សម្ដេច ហ៊ុន សែន «ការដក EBA ពីអឺរ៉ុប មិនប៉ះពាល់ដល់ការនាំចេញរបស់កម្ពុជានោះទេ»


វិស័យពាណិជ្ជកម្មបានដើរតួនាទីយ៉ាងសំខាន់ក្នុងការតភ្ជាប់ខ្សែចង្វាក់ឧស្សាហកម្មរវាងប្រទេសជាដៃគូក្នុងការនាំចូល និងនាំចេញទំនិញទៅក្រៅប្រទេស។ កម្ពុជាបាននាំចេញទំនិញទៅក្រៅស្រុកទាំងតាមផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាសទៅកាន់បណ្ដាប្រទេសជាដៃគូដូចជាប្រទេសជាសមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងតំបន់តាមរយៈអាស៊ានមាន អូស្ត្រាលី ចិន ឥណ្ឌា ជប៉ុន និង កូរ៉េជាដើម។

យ៉ាងណាមិញ ក្រោយពេលដែលកម្ពុជាត្រូវបានសហភាពអឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធជាបណ្ដោះអាសន្ន(EBA) កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩កន្លងទៅ នឹងមានសុពលភាពចាប់ពីខែសីហា ឆ្នាំ២០២០ ដោយគណៈកម្មការអឺរ៉ុបសម្រេចដកផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា។ ការដកផ្នែកខ្លះនេះមានន័យថា ទំនិញមួយចំនួនរបស់កម្ពុជាដែលត្រូវនាំទៅកាន់ទីផ្សារអឺរ៉ុបត្រូវស្ថិតក្រោមកាតព្វកិច្ចបង់ពន្ធ ខណៈដែលមានទំនិញដទៃទៀតនៅតែទទួលបានការអនុគ្រោះពន្ធដដែល។ ប៉ុន្តែកាលពីពេលថ្មីៗនេះ សមាជិកសភាអឺរ៉ុបបានស្នើទៅកាន់ប្រទេសសមាជិកអឺរ៉ុបទាំង២៧ប្រទេសឱ្dដាក់ទណ្ឌកម្មលើប្រទេសកម្ពុជាដោយដកប្រព័ន្ធអនុគ្រោះពន្ធទាំងស្រុងប្រសិនបើរកឃើញថាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅឆ្នាំ២០២៣ខាងមុខ គ្មានសេរីភាព និងយុត្តិធម៌ត្រឹមត្រូវ។

ជុំវិញបញ្ហានេះដែរ សម្ដេច ហ៊ុន សែន បានមានប្រសាសន៍ថា« ការដក EBA ពីអឺរ៉ុប មិនប៉ះពាល់ដល់ការនាំចេញរបស់កម្ពុជានោះទេ»។ សម្ដេចតេជោ បានបញ្ជាក់បន្តថា ឆ្នាំកន្លងទៅ ទំហំពាណិជ្ជកម្មកម្ពុជា និងអឺរ៉ុបសម្រេចបានជាង៤ពាន់លានដុល្លារអាម៉េរិក ក្នុងនោះកម្ពុជានាំចេញទៅអឺរ៉ុបមានទឹកប្រាក់ជាង៣ពាន់លានដុល្លារ។ វិស័យកាត់ដេរកំពុងមានសកម្មភាពល្អប្រសើរ ខណៈការបញ្ជាទិញមានការកើនឡើង ក្នុងនោះរោងចក្រប្រមាណ ៥០០កំពុងបង្កើនម៉ោងក្នុងការផលិតផងដែរ។

គួរបញ្ជាក់ផងដែរថា ការលើកឡើងនេះធ្វើឡើងនៅក្នុងឱកាសដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅសហគមន៍អឺរ៉ុបប្រមាណ២១០០នាក់ នារាត្រីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ ម៉ោង២២:៣០ ដែលត្រូវនឹងម៉ោង ៥:៣០រ សៀលនៃទីក្រុង Zurich ប្រទេសស្វីស៕

ដោយ៖ ផេង ផល្លា
កែសម្រួលដោយ៖​ BRANDMEDIA
ប្រភព៖ Samdech Hun Sen, Cambodian Prime Minister