម្ពុជា បង្ហាញវត្តមានក្នុងវេទិកាដ៏មានសារៈសំខាន់ ក្នុងទីក្រុសេអ៊ូល
ឯកឧត្តម នួន ផារ័ត្ន អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញចូលរួមក្នុងវេទិកាអភិបាលក្រុង World City Summit (WCS) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងសេអ៊ូល។
វេទិកាអភិបាលក្រុង WCS ប្រចាំឆ្នាំ គឺជាវេទិកាសកលដែលអញ្ជើញសម្រាប់តែអភិបាលក្រុង និងអ្នកដឹកនាំទីក្រុង ដើម្បីពិភាក្សាអំពីបញ្ហាប្រឈមនៅទីក្រុង និងចែករំលែកការអនុវត្តល្អបំផុត។ សម្រាប់ប្រធានបទរបស់ WCS នៅឆ្នាំនេះគឺ «ទីក្រុងដែលអាចរស់នៅបាន និងមាននិរន្តរភាព៖ បង្កើតអនាគតរួមបញ្ចូលគ្នា និងភាពធន់។»
ប្រធានបទនេះផ្តោតសំខាន់លើសារៈសំខាន់នៃការធានានូវសមាហរណកម្មនៅក្នុងសង្គមមួយ ដោយមិនទុកនរណាម្នាក់ចោល ជាពិសេសជនក្រីក្រ ទោះបីជាទីក្រុងខិតខំឆ្ពោះទៅរកការអភិវឌ្ឍន៍ទីក្រុង និងភាពជោគជ័យផ្នែកសេដ្ឋកិច្ចក៏ដោយ។
នៅក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលទីក្រុងពិភពលោក (World Cities Summit 2023)នេះ ឯកឧត្តម នួន ផារ័ត្ន ក៏បានជួបជាមួយឯកឧត្តម Oh Se-hoon អភិបាលទីក្រុងសេអ៊ូលដោយផ្ទាល់ផងដែរ។ ជាមួយគ្នានេះ ឯកឧត្តម បានថ្លែងអំណរគុណដល់សាលាក្រុងសេអ៊ូលដែលបានផ្តល់អាហារូបករណ៍ជូនមកមន្ត្រីរាជការរដ្ឋបាលរាជធានីភ្នំពេញជាច្រើនឆ្នាំមកនេះ និងបានពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមរវាងទីក្រុងទាំងពីរ ជាពិសេសជំរុញដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ភ្នំពេញ-សេអ៊ូល នាពេលខាងមុខផងដែរ។