យុទ្ធនាការអន្ទាក់សូន្យ ត្រូវបានអនុវត្ត ស្របពេលធនធានសត្វព្រៃប្រឈមនឹងហានិភ័យខ្ពស់


ពិធីបើកយុទ្ធនាការអន្ទាក់សូន្យនៅខេត្តបានប្រារព្ធនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២ដែលយុទ្ធនាការនេះស្ថិតក្នុងក្របខណ្ឌរយៈពេល៦ ខែ ក្នុងខេត្តចំនួន៦ ស្ថិតនៅភាគខាងកើតទន្លេមេគង្គ រួមមានខេត្តស្ទឹង ត្រែង ក្រចេះ មណ្ឌលគិរី រតនគិរី ព្រះវិហារ និង ខេត្តកំពង់ធំ ដែលផ្ដួចផ្ដើមនិង ដឹកនាំធ្វើដោយក្រសួងបរិស្ថាន និង អង្គការដៃគូរសហការក្នុងការអភិរក្ស។

ក្នុងយុទ្ធនាការនេះ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានមានជំនឿថានឹងអាចចូលរួមកែប្រែ ឥរិយាបថពលរដ្ឋមួយចំនួនដែលនិយមហូបសាច់សត្វ និង​ចូលរួមរកដំណោះស្រាយបញ្ចប់វិបត្តិអន្ទាក់នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា។ គោលដៅចម្បងនៃយុទ្ធនាការនេះ គឺការឈានទៅលុបបំបាត់ការប្រើអន្ទាក់គ្រប់ប្រភេទក្នុងតំបន់ការពារធម្មជាតិរបស់កម្ពុជា ដែលកាលពីឆ្នាំ២០២១ ក្រសួងបរិស្ថាន និង អង្គការដៃគូសហការបានដកអន្ទាក់ សរុបចំនួន ៦១.៦១១​ អន្ទាក់ចេញពីតំបន់ការពារធម្មជាតិចំនួន៧២។ ជាមធ្យម ក្នុងមួយឆ្នាំមានអន្ទាក់ចំនួនប្រមាណជាង ៤០.០០០ដែលត្រូវបានដកចេញ។

ក្នុងឱកាសនោះដែរ ឯកឧត្តម នេត្រ ភក្រា្ត ដែលជារដ្ឋលេខាធិការនិងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថានបានថ្លែងថា« ធនធានសត្វព្រៃរបស់ប្រទេសកម្ពុជាកំពុងប្រឈមនឹងហានិភ័យខ្ពស់ដោយសារវិបត្តិនៃការបរបាញ់ និងការដាក់អន្ទាក់ដែលបាននឹងកំពុងកើតឡើងបណ្ដាលមកពីការប្រើប្រាស់ និង ការជួញដូរសត្វព្រៃដោយខុសច្បាប់។ ប្រសិនបើគ្មានវិធានការបន្ទាន់ទេនោះកម្ពុជានឹងប្រឈមនឹងការបាត់បង់ធនធានសត្វព្រៃរបស់ខ្លួនដែលមិនអាចកាត់ថ្លៃបានជាសកលក្នុងពេលអនាគតខាងមុខ»។

យ៉ាងណាមិញ ឯកឧត្តម  បានស្នើសុំយ៉ាងទទូចថា« សូមអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ចូលរួមទប់ស្កាត់ និងបង្ក្រាបបទល្មើសនៃការចាប់ ដាក់អន្ទាក់ ប្រមាញ់ និង ប្រមូលពងសត្វព្រៃគ្រប់ប្រភេទ និង​ បទល្មើសនៃការជួញដូរសត្វព្រៃ និងសំណាកសត្វព្រៃដើម្បីចូលរួមការពារ និងអភិរក្សសត្វព្រៃ និងជីវៈចម្រុះគ្រប់ប្រភេទឱ្យបានគង់វង្ស និងរីកចម្រើនសម្រាប់បន្សល់ទុកដល់មនុស្សរាប់ជំនាន់ទៀត»។

គួរបញ្ជាក់ផងដែរថា អន្ទាក់មិនត្រឹមតែធ្វើឱ្យសត្វព្រៃបាត់បង់ពីទីជម្រកព្រៃធម្មជាតិប៉ុណ្ណោះទេ តែវាថែមទាំងបង្កើនហានិភ័យនៃការចម្លងប្រភេទជំងឺពីសត្វទៅមនុស្សផងដែរ ហេតុនេះសូមនិយាយថាទេចំពោះសត្វព្រៃ និង​ចូលរួមក្នុងសកម្មភាពអភិរក្សធនធានធម្មជាតិក្នុងប្រទេសយើងទាំងអស់គ្នា៕

ដោយ៖ ផេង ផល្លា
កែសម្រួលដោយ៖​ BRANDMEDIA
ប្រភព៖ Ministry of Environment