សម្ដេច ហ៊ុន សែន «ខ្ញុំមិននឹកស្មានថាយើងមានថ្ងៃនេះទេ នៅពេលដែលយើងចាប់ចេញដំណើរដោយបាតដៃទទេពីរបប ប៉ុល ពត»
រំលឹកទៅកាន់សម័យអតីតកាល ដែលកម្ពុជាស្ថិតនៅក្នុងរបប ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ជាពេលវេលាមួយដែលប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសចងចាំមិនភ្លេចនូវ ទុក្ខវេទនា និរាស ព្រាត់ប្រាស់ និងត្រូវរស់នៅក្នុងគុកឥតជញ្ជាំងអស់វេលាជិត៤ឆ្នាំ។ ប្រទេសជាតិត្រូវជាប់គាំង គ្មានការអភិវឌ្ឍ ស្របពេលនឹងសម្រែកឈឺចាប់របស់រាស្ត្រខ្មែរកាន់តែខ្លាំង ទើបធ្វើឱ្យមានការរួបរួមសាមគ្គីគ្នារវាងអ្នកស្នេហាជាតិរំដោះកម្ពុជាផុតពីរបបយង់ឃ្នងបានជាស្ថាពរ។
ក្រោយរួចផុតពីសម័យកាលជូរចត់នោះ បច្ចុប្បន្ននេះកម្ពុជាបានប្រែមុខមាត់ថ្មី និងមានការអភិវឌ្ឍលើគ្រប់វិស័យ ពិសេសគឺវិស័យអប់រំដែលជាស្នូលបណ្ដុះនូវធនធានមនុស្ស។ វិស័យអប់រំបាននឹងកំពុងពង្រីកវិសាលភាពគួរឱ្យកត់សម្គាល់ ដែលក្នុងមួយឆ្នាំៗមានសិស្សជាច្រើនម៉ឺននាក់ត្រូវប្រលងបញ្ចប់ថ្នាក់ទី១២។ ជាក់ស្ដែង ក្នុងឆ្នាំ២០២១នេះ ចំនួនសិស្សនិទ្ទេសA មានរហូតដល់ទៅ១៧៥៣នាក់ ដែលតួលេខនេះជាចំនួនដ៏ច្រើនបើធៀបទៅនឹងឆ្នាំមុនៗ។
ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពង់ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសំណេះសំណាលជាមួយបេក្ខជននិទ្ទេសA សម័យប្រលង ២៧ ធ្នូ ២០២១ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិ ជ្រោយចង្វារ កាលពីព្រឹកថ្ងៃទី០៣ ឧសភា ២០២២នេះ សម្ដេចតេជោ បានមានប្រសាសន៍ទាក់ទងទៅនឹងការរីកចម្រើននៃវិស័យអប់រំថា« ខ្ញុំនឹកស្រមៃអតីតកាល ខ្ញុំមិននឹកស្មានថាយើងមានថ្ងៃនេះទេ នៅពេលដែលយើងចាប់ចេញដំណើរដោយបាតដៃទទេពីរបប ប៉ុល ពត»។ គួរបញ្ជាក់ផងដែរថា ក្នុងដំណាក់កាលសង្គ្រាម និងក្រោយសង្គ្រាម ប្រទេសកម្ពុជាបានរងនូវផលប៉ះពាល់ជាច្រើន បើនិយាយពីការអប់រំគឺនៅមានកម្រិតដែលមានត្រឹមអគារសិក្សាធ្លុះធ្លាយដំបូលប៉ុណ្ណោះ ប៉ុន្តែនៅពេលនេះស្ថានភាពគឺផ្លាស់ប្ដូរ និងផ្ដល់ឱកាសដល់យុវជនបានសិក្សារៀនសូត្រគ្រប់ៗគ្នា។
ថ្លែងក្នុងឱកាសនោះ សម្ដេច ហ៊ុន សែន បានប្រកាសចាត់ទុកសិស្សានុសិស្សជាក្រុមអាទិភាពជួរមុខសម្រាប់ការទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩។ នេះបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាចំពោះវិស័យអប់រំ ដែលចាត់ទុកជាវិស័យអាទិភាព និងជាមុំទី១នៅក្នុងយុទ្ធសាស្ត្រចតុកោណ។ ជាមួយគ្នានេះដែរ សម្ដេច ក៏បានធ្វើការកោតសរសើរ ក្រសួងអប់រំ យុវជន និងកីឡា បុគ្គលិកអប់រំ លោកគ្រូ-អ្នកគ្រូ ដែលបានជម្នះការលំបាកប្រឈមមុខនឹងជំងឺកូវីដ-១៩ និងចូលរួមអបអរសាទរដល់បេក្ខជននិទ្ទេសA ក៏ដូចជាផ្ដាំផ្ញើទៅដល់សិស្សានុសិស្សឱ្យប្រឹងប្រែងសិក្សារៀនសូត្រ ដើម្បីក្លាយទៅជាធនធានមនុស្សសម្រាប់ប្រទេសកម្ពុជា៕
ដោយ៖ ផេង ផល្លា
កែសម្រួលដោយ៖ BRANDMEDIA
ប្រភព៖ MoEYS Cambodia