សមាគមសាលាត្រាជូ ចុះហត្ថលេខាលើអនុស្សរណៈជំរុញការបណ្ដុះបណ្ដាល និងផ្សព្វផ្សាយច្បាប់ឱ្យកាន់តែមានប្រសិទ្ធភាព
កាលពីព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣នេះ សមាគមសាលាត្រាជូ ដឹកនាំដោយ ឯកឧត្ដម ទី ហ្សានិត បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយក្រុមហ៊ុនមេធាវី ដ័ន&ដ័ន ភ្នំពេញ ដឹកនាំដោយលោក នី ចាន់ឌី ប្រធាន និងជាមេធាវីនៃក្រុមហ៊ុនមេធាវីដ័ន&ដ័ន ភ្នំពេញ លើក្របខណ្ឌស្ដីពី «កិច្ចសហប្រតិបត្ដិការក្នុងការជំរុញ និងលើកកម្ពស់ការបណ្ដុះបណ្ដាល ស្រាវជ្រាវ និងផ្សព្វផ្សាយច្បាប់របស់សមាគមសាលាត្រាជូ»។
ក្នុងជំនួបនេះ ឯកឧត្ដម ទី ហ្សានិត ប្រធានគណៈកម្មការប្រតិបត្តិសមាគមសាលាត្រាជូ បានរាយការណ៍ដោយសង្ខេបអំពីរបាយការណ៍សមិទ្ធផលសង្ខេបរបស់សមាគម ជូនលោក នី ចាន់ឌី និងប្រតិភូរបស់ក្រុមហ៊ុនមេធាវីដ័ន&ដ័ន ភ្នំពេញផងដែរ។ ឯកឧត្តមបានលើកឡើងថា ការចុះអនុស្សរណៈនាថ្ងៃនេះ ពិតជាបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញការបណ្ដុះបណ្ដាល និងផ្សព្វផ្សាយច្បាប់ ព្រមទាំងបង្កើតទំនាក់ទំនងល្អបន្ថែមទៀតជាមួយស្ថាប័នជាដៃគូសហការអោយកាន់តែមានភាពជិតសិ្នទ្ធ និងជាពិសេស ការផ្ដល់ឱកាស និងពង្រឹងសមត្ថភាពបន្ថែមទៀតជូនដល់និស្សិតកម្មសិក្សាការីសមាគមសាលាត្រាជូ។
បន្ទាប់ពីបានស្ដាប់ការរាយការណ៍រួចមក លោក នី ចាន់ឌី ប្រធាននៃក្រុមហ៊ុនមេធាវីដ័ន&ដ័ន ភ្នំពេញ បានកោតសរសើរចំពោះសមិទ្ធផល និងសកម្មភាពរបស់សមាគម និងរីករាយដែលបានចូលរួមសហការជាមួយសមាគមសាលាត្រាជូ តាមរយៈការចុះអនុស្សរណៈយោគយល់គ្នានាថ្ងៃនេះ។
សូមបញ្ជាក់ថា អនុស្សរណៈយោគយល់គ្នានេះត្រូវបានធ្វើឡើងក្នុងគោលបំណងសំខាន់ចំនួន ២ ដែលទី១៖ លើកកម្ពស់សមត្ថភាពនិស្សិតកម្មសិក្សាការីនៃសមាគមសាលាត្រាជូ ឱ្យទទួលបានចំណេះដឹងផ្នែកទ្រឹស្តីបន្ថែម និងផ្នែកអនុវត្តដោយផ្ទាល់ តាមរយៈការបណ្ដុះបណ្ដាលពហុមុខវិជ្ជា ជាមួយអ្នកជំនាញការច្បាប់ដែលមានបទពិសោធទាំងផ្នែកស្រាវជ្រាវ និងអនុវត្ដ។ និងទី២៖ ជំរុញកាលានុវត្តភាពថ្មីៗបន្ថែមទៀតជូនដល់និស្សិតច្បាប់នៅកម្ពុជា តាមរយៈការផ្ដល់ឱកាសចុះហាត់ការ និងអនុវត្តដោយផ្ទាល់ ក្នុងគោលបំណងបញ្ចូលនិស្សិតកម្មសិក្សាការីទៅក្នុងទីផ្សារការងារប្រកបដោយគុណភាព និងសីលធម៌៕