«ពិភពលោកត្រូវការយ៉ាងខ្លាំងនូវភាពឈ្លាសវៃ និងការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំទាំងអស់» ស្របពេលស្ថានការណ៍កាន់តែតានតឹង


ក្នុងនាមជាប្រធានអាស៊ានប្ដូរវេនឆ្នាំនេះ កម្ពុជាទទួលស្គាល់ថាយើងបានប្រឈមនឹងបញ្ហាផ្ទួនៗជាច្រើនដែលមិនធ្លាប់មាន ដែលទាមទារឱ្យមានដំណោះស្រាយរួមគ្នារវាងបណ្ដាប្រទេសជាសមាជិក។ កត្តាគ្រោះធម្មជាតិ ការប្រែប្រួលអាកាសធាតុ បញ្ហាជំងឺឆ្លង ជាពិសេសការប្រឈមគ្នារវាងមហាអំណាចធំៗ បានជះឥទ្ធិពលអវិជ្ជមាន ធ្វើឱ្យមានភាពច្របូកច្របល់ ហើយស្ថានការណ៍កាន់តែតឹងតែងឡើងក្នុងប្រទេសនានាលើពិភពលោក។

ដោយយោងទៅតាមសេចក្ដីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទសអាស៊ានស្ដីអំពីការវិវត្តឆ្លងច្រកសមុទ្រ កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២នេះ បានឱ្យដឹងថា អាស៊ានកំពុងសម្ដែងក្ដីបារម្ភចំពោះភាពផុយស្រួយនៃស្ថានការណ៍តំបន់ និងអន្តរជាតិ ដែលបង្កជាបញ្ហាដ៏ធ្ងន់ធ្ងរ និងកាន់តែអាក្រក់ឡើង។ ដើម្បីឆ្លើយតបទៅនឹងបញ្ហាទាំងនេះ អាស៊ានក៏បានត្រៀមខ្លួនរួចជាស្រេច និងស្នើឱ្យមានការរួបរួមគ្នាដើម្បីសម្របសម្រួល ដើម្បីសន្តិភាព និងការអភិវឌ្ឍសម្រាប់ក្នុង និងក្រៅតំបន់។

គួរបញ្ជាក់ផងដែរថា ​សេចក្ដីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទសអាស៊ានស្ដីអំពីការវិវត្តឆ្លងច្រកសមុទ្រនេះ មានខ្លឹមសារសំខាន់ៗ៤ចំណុចដូចតទៅ៖

១.​ អាស៊ានមានការព្រួយបារម្ភចំពោះភាពផុយស្រួយ នៃស្ថានការណ៍តំបន់និងអន្តរជាតិ ជាពិសេសការវិវឌ្ឍថ្មីៗនេះនៅតំបន់ក្បែរអាស៊ាន ដែលអាចបង្កអស្ថិរភាពដល់តំបន់ ហើយអាចនឹងនាំឱ្យមានការគណនាខុស ការប្រឈមមុខដាក់គ្នាធ្ងន់ធ្ងរ ជម្លោះដោយចំហរ និងផលវិបាកដែលមិនអាចព្យាករណ៍បាន ក្នុងចំណោមមហាអំណាច។

២.​ អាស៊ានអំពាវនាវឱ្យមានការអត់ធ្មត់ជាអតិបរមា ចៀសវាងសកម្មភាពញុះញង់ ហើយប្រកាន់ខ្ជាប់គោលការណ៍នានា ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ និងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍។ យើងរំលឹកឡើងវិញពីការគាំទ្ររបស់ប្រទេសសមាជិកអាស៊ាន ចំពោះគោលនយោបាយចិនតែមួយ ដែលដាក់ចេញដោយប្រទេសនីមួយៗ។

៣. ពិភពលោកត្រូវការយ៉ាងខ្លាំងនូវភាពឈ្លាសវៃ និងការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំទាំងអស់ ក្នុងការប្រកាន់ខ្ជាប់ពហុភាគីនិយម និងភាពជាដៃគូ កិច្ចសហប្រតិបត្តិការ សន្តិសហវិជ្ជមាន និងការប្រកួតប្រជែងត្រឹមត្រូវ សម្រាប់គោលដៅរួមរបស់យើងគឺសន្តិភាព ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន។

៤. យើងគួរតែរួមគ្នា ហើយអាស៊ានត្រៀមខ្លួនជាស្រេច ក្នុងការដើរតួនាទីប្រកបដោយស្ថាបនាក្នុងការសម្របសម្រួលការសន្ទនាដោយសន្តិវិធី រវាងគ្រប់ភាគី រួមទាំងតាមរយៈការប្រើប្រាស់យន្តការដែលដឹកនាំដោយអាស៊ាន ដើម្បីបន្ធូរបន្ថយភាពតានតឹង ការពារសន្តិភាព សន្តិសុខ និងការអភិវឌ្ឍក្នុងតំបន់របស់យើង៕

ដោយ៖ ផាត់ គឹមឆែ
ប្រភព៖ Ministry of Foreign Affairs and International Cooperation-Cambodia