|

«ល្ខោនបាសាក់នៅតែរក្សាប្រជាប្រិយភាពរបស់ខ្លួនក្នុងចំណោមប្រជាជនខ្មែរ»


ល្ខោនបាសាក់ ជាទម្រង់សិល្បៈបុរាណខ្មែរមួយប្រភេទ ដែលមានប្រភពមកពីល្ខោនទ្រើងឃ្លោក និងមានប្រវត្តិជាហូរហែជាយូរលង់ណាស់មកហើយ។ ចំណុចដែលធ្វើឱ្យសិល្បៈបុរាណដ៏ចំណាស់មួយនេះ នៅតែអាចរក្សាប្រជាប្រិយភាពមកដល់បច្ចុប្បន្ន គឺការសម្ដែងអាចតម្រូវទឹកចិត្តទស្សនិកជនគ្រប់មជ្ឈដ្ឋានទាំងអ្នកស្រែចម្ការ អ្នកផ្សារ សិស្ស និស្សិត បញ្ញវន្ត និងប្រជាជនគ្រប់ស្រទាប់វណ្ណៈ។

ថ្មីៗនេះ ឯកឧត្តម ខៀវ កាយារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបង្ហាញរូបភាពប៉ុន្មានសន្លឹកដោយបង្ហាញពីការគាំទ្ររបស់បងប្អូនប្រជាពលរដ្ឋខ្មែរយ៉ាងច្រើនកុះករ ដែលបានចូលរួមទស្សនាការសម្ដែងរបស់ក្រុមល្ខោនបាសាក់ អុល សំអាង បានសម្ដែងនៅវត្តសណ្ដារ ស្រុកលើកដែក ខេត្តកណ្ដាល។ តាមរយៈរូបភាពនៃការគាំទ្រ ឱ្យតម្លៃពីសំណាក់ប្រជាពលរដ្ឋខ្មែរតាំងពីបុរាណកាល និងបច្ចុប្បន្ននេះ គឺជាកត្តាដ៏សំខាន់ ក្នុងការចូលរួមលើកកម្កើង ថែរក្សាមរតកវប្បធម៌ដ៏មានតម្លៃនេះឱ្យបន្តនិរន្តរភាពទៅបាន។

ថ្វីដ្បិតតែ ស្ថិតក្នុងសម័យកាលជឿនលឿន ល្បែងកម្សាន្តទំនើបៗមានច្រើនយ៉ាងណាក្ដី តែប្រជាជនខ្មែរយើងនៅតែនិយមគាំទ្រល្ខោនបាសាក់ ជាពិសេសប្រជាជននៅតាមទីជនបទ។ លក្ខណៈពិសេសនៃល្ខោនបាសាក់ គឺកាយវិការមានភាពរហ័សរហួន ពិធីហោមរោង ប្រើបទភ្លេងហោមរោង របៀបបង្ហាញតួ គឺតួសម្ដែងពោលប្រាប់ឈ្មោះដោយខ្លួនឯង ការតែងឆាកដោយប្រើផ្ទាំងគំនូរ ប្រើឧបករណ៍តន្ត្រីច្រើនប្រភេទដូចជា ស្គរឡុក ទ្រ ឃឹម ឆាប ឡោ ប៉ាន់ជាដើម។ ដោយឡែក បទភ្លេងនិងចម្រៀងប្រើបទ មហោរី បាសាក់ បទបារាំងផងដែរ។ ជាមួយគ្នានេះ ការសម្ដែងល្ខោនបាសាក់ ការតុបតែងលម្អនៅលើរាងកាយរបស់តួសម្ដែង គឺជារឿងដ៏សំខាន់។ គ្រឿងលម្អមានដូចជា សម្លៀកបំពាក់ គ្រឿងអលង្ការ ដែលត្រូវបានរចនាយ៉ាងប្លែកដើម្បីមានភាពទាក់ទាញ។ ក្នុងចំណោមគ្រឿងតុបតែងលម្អទាំងនេះ មានគ្រឿងលម្អសំខាន់ៗដែលមិនអាចខ្វះបានដូចជា ក្បាំង សូរ៉ង មកុដ ប៉ានដៃ និងណាជាដើម។

ទស្សនីយភាពល្ខោនបាសាក់ មិនត្រឹមតែជាការសម្ដែងសម្រាប់ការកម្សាន្តសប្បាយនោះទេ តែវាទម្រង់សិល្បៈខ្មែរ ដែលបានផ្សារភ្ជាប់យ៉ាងស្អិតរមួតទៅនឹងសិល្បៈវប្បធម៌ អរិយធម៌ តាមរយៈការលើកយករឿងបុរាណ អក្សរសិល្ប៍បុរាណ ទំនៀមទម្លាប់ប្រពៃណី ពុទ្ធប្រវត្តិនៃការអប់រំ សីលធម៌ គុណធម៌ និងការឆ្លុះបញ្ចាំងពីតថភាពក្នុងសង្គមមកសម្ដែង៕

រូបភាព៖ ក្រុមល្ខោនបាសាក់ អុល សំអាង