ហេតុអ្វីបានជានិស្សិតជាច្រើន មានការចាប់អារម្មណ៍ច្រើនលើមុខសិក្សាអន្តរជាតិ(DIS)?
ខណៈដែលពិភពលោកកំពុងវិវត្តទៅមុខយ៉ាងឆាប់រហ័ស សមាហរណកម្មរវាងប្រទេស និងប្រទេសកាន់តែមានភាពទូលំទូលាយ។ ទំនាក់ទំនងក្នុង និងក្រៅតំបន់ គឺជាគោលនយោបាយដ៏ចាំបាច់ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើទិដ្ឋភាពនានាដូចជាសេដ្ឋកិច្ច ពាណិជ្ជកម្ម នយោបាយ ការអប់រំ វប្បធម៌ កីឡាជាដើម។ ផ្អែលលើមូលដ្ឋាននេះ ជាកត្តាជំរុញយុវជនជំនាន់ក្រោយដូចជា សិស្ស និស្សិតជាច្រើនងាកមកចាប់អារម្មណ៍លើនិន្នាការ និងព្រឹត្តិការណ៍ពិភពលោកដែលកំពុងផ្លាស់ប្ដូរយ៉ាងលឿននេះ។
ដោយសារតែតម្រូវការផ្នែកទំនាក់ទំនងទាំងការចង់ដឹង ចង់លឺទៅលើបញ្ហាទាំងអស់នេះ បានធ្វើឱ្យមុខវិជ្ជាសិក្សាអន្តរជាតិ(DIS) បានក្លាយទៅជាមុខវិជ្ជាសិក្សាដែលពេញនិយម និងជាទីចាប់អារម្មណ៍នៃនិស្សិតនៅតាមសាកលវិទ្យាល័យនានា នាពេលបច្ចុប្បន្ននេះ។
តើអ្វីជាមុខជំនាញសិក្សាអន្តរជាតិ? តើមុខវិជ្ជានេះមានលក្ខណៈពិសេសបែបណាខ្លះសម្រាប់និស្សិត?
លោក អេល ថាវ៉ាន់លី និស្សិតដេប៉ាតឺម៉ង់សិក្សាអន្តរជាតិនៃវិទ្យាស្ថានភាសាបរទេស(IFL) សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានចែកជាមួយ Brandmedia ថាសិក្សាអន្តរជាតិ គឺជាការសិក្សាផ្ដោតលើសំខាន់លើរឿងរ៉ាវសំខាន់ៗរបស់ពិភពលោក ស្វែងយល់អំពីសេដ្ឋកិច្ច នយោបាយក្នុងតំបន់ និងជុំវិញពិភពលោក រួមទាំងទំនាក់ទំនងទូទៅនៃអន្តរជាតិផងដែរ។ ក្នុងការសិក្សានេះ ក៏មានការលើកកយកនូវទ្រឹស្ដីផ្សេងៗគ្នា ដែលទាមទារឱ្យនិស្សិតត្រូវមានការស្វែងយល់ឱ្យបានច្រើន អាន និងគិតឱ្យបានច្រើន និងបណ្ដុះនិស្សិតឱ្យមានភាពបត់បែនខ្លាំងនៃគំនិត។
ដូច្នេះ ការសិក្សាលើមុខជំនាញនេះ ទាមទារឱ្យនិស្សិតមានការត្រៀមលក្ខណៈឱ្យបានច្រើនដូចជាការស្វែងយល់លើភាសាបរទេស ការចេះវិភាគ ភាពក្លាហានក្នុងការចេះជជីកដេញដោល មានចំណេះដឹងលើទិដ្ឋភាពប្រវត្តិសាស្ត្រក្នុង និងក្រៅតំបន់ សេដ្ឋកិច្ច រួមទាំងចំណេះដឹងលើផ្នែកនយោបាយពិភពលោកជាដើម ដើម្បីឱ្យយើងបានដឹងពីមូលដ្ឋានគ្រឹះសំខាន់ៗក្នុងការសិក្សាលើមុខវិជ្ជានេះបានដោយរលូន។
និស្សិតឆ្នាំទី៣រូបនេះ បានឱ្យដឹងថា ចំណុចពិសេសមួយគឺកម្មវិធីសិក្សានៃមុខជំនាញនេះ លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ លើកទឹកចិត្តឱ្យនិស្សិតទាំងអស់បញ្ចេញគំនិត មតិយោបល់ មានការជជែកពិភាក្សាលើប្រធានបទនីមួយៗ ដើម្បីបណ្ដុះឥរិយាបថនិស្សិតឱ្យក្លាហាន ហ៊ានលើកឡើង និងការអះអាងដោយភ្ជាប់ជាមួយអំណះអំណាងច្បាស់លាស់ ជាពិសេសគឺនិស្សិតទទួលបានចំណេះដឹងទូលំទូលាយអំពីបញ្ហាសកលលោក ក៏ដូចជាអាចឱ្យនិស្សិតពង្រឹងសមត្ថភាពឆ្លើយតបដោយត្រង់ទៅនឹងអ្វីដែលជាជំនាញសតវត្សទី២១។
ថាវ៉ាន់លី បានបន្តថា តាមការសង្កេតរបស់ខ្លួន បច្ចុប្បន្ននេះ ដេប៉ាតឺម៉ង់សិក្សាអន្តរជាតិ កំពុងទទួលបានប្រជាប្រិយភាពច្រើនពីសំណាក់និស្សិតពីមួយឆ្នាំទៅមួយឆ្នាំ។ ជាមួយគ្នានេះ ឱកាសទីផ្សារការងារសម្រាប់និស្សិតដែលបានបញ្ចប់ការសិក្សាលើមុខជំនាញនេះ មានភាពទូលំទូលាយ អាចបម្រើការងារតាមស្ថាប័ននានា ឬអង្គការក្រៅរដ្ឋាភិបាល ជាមន្ត្រីរាជការតាមក្រសួង ក៏ដូចជាឱកាសការងារនៅក្រៅប្រទេសផងដែរ៕
By: Kimchhae Phatt