ត្រៀមៗ! បុណ្យទន្លេ ត្រូវបានសម្រេចធ្វើឡើងវិញនាដើមខែមីនាឆ្នាំនេះវិញហើយ ក្រោយអាក់ខានអស់រយៈពេល០២ឆ្នាំ ដោយសារវិបត្តិកូវីដ-១៩
យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍បានឱ្យដឹងថា រាជរដ្ឋាភិបាលបានសម្រេចរៀបចំពិធីបុណ្យទន្លេឡើងវិញ បន្ទាប់ពីបានផ្អាកអស់រយៈពេល២ឆ្នាំ ដោយសារវិបត្តិកូវីដ-១៩ ដោយបានជ្រើសរើសយកទីតាំងជាប់ដឹងស្ទឹងសែន ក្នុងទីរួមខេត្តកំពង់ធំ ដែលនឹងត្រូវប្រព្រឹត្តទៅនាដើមខែមីនា ឆ្នាំ២០២៣ខាងមុខ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចគតិព្រឹទ្ធបណ្ឌិត។
មានប្រសាសន៍ក្នុងកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យទន្លេលើកទី៧នេះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានឱ្យដឹងថា ជាមួយនឹងការគ្រប់គ្រងស្ថានការណ៍កូវីដ-១៩ បានល្អប្រសើរឡើងវិញ រាជរដ្ឋាភិបាលបានសម្រេចរៀបចំពិធីបុណ្យទន្លេនេះឡើងជាថ្មី នៅខេត្តកំពង់ធំ ចាប់ពីថ្ងៃទី៨-១០ ខែមីនា ឆ្នាំ២០២៣ខាងមុខ ហើយក៏អាចបន្តដល់ថ្ងៃទី១១ និង១២ ថែមទៀត ព្រោះចំថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។
ឯកឧត្តម បានបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍នេះត្រូវបានមានការតាំងពិពរណ៍ផលិតផលក្នុងស្រុកទាំងឡាយ ដែលបានពីការផលិតរបស់ប្រជាពលរដ្ឋក្នុងស្រុក។ ចំពោះពិព័រណ៍ផលិតផលក្នុងស្រុកនេះដែរ លោកចង់ជំរុញឱ្យមានផលិតផលសិប្បកម្ម កសិកម្ម យកមកតាំងលក់ក្នុងព្រឹត្តិការណ៍នេះឱ្យបានច្រើនបំផុត ដើម្បីជំរុញការនាំចេញនៅនឹងកន្លែង។ ក្រៅពីនេះ ក៏ត្រូវបង្ហាញពីសក្ដានុពលវប្បធម៌ តំបន់ប្រវត្តិសាស្ត្រ ដើម្បីបង្ហាញដល់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរបានយល់ថា កម្ពុជាមានប្រវត្តិសាស្ត្រ មានវប្បធម៌យូរលង់មកហើយ«កម្ពុជា ព្រះរាជាណាចក្រវប្បធម៌ ព្រះរាជាណាចក្រទឹក»។
គួរជម្រាបផងដែរថា ពិធីបុណ្យទន្លេត្រូវបានរៀបចំចំនួន៦លើកមកហើយ ក្នុងនោះនៅឆ្នាំ២០១៥ ធ្វើនៅខេត្តក្រចេះ ឆ្នាំ២០១៦ ធ្វើនៅខេត្តស្ទឹងត្រែង ឆ្នាំ២០១៧ ធ្វើនៅខេត្តកំពង់ចាម និងត្បូងឃ្មុំ ឆ្នាំ២០១៨ ធ្វើនៅខេត្តកណ្ដាល ឆ្នាំ២០១៩ ធ្វើនៅខេត្តកំពង់ឆ្នាំង និងឆ្នាំ២០២០ ធ្វើនៅខេត្តបាត់ដំបង៕
ប្រភព៖ ក្រសួងទេសចរណ៍