«ផ្ទះបាយអង្គរ» នឹងដើរតួនាទីសំខាន់សម្រាប់ វិស័យការទូតម្ហូបអាហារខ្មែរ
នាសម័យបច្ចុប្បន្ន វិស័យការទូតគឺមានវិសាលភាពទូលំទូលាយណាស់ ក្នុងនោះម្ហូបអាហារក៏ត្រូវបានគេមើលឃើញថាស្ថិតនៅក្នុងចង្កោមនៃវិស័យការទូតសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាដែរ ព្រោះអាហារគឺតំណាងឱ្យប្រពៃណី និងអរិយធម៌ដ៏យូរលង់របស់យើង។
ជាក់ស្ដែង កាលពីពេលថ្មីៗនេះឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកជំទាវ ខេង សំវ៉ាដា ប្រធានកិត្តិយសនៃសមាគមនារីអាស៊ានកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធ «ផ្ទះបាយអង្គរ» ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងភរិយាឯកអគ្គរដ្ឋទូត រាជទូត នៃបណ្ដាប្រទេសអាស៊ាន និងប្រទេសដៃគូអាស៊ានដែលជាសមាជិកានៃសមាគមនារីអាស៊ានជាច្រើនរូបទៀត។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានមានប្រសាសន៍ថា«ផ្ទះបាយអង្គរ ដែលបានសម្ពោធជាផ្លូវការនៅ NIDIR ថ្ងៃនេះ នឹងដើរតួនាទីយ៉ាងសំខាន់មួយសម្រាប់វិស័យការទូតម្ហូបអាហារ ដែលនឹងស្វះស្វែងធានាឱ្យបានថា ម្ហូបខ្មែរនឹងទទួលបានការទទួលស្គាល់ និងកោតសរសើរលើឆាកអន្តរជាតិ»។ ឯកឧត្តម បានបញ្ជាក់បន្តថា « យើងទន្ទឹងរង់ចាំបង្ហាត់បង្រៀនវិធីធ្វើម្ហូបខ្មែរ និងការរៀបចំតុបតែង ជូនដល់មន្ត្រីការទូតកម្ពុជា និងសមភាគីបរទេសរបស់យើង ព្រមទាំងបង្ហាញពីឱជារសនៃម្ហូបខ្មែរដ៏ឈ្ងុយឆ្ងាញ់ ក៏ដូចជាវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា»។
គួររំលឹកផងដែរថា កាលពីឆ្នាំ២០២១កន្លងទៅ កម្ពុជាបានឈ្នះពានរង្វាន់ «សៀវភៅមុខម្ហូបអាស៊ីដែលល្អផ្ដាច់គេ» ( The Best Asian Cookbook) ក្នុងកម្មវិធី Gourmand World CookBook Award 2021 នៅទីក្រុងប៉ារីស ប្រទេសបារាំង ដែលសៀវភៅមានឈ្មោះថា«កេរ្តិ៍ដំណែលស្នាដៃម្ហូបខ្មែរ(The Taste Of Angkor)» រៀបចំចងក្រងឡើងដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ សៀវភៅនេះបានពិពណ៌នាយ៉ាងពិស្ដារអំពីគ្រឿងផ្សំ មុខម្ហូប និងបង្អែមរបស់ខ្មែរចំនួន៣៨មុខផ្សេងគ្នា តាមរយៈវិធីចម្អិនងាយៗ និងងាយស្រួលរកគ្រឿងផ្សំនៅបរទេស។
យ៉ាងណាមិញ ការលើកតម្កើងវិស័យការទូតម្ហូបអាហារនេះ ជាផ្នែកមួយដ៏សំខាន់នៃយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចឆ្នាំ២០២១-២០៣០ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលមានគោលដៅលើកស្ទួយកិត្យានុភាពជាតិ និងរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការឈានទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ និងឆ្នាំ២០៥០៕
ដោយ៖ ផេង ផល្លា
កែសម្រួលដោយ៖ BRANDMEDIA
ប្រភព៖ ប្រាក់ សុខុន – Prak Sokhonn – Ministry of Foreign Affairs and International Cooperation-Cambodia