ទំនុកចិត្តដែល ស.ស.យ.ក. ទទួលបានពីសង្គម គឺការការពារប្រជាជន ទោះបីខ្លួនឯងប្រឈមនឹងគ្រោះថ្នាក់
បេសកកម្មចម្បងមួយរបស់សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) គឺការរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងបុព្វហេតុដើម្បីប្រជាជន និងសង្គមជាតិទាំងមូល។ ជារឿយៗ តាមរយៈសកម្មភាពជាក់ស្ដែង និងការអនុវត្តរបស់ ស.ស.យ.ក. បានស្ដែងឱ្យឃើញថា ស.ស.យ.ក.តែងតែនៅជាប់ជាមួយប្រជាជន គ្រប់ពេលដែលប្រជាជនស្ថិតក្នុងស្ថានភាពលំបាក ឬកំពុងត្រូវការជំនួយ។ ដោយសារ ទំនួលខុសត្រូវនេះ នាំឱ្យ ស.ស.យ.ក តែងតែទទួលបានសេចក្ដីទុកចិត្តពីថ្នាក់ដឹកនាំ ចំពោះការទទួលបានតួនាទីជាអ្នកដឹកនាំមូលដ្ឋានតាមបណ្ដាខេត្ត ក្រុង ស្រុក។
ជាក់ស្ដែង ក្នុងពិធីប្រកាសទទួលស្គាល់ប្រធានគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្ទឹងត្រែង និងពិធីសំណេះសំណាលជាមួយគណៈកម្មាធិការ ឃុំ សង្កាត់ ក្រុង ស្រុក ខេត្ត ក្នុងរចនាសម្ព័ន្ធសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្ទឹងត្រែងដែលបានប្រារព្ធឡើងកាលពីពេលថ្មីៗនេះ ឯក ឧត្តម ហ៊ុន ម៉ានី ក្នុងនាមជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានបង្ហាញសេចក្ដីរីករាយ និងអបអរសាទរចំពោះសមិទ្ធផលដែលសម្រេចបាន ក៏ដូចជាស្មារតីនៃការលះបង់របស់សមាជិក សមាជិកា នៃសហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីប្រយោជន៍ជាតិ។
ឯកឧត្តមប្រធាន បានលើកឡើងថា «ខ្ញុំពិតជាសូមថ្លែងអំណរគុណដោយស្មោះស្ម័គ្រជាទីបំផុត ចំពោះការលះបង់យ៉ាងធំធេងរបស់សមាជិក សមាជិកា ម្នាក់ៗនៃក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា។ ការលះបង់របស់យើងម្នាក់ៗ ពិតជាមានតម្លៃខ្ពស់ និងមិនអាចកាត់ថ្លៃបាននោះទេ។ ឧទាហរណ៍៖ ក្នុងពេលដែលប្រទេសជាតិមានអាសន្ន មានវិបត្តិ ឬជួបការលំបាក មិនថាទឹកជំនន់ គ្រោះរាំងស្ងួត ខ្យល់កន្ត្រាក់ គ្រោះអគ្គីភ័យ ជាពិសេសក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ១៩ ប្រជាពលរដ្ឋទូទាំងប្រទេសបានឃើញសកម្មភាពរបស់ស.ស.យ.ក. ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់កុំឲ្យមានការរាលដាលខ្លាំងដល់ប្រជាជន តែខ្លួនឯងបានប្រឈមជាមួយនឹងការឆ្លងខ្ពស់បំផុត។»
នេះពិតជាសបញ្ជាក់បានយ៉ាងច្បាស់ អំពីឆន្ទៈដ៏ធំធេងរបស់ ស.ស.យ.ក. ក្នុងការលះបង់ដើម្បីជួយសម្រួលដល់ទុក្ខលំបាករបស់ប្រជាជន បម្រើប្រជាជនដោយមិនខ្លាចនឿយហត់ក្នុងនាមជាអ្នកដឹកនាំមូលដ្ឋាន ។ យ៉ាងណាមិញ ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា តាមរយៈតួនាទីជាអ្នកដឹកនាំតាមមូលដ្ឋាននានានេះ គឺមិនត្រឹមតែបានបង្ហាញពីសមត្ថភាពការងារពិតប្រាកដរបស់ក្រុមគ្រួសារ ស.ស.យ.ក. តែប៉ុណ្ណោះទេ តែថែមទាំងបានបង្ហាញថា ក្រុមគ្រួសារ ស.ស.យ.ក. ម្នាក់ៗសុទ្ធតែទទួលបានបទពិសោធក្នុងភាពជាអ្នកដឹកនាំ តាមរយៈកម្មវិធី និងវេទិកានានា ដែលស.ស.យ.ក. បានរៀបចំ៕
ដោយ៖ ស សូនិតា
កែសម្រួលដោយ៖ BRANDMEDIA
ប្រភព៖ សហភាពសហព័ន្ធយុវជនកម្ពុជា Union of Youth Federations of Cambodia