ឱកាសល្អៗសម្រាប់និស្សិតកម្ពុជា! ក្រសួងអប់រំ បានចុះកិច្ចព្រមព្រៀងជាមួយគ្នាលើវិស័យអប់រំជាមួយសាកលវិទ្យាល័យថៃ
ឯកឧត្តមបណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយនឹងសាកលវិទ្យាល័យ Prince of Songkla University នៃព្រះរាជាណាចក្រថៃ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣នេះ ក្នុងគោលដៅលេីកកម្ពស់កិច្ចសហប្រតិបត្តិការវិស័យអប់រំរវាងភាគីទាំងពីរ។
ក្នុងឱកាសនេះ គណៈប្រតិភូសាកលវិទ្យាល័យបានសម្ដែងនូវអំណរសាទរ និងសេចក្ដីរីករាយបំផុតដែលនិស្សិតកម្ពុជាគ្រប់រូបមានអាកប្បកិរិយាល្អ ក្នុងអំឡុងពេលសិក្សា ហើយបានខិតខំសិក្សារៀនសូត្រអស់ពីកម្លាំងកាយចិត្តរហូតទទួលបានជោគជ័យគួរជាទីមោទនសម្រាប់ជាទុន ត្រឡប់មកចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ។
សាកល វិទ្យាល័យ Prince of Songkla University នឹងបន្តកិច្ចខិតខំពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ជាមួយព្រះរាជាណាចក្រកម្ពុជា តាមរយៈសកម្មភាព ផ្លាស់ប្ដូរការសិក្សា ការផ្ដល់អាហារូបករណ៍ និងការគាំទ្រផ្សេងៗ ជាពិសេសផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ក៏ដូចជាតាមរយៈ ការចុះកិច្ចព្រមព្រៀងលើវិស័យអប់រំ ជាមួយក្រសួងអប់រំ យុវជន និងកីឡា និងជាមួយបណ្ដាសាកលវិទ្យាល័យនានាក្នុងព្រះរាជាណាចក្រកម្ពុជា។
កន្លងមក សាកលវិទ្យាល័យ Prince of Songkla University បានចូលរួមចំណែកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ដល់និស្សិត កម្ពុជា តាមរយៈគម្រោងព្រះរាជឧបត្ថម្ភដល់ព្រះរាជាណាចក្រកម្ពុជាលើវិស័យអប់រំ របស់ព្រះអង្គម្ចាស់ក្សត្រីយ៍ មហាចក្រី សិរិនថន នៃព្រះរាជាណាចក្រថៃ ចាប់តាំងពីឆ្នាំ២០១២ មកទល់បច្ចុប្បន្ន។ តាមរយៈគម្រោងនេះ និស្សិតកម្ពុជាសរុបចំនួន ១៥២នាក់ បានសិក្សានៅព្រះរាជាណាចក្រថៃ ក្នុងនោះបានបញ្ចប់ការសិក្សាចំនួន ១១៧នាក់។ ចំនួននិស្សិតកម្ពុជាសរុបដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ តាមរយៈគម្រោងផ្ដល់អាហារូបករណ៍គ្រប់គម្រោង មានសរុបចំនួន ១៦៩នាក់។
សាកលវិទ្យាល័យ Prince of Songkla University បាននិងកំពុងកៀរគរអតីតនិស្សិតកម្ពុជា ដើម្បីបង្កើតសមាគមអតីតនិស្សិតកម្ពុជានៃ Prince of Songkla University ក្នុងគោលបំណងរក្សាទំនាក់ទំនង សម្ព័ន្ធភាព សាមគ្គីភាព ក្នុងចំណោមអតីតនិស្សិត ក៏ដូចជាជាមួយសាកលវិទ្យាល័យ និងដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវព័ត៌មានពាក់ព័ន្ធនឹងអាហារូបករណ៍ ការសិក្សានៅ Prince of Songkla University កម្មវិធីផ្សេងៗរបស់សាកលវិទ្យាល័យ ព័ត៌មានបច្ចុប្បន្នអំពីភាពជោគជ័យរបស់ និស្សិត ក្រោយ បញ្ចប់ការសិក្សា និងដើម្បីរៀបចំការជួបជុំជាមួយតំណាងសាកលវិទ្យាល័យជាប្រចាំក្នុងដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជានាពេលបន្តបន្ទាប់៕
ប្រភព: MoEYS CAMBODIA