«អូស្ដ្រាលី ជាប្រទេសដែលបានបោះបង់ការទទួលស្គាល់ខ្មែរក្រហមនៅអង្គការសហប្រជាជាតិមុនគេ និងបានទទួលស្គាល់កម្ពុជាមុនទទួលបានឯករាជ្យ »


រំលឹកទៅអតីតកាល នៅចុងទសវត្សរ៍ឆ្នាំ១៩៨០ និងដើមទសវត្សរ៍ឆ្នាំ១៩៩០ អូស្ត្រាលីជាប្រទេសមួយ ដែលបានផ្ដល់ការគាំទ្រខ្លាំង សម្រាប់ដំណើរឆ្ពោះទៅរកសន្តិភាពរបស់កម្ពុជា ក្នុងនោះរួមមានទាំងការដើរតួនាទីនាំមុខនៅក្នុងអាជ្ញាធរអន្តរកាលសហប្រជាជាតិនៅកម្ពុជា(អ៊ុនតាក់)។  លើសពីនេះទៅទៀត អូស្ត្រាលី​ បានផ្ដល់ការគាំទ្រដល់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (ECCC) ក្នុងការស៊ើបអង្កេត និងកាត់ទោសថ្នាក់ដឹកនាំរបបខ្មែរក្រហម។

ជាមួយគ្នានេះដែរ ចាប់តាំងពីឆ្នាំ២០០៤-២០២០ អូស្ត្រាលីបានផ្ដល់វិភាគទានចំនួន ៤៤.០៥លានដុល្លារ​ ដល់សាលាក្ដីកូនកាត់មួយនេះ។  ក្រោយបានផ្សារភ្ជាប់ទំនាក់ទំនងការទូតនាឆ្នាំ១៩៥២រួចមក ប្រទេសទាំងពីរបានរួមសហការគ្នាយ៉ាងជិតស្និទ្ធ ក្នុងកិច្ចសហប្រតិបត្តិការការពារជាតិក្រោមទិសដៅជួយកម្ពុជា អភិវឌ្ឍកងកម្លាំងការពារជាតិដែលទំនើប និងមានប្រសិទ្ធភាព ដើម្បីចូលរួមចំណែករក្សាស្ថិរភាព និងសន្តិសុខនៅក្នុងតំបន់។

ដោយឡែក កាលពីពេលថ្មីៗនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបឯកឧត្តម ឧត្តមសេនីយឯក ចនសេន ដឺសុន (Jonh Sanderson) អតីតមេបញ្ជាការរបស់កងកម្លាំងអន្តរជាតិ នៃអាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិប្រចាំកម្ពុជា(UNTAC)  ស្របពេលជាមួយខួប ៣០ឆ្នាំ នៃប្រតិបត្តិការស្វែងរកសន្តិភាពនៅកម្ពុជា និងខួប ៧០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងអូស្ត្រាលី។

ឆ្លៀតក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណឯកឧត្តមរដ្ឋាភិបាលអូស្ត្រាលី ដែលបានចូលរួមចំណែកក្នុងការស្វែងរកសន្តិភាពរបស់កម្ពុជា ការទទួលស្គាល់កម្ពុជា មុនកម្ពុជាទទួលបានឯករាជ្យ និងបោះបង់ការទទួលស្គាល់ខ្មែរក្រហមនៅអង្គការសហប្រជាជាតិមុនគេ ។​  សម្ដេចតេជោ បានមានប្រសាសន៍ថា« ប្រទេសអូស្ត្រាលី ជាប្រទេសបានទទួលស្គាល់កម្ពុជាមុនកម្ពុជាទទួលបានឯករាជ្យ ជាប្រទេសដែលជួយកម្ពុជាឱ្យទទួលបានឯករាជ្យ»។

ក្នុងជំនួបនេះផងដែរ ឯកឧត្តម ចនសេន ដឺសុន(Jonh Sanderson) ក៏បានបង្ហាញពីសេចក្ដីរំភើប និងបានលើកឡើងថា កម្ពុជាមានការផ្លាស់ប្ដូរដ៏អស្ចារ្យ ជាពិសេសរាជធានីភ្នំពេញ ដែលមានការអភិវឌ្ឍដ៏ស្រស់បំព្រង ស្របគ្នានឹងការអភិវឌ្ឍយ៉ាងឆាប់រហ័ស ជាមួយការចូលរួមចំណែកក្នុងកិច្ចការពិភពលោក កិច្ចការតំបន់ និងជាពិសេស ប្រធានអាស៊ាន ទាំងនេះជាវឌ្ឍនភាព និងជោគជ័យដ៏ធំធេងរបស់កម្ពុជា។

ជាការឆ្លើយតបឆ្លៀតក្នុងឱកាសនោះដែរ  សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនឯកឧត្តម ចនសេន ដឺសុន (Jonh Sanderson ) អំពីចក្ខុវិស័យ និងយុទ្ធសាស្ត្រដែលនាំឱ្យកម្ពុជា ទទួលបានសន្តិភាពពេញលេញ រួមជាមួយយុទ្ធសាស្ត្រគ្រប់គ្រងការរីករាលដាលជំងឺកូវីដ-១៩ និងបានថ្លែងអំណរគុណដល់ប្រជាជន រដ្ឋាភិបាលអូស្ត្រាលី ដែលដរាបរៀងមក តែងបានផ្ដល់ជំនួយដល់កម្ពុជា រួមទាំងវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ផងដែរ ៕

ដោយ៖ ផេង ផល្លា
កែសម្រួលដោយ៖​ BRANDMEDIA
ប្រភព៖ Samdech Hun Sen, Cambodian Prime Minister