ថៃ ប្រញាប់លាងខ្លួនថា “មិនចង់ឱ្យប្រទេសដទៃ ចូលពាក់ព័ន្ធជម្លោះទ្វេភាគីនោះឡើយ” បន្ទាប់ពីកម្ពុជាលើកឡើងពីបញ្ហាព្រំដែន ក្នុងកិច្ចប្រជុំហ្វ្រង់កូហ្វូនី
នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល បានចេញមុខប្រតិកម្មចំពោះការលើកឡើងរបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ នៅលើឆាកអន្តរជាតិ ដោយអះអាងថា ប្រទេសថៃមិនមានបំណងលើកយកជម្លោះទ្វេភាគី ជាពិសេសបញ្ហាទឹកដី និងមនុស្សធម៌ ទៅពិភាក្សាជាមួយប្រទេសដទៃដែលមិនមែនជាភាគីនៃជម្លោះនោះឡើយ។



ប្រតិកម្មរបស់លោក អានុទីន បានកើតឡើងបន្ទាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងនៅក្នុងកិច្ចប្រជុំកំពូលអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ដោយបញ្ជាក់ពីជំហររបស់កម្ពុជាក្នុងការស្វែងរកដំណោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានស្រាប់ ព្រមទាំងអះអាងថា កម្ពុជាមិនមែនជាភាគីដែលបានចាប់ផ្តើមការប៉ះទង្គិចគ្នានោះទេ។
ក្នុងឱកាសនោះ សម្តេចធិបតីក៏បានថ្លែងអំណរគុណដល់ប្រទេសបារាំង និងប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ចំពោះកិច្ចខិតខំប្រឹងប្រែងជួយសម្របសម្រួល ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធីរវាងកម្ពុជា និងថៃ។
ជាការឆ្លើយតប លោក អានុទីន បានបង្ហោះសារតាមបណ្តាញសង្គម កាលពីល្ងាចថ្ងៃដដែល ដោយអះអាងផ្ទុយពីសកម្មភាពរបស់ខ្លួនយ៉ាងដូច្នេះថា “ប្រទេសថៃតែងតែគោរពកិច្ចព្រមព្រៀងទាំងអស់ជាមួយកម្ពុជា និងប្រកាន់ខ្ជាប់ច្បាប់អន្តរជាតិ។ លោក បានបញ្ជាក់ថា សកម្មភាពរបស់ថៃ មានគោលបំណងការពារអធិបតេយ្យភាព បូរណភាពទឹកដី និងសុវត្ថិភាពរបស់ប្រជាជនថៃ”។
ទន្ទឹមនោះ លោក អានុទីន បានសង្កត់ធ្ងន់ថា ថៃមិនមានបំណងលើកយកជម្លោះទ្វេភាគី ជាពិសេសបញ្ហាទឹកដី និងមនុស្សធម៌ ទៅពិភាក្សាជាមួយប្រទេសដទៃដែលមិនមែនជាភាគីនៃជម្លោះឡើយ។ លោក នៅតែដោះស្រាយការខ្វែងគំនិតគ្នាតាមយន្តការទ្វេភាគី ដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ ព្រមទាំងកសាងទំនុកចិត្តគ្នាឡើងវិញ។
សូមបញ្ជាក់ជូនថា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ កម្ពុជា និងថៃបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបទឈប់បាញ់នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ក្រោមវត្តមានរបស់លោក ដូណាល់ ត្រាំជាសាកសី។ កិច្ចព្រមព្រៀងនេះ ផ្ដោតលើគោលបំណងបញ្ឈប់អំពើហិង្សា និងជំរុញការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីរវាងប្រទេសទាំងពីរ។
ដោយឡែក ចំពោះបញ្ហាជម្លោះដែនសមុទ្រក្នុងឈូងសមុទ្រ ក៏ជាប្រធានបទក្ដៅផងដែរ។ កម្ពុជា ជាភាគីដែលបានស្វែងរកការដោះស្រាយតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) បន្ទាប់ពីប្រទេសថៃបានលុបចោលអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ ជាឯកតោភាគី ដែលពាក់ព័ន្ធនឹងការអភិវឌ្ឍរួមនៅតំបន់ដែនសមុទ្រដែលមានសក្តានុពលធនធានប្រេង និងឧស្ម័នធម្មជាតិ។
ប្រភព៖ South China Morning Post













