ក្រោយទទួលបានការតែងតាំង រដ្ឋមន្រ្តីថ្មីក្រសួងសុខាភិបាលខិតខំជំរុញបង្ខិតសេវាថែទាំសុខភាព ឱ្យបានកាន់តែគៀកប្រជាពលរដ្ឋ
នាពេលថ្មីៗនេះ បន្ទាប់ពីការទទួលបានភារកិច្ចជារដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា និងប្រតិភូក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យការផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋ និងពិនិត្យហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានសាធារណៈសុខាភិបាល នៅមន្ទីរពេទ្យបង្អែកខេត្តមួយចំនួនដូចជា កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យជាដើម។
ការអញ្ជើញចុះពិនិត្យការផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋមានគោលបំណងពិនិត្យវឌ្ឍនភាពវិស័យសុខាភិបាល រួមទាំងបញ្ហាប្រឈមនានា ដើម្បីជំរុញសេវាថែទាំសុខភាពនៅក្នុងខេត្ដនេះ ឱ្យកាន់តែធានាបាននូវគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសមធម៌ ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអណត្តិទី៧ ជំរុញបង្ខិតសេវាថែទាំសុខភាព ឱ្យបានកាន់តែគៀកប្រជាពលរដ្ឋ។
ឯកឧត្តមសាស្ដ្រាចារ្យរដ្ឋមន្រ្តី ក៏បានផ្តល់អនុសាសន៍គន្លឹះសំខាន់ៗ ក្នុងការប្រតិបត្តិឱ្យទទួលបានជោគជ័យ និងថ្លែងអំណរគុណ ព្រមទាំងកោតសរសើរដល់មន្ដ្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំបំពេញការងារបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋប្រកបដោយស្មារតីទទួលខុសត្រូវ និងក្រមសីលធម៌វិជ្ជាជីវ:ខ្ពស់។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី មានសង្ឃឹមយ៉ាងមុតមាំថា ដោយមានសហការគាំទ្រពីអាជ្ញាធរមូលដ្ឋាន មន្រ្តីសុខាភិបាល នឹងចូលរួមអនុវត្តគោលនយោបាយយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ឱ្យទទួលបានជោគជ័យ។
សូមជម្រាបថា បន្ទាប់ពីរដ្ឋសភានីតិកាលទី៧ បានអនុម័តតែងតាំងជាផ្លូវការនូវគណៈរដ្ឋមន្ត្រីថ្មី សមាសភាពគណៈរដ្ឋមន្ត្រីដែលជាក្បាលម៉ាស៊ិនដ៏សំខាន់គ្រប់រូប បានចាប់ផ្ដើមភារកិច្ចថ្មីរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវ ស្របតាមគោលនយោបាយក្រោមការដឹកនាំរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត៕