ការរីកចម្រើននៃវិទ្យាសាស្ត្រដែលអសីលធម៌ គឺជាជំងឺសង្គមដែលចាំបាច់ត្រូវរកថ្នាំព្យាបាលឱ្យមានប្រសិទ្ធភាព
វិទ្យាសាស្ត្របាននាំមកនូវរបត់ថ្មីដល់មនុស្ស ដែលពិភពលោកមិនធ្លាប់គិតស្រមៃដល់។ វឌ្ឍនភាព កាលានុវត្តភាព និងភាពងាយស្រួលដែលមនុស្សទទួលបានពីបច្ចេកវិទ្យា បានជំរុញឱ្យវាក្លាយជាផ្នែកដ៏ចាំបាច់បំផុតដែលមិនអាចខ្វះបានសម្រាប់ការរស់នៅរបស់មនុស្សក្នុងយុគសម័យឌីជីថល។
ដោយផ្អែកទៅលើតួនាទីដ៏សំខាន់នៃបច្ចេកវិទ្យាទាំងនេះ មនុស្សសម័យថ្មីកំពុងធ្វើដំណើរចូលទៅកាន់តែជ្រៅទៅវិស័យនេះ ដោយមានជំនឿថាបច្ចេកវិទ្យា ពិតជាមធ្យោបាយដ៏ត្រឹមត្រូវ និងមានប្រសិទ្ធភាពក្នុងការធានាបាននូវភាពងាយស្រួលនៃការរស់នៅប្រចាំថ្ងៃ ការបំពេញកិច្ចការងារ ការចូលរួមអភិវឌ្ឍសង្គមជាដើម។ ផ្នត់គំនិតទាំងនេះ បាននឹងកំពុងចាក់ឫសយ៉ាងជ្រៅក្នុងការគិតរបស់មនុស្ស ជាពិសេសក្មេងៗជំនាន់ក្រោយ។ បន្តិចម្ដងៗ បញ្ហាប្រពៃណីទំនៀមទម្លាប់ និងសីលធម៌សង្គម ត្រូវបានមនុស្សបំភ្លេចចោលទាំងចេតនា និងអចេតនា។ ការណ៍ទាំងនេះ បានធ្វើឱ្យសង្គមដ៏ជឿនលឿន និងរីកចម្រើនទាំងឡាយ បាននឹងកំពុងធ្លាក់ចូលក្នុងវិបត្តិអសន្តិសុខ អនាធិបតេយ្យ បាត់បង់សុខដុមរមនា និងសន្តិភាពផ្លូវចិត្តដ៏ពិតប្រាកដ ហើយជំនួសមកវិញដោយរូបភាពអំពើឃោរឃៅនៃមនុស្សជាតិកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
ដូច្នេះតើត្រូវធ្វើយ៉ាងណាដើម្បីឱ្យបច្ចេកវិទ្យា និងសីលធម៌អាចបោះជំហានទន្ទឹមគ្នាប្រកបដោយសមភាព?
ពិតណាស់ បើចង់កែប្រែឥរិយាបថសង្គមពុំមែនជារឿងងាយស្រួល និងប្រើរយៈពេលខ្លីបានទេ ប៉ុន្តែក៏មិនពិបាកពេកដែរប្រសិនបើយើងពិតជាមានឆន្ទៈ និងមានការចូលរួមពីផ្នែកពាក់ព័ន្ធនានា ហើយផ្នែកដែលសំខាន់បំផុត គឺវិស័យអប់រំ។ ការបញ្រ្ជាបពីចំណេះដឹងផ្នែកសីលធម៌ វប្បធម៌ ទំនៀមទម្លាប់ ពុំមែនជារឿងចាស់គំរឹលនោះទេ ផ្ទុយទៅវិញវាជាការបណ្ដុះឥរិយាបថល្អមនុស្សប្រកបដោយសង្គតិភាព ស្របពេលដែលបច្ចេកវិទ្យាក៏បានពង្រីកឥទ្ធិពលយ៉ាងទូលំទូលាយក្នុងវិស័យនេះ។
ជាមួយគ្នានេះ គ្រួសារក៏ជាប្រភពដ៏សំខាន់ក្នុងការកសាងលក្ខណៈសម្បត្តិដល់ក្មេងៗផងដែរ។ យើងសង្កេតឃើញថា បច្ចុប្បន្ននេះសម្រាប់អ្នកនៅទីក្រុងភាគច្រើន បានចំណាយពេលជាមួយការងារច្រើនជាងជាមួយគ្រួសារ។ នេះជាបញ្ហាដ៏សំខាន់ ដែលក្មេងៗខកខានឱកាសក្នុងការទទួលបានការទូន្មាន អប់រំ ពីឪពុកម្ដាយដែលជាប្រភពដ៏ស្និទ្ធស្នាលបំផុត ហើយមានឥទ្ធិពលបំផុតក្នុងការដុសខាត់លក្ខណៈសម្បត្តិ និងសីលធម៌រស់នៅ។ ជួនពេលខ្លះឪពុកម្ដាយ មិនសូវមានពេលតាមដានកូនៗទៀត ក្មេងៗងាយនឹងទទួលរងឥទ្ធិពលមិនល្អពីបរិយាកាសសង្គម។ នេះជាអ្វីដែលឪពុកម្ដាយគួរយកចិត្តទុកដាក់ ពីព្រោះការមានចំណេះខ្ពង់ខ្ពស់នៅសាលា ក៏មិនប្រាកដថាក្មេងៗយល់ដឹងពីសីលធម៌រាក់ជ្រៅនៅក្នុងសង្គមដែរ។
លើសពីនេះ សង្គមក៏ជាផ្នែកដ៏មានឥទ្ធិពលបំផុត។ បើសង្គមផ្ដល់គំរូអាក្រក់ នោះកោសិកាសង្គមទាំងឡាយក៏ពិបាកនឹងក្លាយជាអ្នកបន្តវេនដ៏ល្អបានដែរ។ ហើយនេះ មិនមែនជាតួនាទីរបស់នរណាម្នាក់នោះទេ គឺជាតួនាទីរបស់មនុស្សទាំងអស់គ្នា ប៉ុន្តែការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំ ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីធានាយុត្តិធម៌ តម្លាភាព សុក្រឹតភាព គណនេយ្យភាព និងការទទួលខុសត្រូវខ្ពស់ ដើម្បីរួមចំណែកបញ្ជូនសារល្អៗទៅកាន់ក្មេងជំនាន់ក្រោយ និងរួមចំណែកកសាងសង្គមមួយប្រកបដោយការរីកចម្រើន និងសុខសន្តិភាព។
ជារួម មិនថាវិទ្យាសាស្ត្រ-បច្ចេកវិទ្យា ជឿនលឿនដល់កម្រិតណានោះទេ សីលធម៌សង្គមនៅតែជារឿងអាទិភាពដែលគួរផ្ដោតការយកចិត្តទុកដាក់។ សង្គមដែលមានពលរដ្ឋពោរពេញដោយចំណេះដឹង គួបផ្សំនឹងសីលធម៌ផង ទើបជាគុណតម្លៃពិតប្រាកដ និងសន្តិភាពដែលមនុស្សគ្រប់រូបប្រាថ្នាចង់បាន។
រូបភាព: Popular magazine