|

«កសិករកម្ពុជាកំពុងក្លាយជាអ្នកចូលរួមចំណែកដ៏សំខាន់មួយក្នុងការលេីកស្ទួយសន្តិសុខស្បៀងជាតិ និងពិភពលោក»


នេះជាការលើកឡើងរបស់ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម។ លោកបានបញ្ជាក់ថា៖ «កសិករកម្ពុជាកំពុងក្លាយជាអ្នកចូលរួមចំណែកដ៏សំខាន់មួយក្នុងការលេីកស្ទួយសន្តិសុខស្បៀងជាតិ និងពិភពលោក» ជាពិសេសនៅពេលដែលពិភពលោកកំពុងប្រឈមនឹងបញ្ហាស្បៀងបន្ទាប់ពីសង្រ្គាមនៅអ៊ុយក្រែន និងឥណ្ឌាដែលជាប្រទេសនាំអង្ករចេញច្រេីនជាងគេលេីពិភពលោកហើយត្រូវបានហាមមិនឲ្យមានការនាំចេញអង្ករសធម្មតាដេីម្បីរក្សាសន្តិស្បៀងក្នុងប្រទេសខ្លួន។

ជាមធ្យមកសិករកម្ពុជាផលិតស្រូវសរុបបាន ១២ លានតោនក្នុងមួយឆ្នាំ គឺលេីស៦ លានតោនសម្រាប់នាំចេញ ដែលធ្វេីឲ្យកម្ពុជាក្លាយជាប្រទេសនាំស្រូវអង្ករចេញជាប់លេខរៀងទី៨នៅលេីពិភពលោក។

ទន្ទឹមនឹងនេះកម្ពុជាក៏នៅមានសក្តានុពលខ្ពស់ក្នុងការបង្កេីនផលិតកម្មស្រូវនៅលេីផ្ទៃដីដែលមានស្រាប់ និងពង្រីកទីផ្សារអង្ករនៅក្រៅប្រទេសថែមទៀតជាពិសេសតាមរយ:គោលនយោបាយដាក់ពង្រាយមន្រ្តីកសិកម្មឃុំ ការកសាងសហគមន៍កសិកម្មឬសមាគមកសិករផ្សារភ្ជាប់មកទីផ្សារតាមរយ:យន្តការកិច្ចសន្យាកសិកម្ម គោលនយោបាយហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាលជាមួយកញ្ចប់ថវិកាជាង ១០០ លានដុល្លារដេីម្បីដោះស្រាយបញ្ហាទីផ្សារនិងរក្សាលំនឹងថ្លៃស្រូវ ការបន្តការអភិវឌ្ឍប្រព័ន្ធធារាសាស្រ្តឲ្យបានទូលំទូលាយ និងគោលនយោបាយពាក់ព័ន្ធផ្សេងទៀតផងដែរ។

សូមជម្រាបថា វិស័យកសិកម្មត្រូវបានចាត់ទុកជាវិស័យអាទិភាពមួយ ក្នុងចំណោមវិស័យសំខាន់ៗដទៃទៀតសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។ តាមរយៈការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ការដាក់ចេញនូវយុទ្ធសាស្ត្រសំខាន់ៗរបស់ក្រសួងកសិកម្ម រួមទាំងការរួមចំណែកពីប្រជាកសិករ បាននាំឱ្យការនាំចេញកសិផលកម្ពុជាកើនឡើងជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕