ដឹងសមាសភាពមនុស្សទាំង៥នាក់ ដែលបាត់ខ្លួនជាមួយនាវាមុជទឹកTitan ក្នុងដំណើរទស្សនកិច្ចមើលកប៉ាល់ខ្មោច Titanic នៅសមុទ្រអាត្លង់តិក


ការបាត់ខ្លួននៃនាវាមុខទឹកមួយគ្រឿង នៅក្នុងសមុទ្រអាត្លង់តិក បានបង្កការភ្ញាក់ផ្អើល និងចម្ងល់យ៉ាងខ្លាំងសម្រាប់ពិភពលោក។ រហូតមកទល់ពេលនេះ គេនៅពុំទាន់រកឃើញនាវាមុជទឹកមួយនេះឡើយ បើទោះបីជាប្រតិបត្តិករអាមេរិក និងកាណាដា កំពុងខិតខំប្រឹងប្រែងរុករក កំណត់ទីតាំង ដើម្បីសង្គ្រោះជីវិតមនុស្ស ៥នាក់នៅក្នុងនោះ មុនពេលវានាមុខទឹកនោះអស់អុកស៊ីសែន។

យោងតាមប្រភពសាច់ញាតិ ក្រុមគ្រួសារដែលបានបង្ហោះ បានឱ្យដឹងថា នាយកប្រតិបត្តិ OceanGate និងជាស្ថាបនិក Stockton Rush ក៏ស្ថិតក្នុងចំណោមអ្នកទាំងប្រាំ ដែលកំពុងបាត់ខ្លួនជាមួយនាវាមុជទឹកនេះដែរ។ ចំណែក៤នាក់ផ្សេងទៀត គឺជាអ្នកជំនួញជនជាតិអង់គ្លេស Hamish Harding;  មហាសេដ្ឋីប៉ាគីស្ថាន Shahzada Dawood និងកូនប្រុសរបស់គាត់ឈ្មោះ Sulaiman Dawood;  និងអ្នកមុជទឹកបារាំង Paul-Henri Nargeolet។

ក្រុមហ៊ុន OceanGate បានថ្លែងក្នុងសេចក្ដីថ្លែងការណ៍មួយថា គ្រប់ជំហានដែលអាចធ្វើទៅបានគឺត្រូវបានចាត់វិធានការយ៉ាងហ្មត់ចត់ ដើម្បីនាំសមាជិកទាំងប្រាំនាក់ត្រឡប់មកវិញដោយសុវត្ថិភាព។ លុះដល់ព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣នេះ ឆ្នាំសមុទ្រអាមេរិកបានប្រកាសថា ក្រុមអ្នករុករកបានលឺសំឡេងគោះរៀងរាល់៣០វិនាទីម្ដង ចេញពីសមុទ្រសមុទ្រអាត្លង់តិកខាងជើង ហើយក្រុមអ្នកជំនាញក៏កំពុងមហាញឹកក្នុងការពង្រាយកម្លាំងស្វែងរកបន្ថែមទៀត។

គួរបញ្ជាក់ថា នាវាមុជទឹកដែលដឹកមនុស្ស៥នាក់ បានបាត់ទំនាក់ទំនងកាលពីថ្ងៃអាទិត្យកន្លងទៅនេះ បន្ទាប់ពីការមុជចូលទៅបាតសមុទ្រ ១ម៉ោង និង៤៥នាទី ដើម្បីនាំអ្នកទេសចរទៅមើលកប៉ាល់ Titanic ដោយអ្នកទេសចរទាំងនោះ ត្រូវបង់ប្រាក់ចំនួន ២៥០,០០០ដុល្លារ ហើយនៅក្នុងនាវានោះមានអុកស៊ីសែនផ្គត់ផ្គង់ចំនួន ៩៦ម៉ោងប៉ុណ្ណោះ៕ 

ប្រភព៖ BBC NEWS