អបអរចំពោះវឌ្ឍនភាពថ្មីប្រកបដោយសក្ដានុពល! ច្រករបៀង«មច្ឆានិងអង្ករ»នឹងបើកច្រកថ្មីសម្រាប់ទីផ្សារកសិផលកម្ពុជាទៅប្រទេសចិន!
ក្នុងជំនួបពិភាក្សាកាលពីពេលថ្មីៗកន្លងទៅនេះ កម្ពុជា-ចិន ដែលដឹកនាំដោយឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម Tang Renjian រដ្ឋមន្ត្រីក្រសួងកសិកម្ម និងកិច្ចការជនបទនៃសាធារណរដ្ឋប្រជាមានិតចិន បានឯកភាពគ្នាក្នុងការបង្កើតគណៈកម្មការតម្រង់ទិស និងក្រុមការងារបច្ចេកទេសរួម សម្រាប់ច្រករបៀងអង្ករ និងមច្ឆា និងឯកភាពថាក្រុមការងារបច្ចេកទេសនឹងចាប់ផ្តើមកិច្ចប្រជុំឆាប់ៗដើម្បីកំណត់ផែនការសកម្មភាព និងលើកទិសដៅច្បាស់លាស់ក្នុងការអនុវត្តឈានទៅសម្រេចបាននូវជោគជ័យ ឆ្លើយតបទៅតាមទស្សនៈវិស័យរបស់ថ្នាក់ដឹកនាំកំពូលរបស់ប្រទេសទាំងពីរ។
ក្នុថឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានស្នើសមភាគីជួយសហការផ្នែកបច្ចេកទេសដើម្បីជំរុញនូវមុខទំនិញអាទិភាពចំនួន៣ដូចជា អង្ករ ស្វាយចន្ទីរ និងត្រីចិញ្ចឹម នៅក្នុងច្រករបៀងអង្ករ និងមច្ឆា សម្រាប់នាំចេញមកកាន់ទីផ្សារចិន និងទីផ្សារអន្តរជាតិដទៃទៀត។ ទន្ទឹមគ្នានេះ ឯកឧត្តមរដ្ឋមន្ដ្រី បានលើកទឹកចិត្តដល់អ្នកវិនិយោគិនចិនដែលមានជំនាញ និងបច្ចេកទេសទីផ្សារល្អៗ មកវិនិយោគក្នុងវិស័យកសិកម្មនៅកម្ពុជា ពិសេសលើការកែច្នៃ វិចខ្ចប់ផលិតផលកសិកម្មដែលមានស្រាប់ ឱ្យទៅជាផលិតផលដែលមានគុណភាពខ្ពស់ រសជាតិឆ្ងាញ់ និងមានឈ្មោះល្បីលើទីផ្សារអន្តរជាតិ។
ឯកឧត្តម Tang Renjian ក៏បានកោតសសើរចំពោះការសម្រេចបាននូវផលិតផលកសិកម្មយ៉ាងច្រើនរបស់កម្ពុជា ដែលកម្ពុជាធានាបានទាំងស្រុងនូវសន្តិសុខស្បៀងសម្រាប់ប្រទេស និងបានរួមចំណែកក្នុងការរក្សារសន្តិសុខស្បៀងសម្រាប់តំបន់ផងដែរ។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រីកសិកម្មចិន ក៏បានបញ្ជាក់ថា កម្ពុជាមានផលិតផលកសិកម្មជាច្រើនដែលមានគុណភាពល្អ រសជាតិឆ្ងាញ់ ហើយប្រជាជនចិនក៏ចូលចិត្តផងដែរ។ ឯកឧត្តមនឹងលើកទឹកចិត្ត និងជំរុញអ្នកវិនិយោគចិនមកវិនិយោគនៅកម្ពុជា ដើម្បីបង្កើនពាណិជ្ជកម្មកសិកម្មរវាងប្រទេសទាំង២ ឱ្យកើនឡើងមួយកម្រិតទៀតនាពេលខាងមុខ៕
ប្រភព: ក្រសួងកសិកម្ម
រូបភាព: AKP