ក្រុមបាតុករថៃដង្ហែក្បួនពេញទីក្រុងបាងកក និងព្រមានបន្តតវ៉ាមិនកំណត់ពេល បើរដ្ឋាភិបាលមិនបញ្ចុះតម្លៃប្រេងទេ !


បាងកក៖ នៅព្រឹកថ្ងៃចន្ទ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ក្រុមបាតុករថៃដឹកនាំដោយលោក Mano Khrueakaew ហៅកាត់ថា “Kamnan Mano” បានដឹកនាំការដង្ហែក្បួនដោយមានមនុស្សចូលរួមយ៉ាងច្រើនពីវិមានរដ្ឋាភិបាល ឆ្ពោះទៅកាន់ក្រសួងថាមពល ដើម្បីទាមទារឱ្យរដ្ឋាភិបាលបញ្ចុះតម្លៃប្រេងឥន្ធនៈចំនួន ១០បាតក្នុងមួយលីត្រ។

ក្បួនដង្ហែដែលមានចម្ងាយប្រមាណ ១១,៤គីឡូម៉ែត្រ បានឆ្លងកាត់មហាវិថីសំខាន់ៗជាច្រើនក្នុងទីក្រុងបាងកក រួមទាំងតំបន់វិមានជ័យជម្នះផងដែរ។

ទន្ទឹមនឹងនោះ ក្រុមបាតុករទាំងអស់បានប្រកាសយ៉ាងច្បាស់ៗថា ពួកគេនឹងបន្តធ្វើបាតុកម្មនៅខាងមុខវិមានរដ្ឋាភិបាលដោយមិនកំណត់ពេលឡើយ ប្រសិនបើរដ្ឋាភិបាលមិនមានការឆ្លើយតប ឬដំណោះស្រាយណាមួយសមស្រប តាមការទាមទាររបស់ប្រជាពលរដ្ឋនោះទេ។

ប្រភព៖ Khaosod