Computer Science ពិតជាសំខាន់សម្រាប់អនាគតកម្ពុជា?
Computer Science ឬជាភាសារខ្មែរថា “វិទ្យាសាស្ត្រកុំព្យូទ័រ” ដែលអ្នកសិក្សាលើមុខវិជ្ជាមួយនេះអាចឱ្យជានិយមន័យបានថា ជាការសិក្សាអំពីអ្វីៗដែលពាក់ព័ន្ធទៅនឹងកុំព្យូទ័រ មានដូចជាផ្នែករឹង (Hardware) និងផ្នែកទន់ (Software)។ នេះជាការឆ្លើយតបមួយៗ ច្បាស់ៗពីលោក ឃាម ហុង ក្នុងបទសម្ភាសអនឡាញជាមួយនឹង BRANDMEDIA។
លោក ឃាម ហុង ជាសាស្ត្រាចារ្យបង្រៀនមុខវិជ្ជា “វិទ្យាសាស្ត្រកុំព្យូទ័រ” ឬ Computer Science នៅសាកលវិទ្យាល័យរដ្ឋដ៏ធំ និងចំណាស់ជាងគេក្នុងប្រទេសកម្ពុជា គឺសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ និស្សិតដែលកំពុងតែសិក្សាលើមុខជំនាញនេះក្តី ឬបានបញ្ចប់ហើយក្តី ច្បាស់ជាស្គាល់គាត់យ៉ាងច្បាស់ថា ជាសាស្ត្រាចារ្យដែលបង្រៀនផ្តោតលើមុខវិជ្ជាធំៗចំនួនពីរ៖ ទី១ “Database Systems” និងទី២ “.Net Programming” តាំងតែពីឆ្នាំ២០០២មកម្លេះ។
ជាមួយនឹងបទពិសោធន៍បង្រៀនជិត២ទស្សវត្សរ៍មកនេះ លោកសាស្រ្តាចារ្យបានបង្ហាញទស្សនៈផ្ទាល់ខ្លួនយ៉ាងដូច្នេះថា “សម្រាប់ខ្ញុំ ឯកទេសមួយនេះ នៅតែខ្វះ និងនៅតែមានតម្រូវការទីផ្សារនៅកម្ពុជារបស់យើង។ ពីព្រោះនៅតាមស្ថាប័ន មិនថារដ្ឋ ឬឯកជនបច្ចុប្បន្នកំពុងតែឱ្យតម្លៃ និងបន្តយល់ពីតម្លៃនៃការគ្រប់គ្រងដោយប្រព័ន្ធស្វ័យប្រវត្តិ ឬប្រព័ន្ធវៃឆ្លាត ឬប្រព័ន្ធកុំព្យូទ័រ ឬក៏អ្នកខ្លះតែងនិយាយថាប្រព័ន្ធព័ត៌មានវិទ្យានេះឯង។”
សម្រាកបានបន្តិច លោកក៏បន្តយ៉ាងដូច្នេះថា “បើនិយាយអំពីផ្នែកផ្សេងៗនៃ “វិទ្យាសាស្ត្រកុំព្យូទ័រ” ឬ Computer Science ហ្នឹង! វាមានច្រើនតាមពិត។ ប៉ុន្តែចំពោះផ្នែកដែលសំខាន់ៗដែលខ្ញុំគិតថា កំពុងមានតម្រូវការលើទីផ្សារ និងសំខាន់សម្រាប់កម្ពុជានាពេលនេះ និងអនាគតមានដូចជា៖ ផ្នែកបណ្តាញកុំព្យូទ័រ (Computer Networking), ផ្នែកការអភិវឌ្ឍផ្នែកទន់ (Software Development), ផ្នែកគ្រប់គ្រងទិន្នន័យ(Database Management), ផ្នែកសុវត្ថិភាពទិន្នន័យ (Database Security) និងផ្នែកផ្សេងៗទៀត។
ត្បិតថា បទសម្ភាសរបស់ក្រុមគ្រួសារ BRANDMEDIA ជាមួយនឹងលោកសាស្ត្រាចារ្យបានដំណើរការទៅក្នុងទម្រង់ឌីជីថលក្តី ពួកយើងប្រាកដឃើញពីទឹកមុខរបស់គាត់ពោរពេញដោយស្នាមញញឹម និងផ្តល់ចម្លើយតបមកវិញប្រកបដោយជំនាញ និងវិជ្ជាជីវៈ
“មូលហេតុចម្បង ដែលនិស្សិតទូទៅដែលមានបំណងចង់សិក្សាជំនាញមួយនេះ ហើយគួរតែជ្រើសរើសសាកលវិទ្យាល័យយើង (RUPP) ពីព្រោះយើងដឹងហើយថា ដេប៉ាតឺម៉ង់វិទ្យាសាស្ត្រកុំព្យូទ័ររបស់យើងត្រូវបានបង្កើតឡើងតាំងតែពីឆ្នាំ១៩៩០ ដែលមានវ័យចំណាស់ជាងគេនៅស្រុកខ្មែរ និងបានបណ្តុះបណ្តាលកម្មវិធីវិទ្យាសាស្រ្តកុំព្យូទ័រនេះមុនគេ ដូច្នេះយើងអាចនិយាយបានថា វាជាដេប៉ាតឺម៉ង់ដែលពោរពេញទៅដោយបទពិសោធន៍ជោគជាំនៅលើវិស័យនេះ ជាពិសេសគឺសិក្សាជាមួយនឹងសាស្រ្តាចារ្យដែលមានបទពិសោធន៍ និងជំនាញច្បាស់លាស់៕”
អត្ថបទ៖ BRANDMEDIA