ប្រធានរដ្ឋសភាកម្ពុជាលើកឡើងថា បេសកកម្មការទូតនៃប្រទេសតួគីពិតជាមានសារៈសំខាន់ណាស់ ស្របពេលកម្ពុជាបានផ្លាស់ប្តូរអ្នកដឹកនាំបន្តវេន
នេះជាការលើកឡើងរបស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសជួបសម្តែងការគួរសមជាមួយលោកជំទាវ អ៊ុលគូ កូចាអេហ្វេ (Ülkü Kocaefe) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋតួកគី ប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា។
សម្តេចរដ្ឋសភាធិបតី បានមានប្រសាសន៍គូសបញ្ជាក់ថា កម្ពុជាស្វាគមន៍ការពង្រឹងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយ ប្រទេសតួកគី ក៏ដូចជាមួយប្រទេសជាមិត្តដទៃទៀត ដើម្បីសម្រេចបាននូវផែនការរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្នុងការប្រែក្លាយកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។
សម្តេចរដ្ឋសភាធិបតី បានលើកឡើងថា បេសកកម្មការទូតរបស់លោកជំទាវ អ៊ុលគូ កូចាអេហ្វេ នៅកម្ពុជានាពេលនេះ មានសារៈសំខាន់ណាស់ ពីព្រោះចំពេលដែលប្រទេសកម្ពុជា បានធ្វើការផ្លាស់ប្តូរអ្នកដឹកនាំបន្តវេន ប្រកបដោយសន្តិភាព និងដោយរលូន គ្មានអំពើហិង្សា ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តក្នុងរយៈ៥០០ឆ្នាំរបស់ខ្លួន។ សម្តេចរដ្ឋសភាធិបតី ក៏បានស្នើដល់ប្រទេសតួកគីជួយជំរុញទំនាក់ទំនងពាណិជ្ជកម្មប្រទេសទំាងពីរឱ្យកើនឡើង ជួយបណ្តុះបណ្តាលធនធាមនុស្ស ជួយលើកកម្ពស់ភាពក្លាហានរបស់ស្រ្តីនៅកម្ពុជា ជាពិសេសការជួយលើកកម្ពស់ទំនាក់ទំនងទ្វេភាគី រវាងរដ្ឋសភាប្រទេសទំាងពីរ។
ក្នុងជំនួបនាឱកាសនេះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី និង លោកជំទាវ អ៊ុលគូ កូចាអេហ្វេ បានប្តេជ្ញាចិត្តយ៉ាងមុតមាំរួមគ្នា នៅក្នុងការពូនជ្រុំទំនាក់ទំនងកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរ ទំាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិឱ្យរឹងមាំនិងគ្រប់ជ្រុងជ្រោយឡើង។
គួរបញ្ជាក់ថា ប្រទេសកម្ពុជានិងតួកគីបានបង្កើតទំនាក់ទំនងការទូតជាមួយគ្នាតំាងពីឆ្នាំ១៩៥៩ នៅក្នុងរយៈពេលចុងក្រោយនេះទំនាក់ទំនងកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរ បានពង្រឹងពង្រីកនិងលើកកម្ពស់ដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំរបស់តួកគី។ តួកគី ជាប្រទេសមានសក្តានុពល ដោយសារជាស្ពានភ្ជាប់ទំនាក់ទំនងអាស៊ីទៅអឺរ៉ុប៕
ប្រភព: National Assembly of Cambodia