ស្រលាញ់ផ្នែក Media និង Film? ហេតុអ្វីមិនជ្រើសរើស DMC?
ជំនាញប្រព័ន្ធផ្សព្វផ្សាយ(Media) និងផលិតខ្សែភាពយន្ត(Film) គឺជាជំនាញថ្មី និងពុំសូវមានអ្នកស្គាល់ប៉ុន្មានទេ។ រីឯសាលាដែលផ្ដល់កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រលើជំនាញទាំងពីរនេះ ក៏មិនមានច្រើនដូចគ្នានៅក្នុងប្រទេសកម្ពុជា។ ប្រសិនបើដូច្នេះ សម្រាប់អ្នកដែលមានបំណងចង់ក្លាយជាអ្នកសារព័ត៌មាន ឬចង់ប្រឡូកក្នុងវិស័យភាពយន្ត គួរជ្រើសរើសសាលាមួយណា ដើម្បីសិក្សាស៊ីជម្រៅលើជំនាញដែលខ្លួនស្រលាញ់?
ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍(DMC), RUPP
DMC គឺជាដេប៉ាតឺម៉ង់មួយ នៃមហាវិទ្យាល័យសង្គមសាស្រ្ត និងមនុស្សសាស្ត្រ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ ២០០១ និងត្រូវបានចាត់ទុកថា ជាសាលាបណ្ដុះបណ្ដាលជំនាញទំនាក់ទំនង និងសារព័ត៌មានដំបូងគេបំផុតនៅក្នុងប្រទេសកម្ពុជា។
DMC មានទទួលសិស្សទាំងថ្នាក់អាហារូបករណ៍ និងថ្នាក់បង់ថ្លៃ ដោយជារៀងរាល់ឆ្នាំសិស្សរង្វង់៦០នាក់ត្រូវបានប្រឡងជ្រើសរើសឱ្យចូលរៀននៅទីនេះ។ ដោយឡែកសម្រាប់ឆ្នាំនេះវិញ ដេប៉ាតឹម៉ង់បានបង្កើនចំនួនសិស្សឱ្យចូលរៀនរហូតដល់៩០នាក់ ក្នុងនោះ ២ថ្នាក់ជាថ្នាក់បង់ថ្លៃ(៦០នាក់) និងមួយថ្នាក់ទៀតជាថ្នាក់អាហារូបករណ៍(៣០នាក់)។
គួរបញ្ជាក់ថា ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍(DMC) ផ្ដោតសំខាន់ខ្លាំងលើជំនាញសារព័ត៌មានដោយមានរួមបញ្ចូលទាំង ការសរសេរព័ត៌មាន ការថតរូបបែបសារព័ត៌មាន និងការផលិតវីដេអូជាដើម។ ដោយឡែក សម្រាប់អ្នកស្រលាញ់ខាង Film វិញក៏អាចជ្រើសរើស DMC សម្រាប់បន្តរៀនសូត្រនូវអ្វីដែលខ្លួនស្រលាញ់ ព្រោះទីនេះក៏បានផ្ដល់ឱកាស និងបណ្ដុះជំនាញផលិតខ្សែភាពយន្ត ឬការផលិតវីដេអូនានា។ បច្ចុប្បន្ន ដេប៉ាតឹម៉ង់មិនទាន់មានកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រលើជំនាញផលិតខ្សែភាពយន្ត(Film) នៅឡើយទេ ប៉ុន្តែនៅពេលខាងមុខនេះ DMC នឹងរៀបចំជាសាលាបណ្ដុះបណ្ដាលភាពយន្តផ្លូវការដំបូងគេបង្អង់នៅក្នុងប្រទេសកម្ពុជា ដើម្បីរួមចំណែកអភិវឌ្ឍវិស័យភាពយន្តខ្មែរឱ្យកាន់តែមានភាពប្រសើរឡើង។
រីឯការសិក្សានៅទីនេះវិញ ក៏មានភាពខុសប្លែកពីសាលាដទៃផ្សេងទៀតដែរ ដោយដេប៉ាតឺម៉ង់មានបញ្ចូលនៅមុខវិជ្ជាអនុវត្តច្រើន ជាពិសេសគឺការប្រើប្រាស់ភាសាអង់គ្លេសជាគោល ជាមួយនឹងសាស្ត្រាចារ្យទាំងជាតិ និងអន្តរជាតិដែលមានបទពិសោធន៍ច្រើនឆ្នាំ និងវិជ្ជាជីវៈត្រឹមត្រូវគួរជាទីទុកចិត្តក្នុងវិស័យនេះ។ សិស្សរៀននៅ DMC តែងទទួលបានឱកាសច្រើនទៅបន្តការសិក្សាឬហាត់ការនៅក្រៅប្រទេស ជាពិសេសប្រទេសអាល្លឺម៉ង់៕
ដោយ៖ San Sreynich
កែសម្រួល៖ Ngay Nai
រូបភាព៖ Pexels