«អព្ភូតហេតុសេដ្ឋកិច្ចរបស់អាស៊ានមិនមែនបានដោយការប្រជែងខាងភូមិសាស្ត្រនយោបាយ ឬអំពើហិង្សានោះទេ តែតាមរយៈការឯកភាព និងកិច្ចសហប្រតិបត្តិការ»


ខណៈពេលដែលពិភពលោកប្រឈមមុខនឹងភាពមិនច្បាស់លាស់ចំពេលមានការផ្ទុះឡើងនៃជំងឺកូវីដ-១៩ និងវិបត្តិភូមិសាស្ត្រនយោបាយ កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ចរបស់អាស៊ាន បានកត់ត្រានូវសម្ទុះនៃកំណើនដ៏រឹងមាំ ដោយសម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់ ព្រមទាំងលទ្ធផលល្អនៃយុទ្ធនាការចាក់វ៉ាក់សាំងនៃបណ្ដាប្រទេសអាស៊ានផងដែរ។

ដោយឡែក សម្រាប់កម្ពុជាដែលក្នុងនាមជាប្រធានអាស៊ានប្ដូរវនក្នុងឆ្នាំនេះ បានធ្វើឱ្យសេដ្ឋកិច្ចស្ទុះងើបឡើងវិញយ៉ាងរហ័ស តាមរយៈកិច្ចសហប្រតិបត្តិការរវាងប្រទេសជាមិត្ត ក្នុងនោះប្រទេសចិន ជាតួអង្គដ៏សំខាន់ក្នុងការជំរុញឱ្យមានសម្ទុះរីកចម្រើននេះ។ ជាក់ស្ដែងនៅក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២២ ទំហំពាណិជ្ជកម្មចិន-កម្ពុជាបានឈានដល់ ៣.៧៥ ពាន់លានដុល្លារ កើនឡើង ៣៩.២ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ជាមួយនឹងអត្រាកំណើនជាប់ចំណាត់ថ្នាក់ទីមួយក្នុងចំណោមសមាជិកអាស៊ាន។  ការវិនិយោគផ្ទាល់ដែលមិនមែនហិរញ្ញវត្ថុរបស់ប្រទេសចិននៅក្នុងប្រទេសកម្ពុជា បានឈានដល់ ២០៦ លានដុល្លារ កើនឡើង ៣៥.២ ភាគរយ។  ខណៈពេលដែលការវិនិយោគរបស់កម្ពុជានៅក្នុងប្រទេសចិនបានកើនឡើងដល់ ២៤.៨៦ លានដុល្លារ កើនឡើង ២៥៥ ភាគរយធៀបនឹងឆ្នាំមុន។ ការពង្រឹងកិច្ចសហប្រតិបត្តិការ និងស្មារតីរួបរួម រវាងប្រទេសទាំងពីរបានរួមចំណែកក្នុងការកសាងសហគមន៍កម្ពុជា-ចិនឱ្យមានអនាគតរួមគ្នា ក៏ដូចជាជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចក្នុងតំបន់អាស៊ានទាំងមូលកាន់តែទូលំទូលាយ។

ជាមួយគ្នានេះ អាស៊ានគឺជាដៃគូពាណិជ្ជកម្មកំពូលរបស់ចិន  ដោយបានជាប់ចំណាត់ថ្នាក់លេខ ២ ពីសហរដ្ឋអាម៉េរិកក្នុងឆ្នាំ ២០១៩ ហើយបានបន្តទៅចំណុចកំពូលត្រឹមឆ្នាំទី ២ ប៉ុណ្ណោះ។  ជាមួយនឹង RCEP និងការរៀបចំពាណិជ្ជកម្មសេរីទ្វេភាគី ដូចជារវាងចិន និងកម្ពុជាចូលជាធរមាន ក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំ ២០២២ ពាណិជ្ជកម្មទ្វេភាគីបានកើនឡើង ៩.៤ ភាគរយដល់ចំនួន ២៩០ពាន់លានដុល្លារ ដែលស្មើនឹងពាក់កណ្តាលនៃពាណិជ្ជកម្មរបស់ប្រទេសចិន  ជាមួយសមាជិក RCEP ។ 

ពាក់ព័ន្ធនឹងបញ្ហានេះដែរ យោងតាមលោក Wang Wentian (Wang) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានលើកឡើងនៅក្នុងកិច្ចសម្ភាសន៍មួយដោយកត់សម្គាល់ថា អព្ភូតហេតុសេដ្ឋកិច្ចរបស់អាស៊ានត្រូវបានសម្រេចតាមរយៈការឯកភាព និងកិច្ចសហប្រតិបត្តិការ មិនមែនការប្រជែងគ្នាខាងភូមិសាស្ត្រនយោបាយ ឬអំពើហិង្សានោះទេ។ ប្រសិនបើ កិច្ចសហប្រតិបត្តការរវាងភាគីទាំងពីរកាន់តែជោគជ័យបន្តទៀតនោះ វាជាការចាំបាច់ដែលប្រទេសជាសមាជិកអាស៊ានទាំងអស់ ត្រូវរក្សាការប្តេជ្ញាចិត្តចំពោះមាគ៌ានៃជ័យជម្នះមួយនេះ។

ទន្ទឹមនឹងនេះ លោកអគ្គរដ្ឋទូតក៏បានលើកឡើងពីទំនាក់ទំនងអាស៊ាន-អាម៉េរិក តាមរយៈកិច្ចប្រជុំកំពូលពិសេស កាលពីពេលកន្លងទៅ ដោយលោកបានកោតសរសើរចំពោះការបញ្ចេញមតិជាវិជ្ជមាន នៅក្នុងការដឹកនាំរបស់មេដឹកនាំអាស៊ាន គឺសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយបានបំពេញភារកិច្ចជាមួយប្រទេសដែលមានចក្ខុវិស័យស្របគ្នា ក្នុងការអនុវត្តគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល និងគំនិតផ្តួចផ្តើមសន្តិសុខសកល ដើម្បីបំពេញតាមការរំពឹងទុកជាសកលសម្រាប់សន្តិភាពកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។

លោកបានបញ្ជាក់ផងដែរថា ក្នុងនាមជាភាគីពាក់ព័ន្ធក្នុងតំបន់ យើងសូមស្វាគមន៍ចំពោះការចូលរួមប្រកបដោយការស្ថាបនាក្នុងកិច្ចសហប្រតិបត្តិការក្នុងតំបន់ដោយប្រទេសក្រៅតំបន់ ដរាបណាទំនាក់ទំនងទាំងនោះជាការរួមចំណែកដល់សន្តិភាព ស្ថិរភាព សាមគ្គីភាព និងវិបុលភាពក្នុងតំបន់៕

ដោយ៖ ផាត់ គឹមឆែ
កែសម្រួលដោយ៖ BRANDMEDIA
ប្រភព៖ Global Times