|

«ទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីកម្ពុជាទៅប្រទេសចិន គឺជាទស្សនកិច្ចព្រួញមួយបាញ់បានសត្វពីរ»


សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទៅទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសចិន កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣។ នេះជាការចេញដំណើរទស្សនកិច្ចផ្លូវការលើកដំបូង របស់សម្តេចធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីទទួលបានការគាំទ្រពីប្រជាពលរដ្ឋ និងរដ្ឋសភា ឱ្យដឹកនាំរាជរដ្ឋាភិបាលកម្ពុជាក្នុងនីតិកាលថ្មី។

ជាទូទៅនៅគ្រប់ប្រទេស ពេលដែលមានថ្នាក់ដឹកនាំថ្មីឡើងកាន់តំណែងកំពូល ថ្នាក់ដឹកនាំនោះតែងអញ្ជើញបំពេញទស្សនកិច្ចនៅតាមបណ្ដាប្រទេសមិត្តជិតខាង ឬបណ្ដាប្រទេសក្នុងតំបន់ ដើម្បីពង្រឹងសាមគ្គីភាព ក៏ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនានា។ យ៉ាងណាមិញ មានមជ្ឈដ្ឋានមួយចំនួន បានលើកជាចម្ងល់ថាហេតុអ្វីជ្រើសរើសប្រទេសចិន ជាប្រទេសដំបូងគេសម្រាប់ដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីកម្ពុជា? ថ្លែងក្នុងជំនួបទ្វេភាគីជាមួយលោក ស៊ី ជិនភីង សម្ដេច ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ការជ្រើសរើសប្រទេសចិននៅក្នុងទស្សនកិច្ចទី១នេះ គឺជាការបង្ហាញសារយ៉ាងច្បាស់អំពីគោលជំហរ គោលនយោបាយរបស់កម្ពុជា គឺការផ្ដល់ទៅលើអាទិភាពក្នុងមិត្តភាពដែកថែបរវាងកម្ពុជា-ចិន។ ដោយឡែកចំពោះការលើកឡើងថា តើកម្ពុជាមិនខ្លាចប៉ះពាល់ដល់ទំនាក់ទំនងជាមួយអាមេរិកទេឬ? លោក ហ្សង់-ហ្រ្វង់ស័រ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ប្រទេសកម្ពុជា ជាប្រទេសឯករាជ្យ ដែលមានជំហរច្បាស់លាស់លើឆាកអន្តរជាតិ ម្យ៉ាងវិញទៀតទំនាក់ទំនងរបស់កម្ពុជា គឺឈរលើមូលដ្ឋានប្រយោជន៍សេដ្ឋកិច្ចជាធំ ដូច្នេះកម្ពុជាមិនរារែកក្នុងទាក់ទងជាមួយនោះទេ។

ជាលទ្ធផលនៃដំណើរទស្សនកិច្ចនេះ ភាគីទាំងពីរបានរឹតចំណងសាមគ្គីភាពជាមួយគ្នាកាន់តែប្រសើរឡើង និងសម្រេចបាននូវការឯកភាពគ្នាលើកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ចិន ក្របខណ្ឌសេដ្ឋកិច្ចពហុភាគី និងវិស័យឯកជន និងការចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការចំនួន១៥ ដែលក្នុងនោះក៏មានឯកសារស្ដីពីផែនការសកម្មភាពនៃការកសាងសហគមន៍វាសនារួមកម្ពុជា-ចិនក្នុងយុគសម័យថ្មីឆ្នាំ២០២៤-២០២៨ផងដែរ។

ស្របពេលការបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិននារយៈពេលនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូហោះតាមជើងយន្តហោះពិសេសរបស់កម្ពុជាលេខ០០១ ឆ្ពោះទៅកាន់ទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី ប្រទេសចិន ដើម្បីចូលរួមពិព័រណ៍ចិន-អាស៊ានលើកទី២០។ នៅក្នុងពិព័រណ៌អាស៊ាន-ចិនលើកទី២០ កម្ពុជាបានសង់ស្តង់ពាណិជ្ជកម្មចំនួន ៨៤ស្តង់ មានក្រុមហ៊ុនកម្ពុជាចូលរួមចំនួ ៥៥ក្រុមហ៊ុន ជាប់លំដាប់ថ្នាក់ទី៤ ក្នុងចំណោមប្រទេសចូលរួមចំនួន ៤០ប្រទេស។ តាមរយៈការចូលរួមនេះ ត្រូវបានមើលឃើញថាគឺជាការរួមចំណែកលើកកម្ពស់កិត្យានុភាព និងវប្បធម៌ជាតិ នៅលើឆាកអន្តរជាតិ តាមរយៈការតាំងបង្ហាញដល់ប្រជាជនបរទេស ឱ្យបានស្គាល់ផលិតផលខ្មែរ ក៏ដូចជាដើម្បីជំរុញសក្តានុពលវិនិយោគសម្រាប់កម្ពុជាផងដែរ។ មួយវិញទៀត ព្រឹត្តិការណ៍នេះគឺពិតជាបានដើរតួនាទីសំខាន់ក្នុងការបង្កើនទំហំពាណិជ្ជកម្មអាស៊ាន-ចិន ឱ្យកាន់តែមានសន្ទុះខ្ពស់ឡើង។ នេះជាសមិទ្ធផលដ៏ធំមួយទៀត ដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបានអំឡុងពេលទស្សនកិច្ចទៅកាន់ប្រទេសចិន។

គួរកត់សម្គាល់ថា ប្រទេសចិនជាប្រទេសដែលផ្ដល់ជំនួយអភិវឌ្ឍដល់កម្ពុជាច្រើនជាងគេ។ ជាមួយគ្នានេះ ហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជាដែលបាននិងកំពុងបន្តអភិវឌ្ឍ ភាគច្រើនសុទ្ធសឹងជាជំនួយបានមកពីប្រទេសចិន ហើយហេដ្ឋារចនាសម្ព័ន្ធទាំងនេះ នឹងក្លាយជាសសរៃឈាមម៉ាក្រូ ឬមីក្រូសេដ្ឋកិច្ចសម្រាប់ការអភិវឌ្ឍនៃប្រទេសកម្ពុជា។ ការណ៍នេះបានឆ្លុះបញ្ចាំងឱ្យឃើញថា ប្រទេសចិនដើរតួនាទីយ៉ាងសំខាន់នៅលើមាគ៌ាអភិវឌ្ឍនៃប្រទេសកម្ពុជា។ នេះដោយយោងតាមការលើកឡើងរបស់លោក ហ្សង់ហ្រ្វង់ស្វ័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។