|

តើពលរដ្ឋក្រីក្រ អាចរំពឹងអ្វីពីគោលនយោបាយរបស់រដ្ឋាភិបាលអាណត្តិថ្មី?


នៅក្នុងគោលនយោបាយអាទិភាពទី៤ របស់រាជរដ្ឋាភិបាល បានកំណត់ថា អ្នកប្រកបរបរក្រៅប្រព័ន្ធនឹងទទួលបានការយកចិត្តទុកដាក់ ហើយពួកគេក៏អាចទទួលបានអត្ថប្រយោជន៍ដូចអ្នកប្រកបរបរក្នុងប្រព័ន្ធដែរនៅពេលដែលពួកគេជួបវិបត្តិ ឬហានិភ័យផ្សេងៗ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្លាប់បានថ្លែងថា «កម្មវិធីនយោបាយ» របស់រាជរដ្ឋាភិបាល ដែលត្រូវបានបង្ហាញជូនរដ្ឋសភា និងតាមរយៈរដ្ឋសភា ជូនដល់ជនរួមជាតិ និងសាធារណៈមតិទូទៅ នាពេលនេះ ឆ្លុះបញ្ចាំងអំពីគោលបំណង ឧត្តមគតិ និងការប្តេជ្ញាចិត្តដ៏មោះមុត របស់រាជរដ្ឋាភិបាល ក្នុងការពុះពារបម្រើជាតិ និងប្រជាជនគ្រប់កាលៈទេសៈ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត

ជាមួយគ្នានេះ គោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ គឺនឹងមានការគាំទ្រ និងលើកទឹកចិត្តដល់ជីវកម្មលក្ខណៈគ្រួសារ ឬសហគ្រាសខ្នាតតូច ឬអ្នកប្រកបអាជីវកម្មផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងតូចតាច ដើម្បីអាចពង្រីក និងអភិវឌ្ឍអាជីវកម្មរបស់ខ្លួនឲ្យក្លាយទៅជាអាជីវកម្មផ្លូវការ និងមានស្តង់ដារ។

ស្របទៅនឹងគោលនយោបាយនេះ ថ្មីៗក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា ដើម្បីជួយសម្រួលដល់ម្ចាស់អាជីវកម្ម និងបុគ្គលិកក្នុងការពង្រឹងសមត្ថភាព កម្មវិធីបណ្តុះបណ្តាលមានភាពបត់បែនខ្ពស់ ក្រសួងអនុញ្ញាតឱ្យម្ចាស់អាជីវកម្មដែលចង់អភិវឌ្ឍសហគ្រិនភាព រួមទាំងបុគ្គលិកដើម្បីពង្រឹងអាជីវកម្មរបស់ខ្លួន អាចចូលរួមសិក្សានៅគ្រប់ទីតាំងនានាដែលស្ថិតក្រោមដែនសមត្ថកិច្ចរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបាន។

បន្ថែមពីនេះ ក្រសួងបានជំរុញឱ្យសមាគមសហគ្រិនស្ត្រី ក៏ដូចជាក្រុមហ៊ុនឯកជនទាំងអស់ត្រូវត្រៀមស្វែងរកចំណុច ឬបញ្ហារួមរបស់វិស័យឯកជន ដើម្បីលើកជូនប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្នុងវេទិការដ្ឋនិងឯកជន ដែលនឹងប្រព្រឹត្តទៅនៅខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខ ដើម្បីដោះស្រាយឱ្យចំគោលដៅ។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត បានដាក់ឱ្យអនុវត្តភ្លាមៗចាប់ពីឆ្នាំ ២០២៣ នេះតទៅនូវគោលនយោបាយអាទិភាព ៦ចំណុចដែលជាក្តីសង្ឃឹមដ៏រឹងមាំរបស់រដ្ឋ រួមមាន: ទី១៖ ពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសាកល ទី២៖ យុវជនដែលជាកូនអ្នកក្រីក្រ និងងាយរងគ្រោះ នឹងទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដើម្បីពួកគេអាចយកទៅប្រកបរបរចិញ្ចឹមជីវិតបាន ទី៣៖ ពលរដ្ឋក្រីក្រ និងងាយរងគ្រោះ នឹងទទួលបាននូវភាពកក់ក្តៅតាមរយៈកម្មវិធីជាតិជំនួយសង្គម ទី៤៖ អ្នកប្រកបរបរក្រៅប្រព័ន្ធនឹងទទួលបានការយកចិត្តទុកដាក់ ហើយពួកគេក៏អាចទទួលបានអត្ថប្រយោជន៍ដូចអ្នកប្រកបរបរក្នុងប្រព័ន្ធដែរនៅពេលដែលពួកគេជួបវិបត្តិ ឬហានិភ័យផ្សេងៗ ទី៥៖ ប្រជាកសិករនឹងទទួលបាននូវការគាំពារតាមរយៈការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន និងទី៦៖ រាជរដ្ឋាភិបាលនឹងបញ្ជូនមន្ត្រីបច្ចេកទេសកសិកម្មទៅជួយកសិករនៅគ្រប់ឃុំ-សង្កាត់ដែលមានពលរដ្ឋប្រកបរបរកសិកម្ម និងបង្កើតសហគមន៍កសិករនៅទូទាំងប្រទេសដើម្បីការពារផលប្រយោជន៍របស់កសិករ។គោលនយោបាយនេះ គឺជាក្តីសង្ឃឹមយ៉ាងកក់ក្តៅរបស់ប្រជាពលរដ្ឋខ្មែរ បន្តពីរាជរដ្ឋាភិបាលសម្តេចតេជោ៕

Picture: Khmer breaking news