អ្វីជាមូលហេតុ នៅពីក្រោយមហិច្ឆតាប្រែក្លាយខ្លួនជាអធិរាជចន្ទីរបស់កម្ពុជា?


បច្ចុប្បន្ននេះ ទីផ្សារនាំចេញរបស់ស្វាយចន្ទីកំពុងមានសម្ទុះយ៉ាងខ្លាំង។ យោងតាមទិន្នន័យរបស់ក្រសួងកសិកម្មបានឱ្យដឹងថា បច្ចុប្បន្ននេះស្វាយចន្ទីជាប់ចំណាត់ថ្នាក់លេខ៣ជាកសិផលនាំចេញ ទៅក្រៅប្រទេសច្រើនជាងគេ បន្ទាប់ពីដំណាំស្រូវ និងដំឡូងមី។ ជាមួយគ្នានេះ កម្ពុជា ក៏ត្រូវបានពិភពលោកទទួលស្គាល់ថាជាប្រទេសកំពុងប្រកួតប្រជែងយកលេខមួយពីប្រទេសកូដូវ័រ លើការផលិតគ្រាប់ចន្ទីដែលមិនទាន់កែច្នៃ រហូតដល់ជាង១លានតោន ក្នុងមួយឆ្នាំ។

ដោយឡែកនាពេលថ្មីៗនេះ ក្រុមហ៊ុនកែច្នៃស្វាយចន្ទីធំៗជាច្រើន មកពីប្រទេសវៀតណាម ឥណ្ឌា ប្រេស៊ីល និងក្រុមហ៊ុននាំចេញស្វាយចន្ទីកែច្នៃរួច នៅប្រទេសវៀតណាម អាមេរិក អូស្រ្តាលី ចិន ឥណ្ឌា ហ្វីលីពីន ជាដើម បានស្នើសុំជួបប្រធានសហព័ន្ធស្វាយចន្ទីកម្ពុជា ដើម្បីសហការ និងវិនិយោគលើការកែច្នៃស្វាយចន្ទីនៅកម្ពុជា។ ក្នុងនោះវៀតណាម បានស្នើសុំការចុះ MOU ជាមួយសមាគមន៍ស្វាយចន្ទីកម្ពុជា និងបន្តស្វែងរកការសហការជាមួយស្ថាប័នពាក់ព័ន្ធស្វាយចន្ទីដទៃទៀតរបស់កម្ពុជាផងដែរ។

ដោយយល់ច្បាស់អំពីនិន្នាការរបស់ស្វាយចន្ទីពិភពលោក សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងក្នុងកម្មវិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយបានផ្តល់អនុសាសន៍ឱ្យត្រូវរួមគ្នាអនុវត្តគោលនយោបាយជាតិស្តីពីស្វាយចន្ទី ដើម្បីប្រែក្លាយកម្ពុជាទៅជាអធិរាជចន្ទី។

យ៉ាងណាមិញ ក្រសួង និងស្ថាប័នពាក់ព័ន្ធ ក៏បាននិងកំពុងខិតខំពង្រីកទីផ្សារ និងជំរុញឱ្យមានការវិនិយោគកាន់តែច្រើនលើវិស័យកែច្នែគ្រាប់ស្វាយចន្ទីនៅកម្ពុជាផងដែរ ដើម្បីជាការជួយអភិវឌ្ឍខ្សែច្រវ៉ាក់តម្លៃស្វាយចន្ទីទាំងមូលឱ្យបានជោគជ័យ និងប្រកបដោយនិរន្តរភាព។

គួរបញ្ជាក់ដែរថា កម្ពុជាបាននឹងកំពុងផលិតស្វាយចន្ទីមានគុណភាពប្រគួតប្រជែងនៅទីផ្សារជាតិ និងអន្តរជាតិដែលបានធ្វើការនាំចេញកើនឡើងជាបន្តបន្ទាប់ បើទោះបីជាស្ថិតក្នុងស្ថានភាពការរីករាលដាលនៃជំងឺកូវីត១៩ និងតម្រូវការផលិតផលកសិកម្មនាំចេញមានការថយចុះយ៉ាងណាក៏ដោយ ក៏គេសង្កេតឃើញថាស្វាយចន្ទីនៅតែជាដំណាំឧស្សាហកម្ម ដែលជាតម្រូវការចេញខ្ពស់ទៅកាន់ទីផ្សារអន្តរជាតិ៕

ប្រភព៖ ក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ, សហព័ន្ធស្វាយចន្ទីកម្ពុជា