ភ្លើងឆេះអគារពាណិជ្ជកម្មនៅប្រទេសថៃ ឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ១១នាក់ និង ១៦នាក់រងរបួស


(បាងកក)៖ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦នេះមនុស្សយ៉ាងហោចណាស់ ១១នាក់បានស្លាប់ និង ១៦នាក់ផ្សេងទៀតរងរបួស ក្នុងហេតុការណ៍អគ្គិភ័យឆាបឆេះអគារពាណិជ្ជកម្មមួយកន្លែងនៅតំបន់ប៉ាតុង នៃកោះភូកេត ភាគខាងត្បូងប្រទេសថៃ។

យោងតាមសារព័ត៌មាន Al Jazeera បានឱ្យដឹងថា អគ្គិភ័យបានចាប់ផ្តើមឆេះយ៉ាងសន្ធោសន្ធៅនៅវេលាម៉ោងប្រមាណ ៣:១៧នាទីទៀបភ្លឺ ក្នុងអគារដែលមានភោជនីយដ្ឋាន កន្លែងជួលស្នាក់នៅ និងហាងជួលម៉ូតូ មុនពេលភ្លើងរាលដាលដល់អគារមួយចំនួននៅក្បែរនោះ។

ជាមួយគ្នានោះ ស្នងការនគរបាលកោះភូកេត លោក Surachai Sooksai បានបញ្ជាក់ថា មូលហេតុនៃអគ្គិភ័យកំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ ប៉ុន្តែលទ្ធផលបឋមបង្ហាញថា ហេតុការណ៍នេះអាចបណ្ដាលមកពីផ្ទុះចរន្តអគ្គិសនីនៅអគារក្បែរនោះ មុនឆ្លងចរន្តនិងកើតឱ្យមានអគ្គិភ័យឆេះឡើង ហើយក៏មិនទាន់មានសញ្ញាបញ្ជាក់ថា នេះជាករណីដុតបំផ្លាញដោយចេតនាឬយ៉ាងណានោះទេ។

អភិបាលកោះភូកេត លោក Chodnarin Koedsom បានឱ្យដឹងថា អគ្គិភ័យឆេះខ្លាំងអាចដោយសារ ក្នុងអគារមានម៉ូតូជួលប្រមាណ ១០០គ្រឿង ព្រមទាំងមានស្តុកហ្គាស ប្រេងម៉ាស៊ីន សម្ភារៈប្លាស្ទិក និងសំបកកង់ ដែលធ្វើឱ្យភ្លើងឆាបឆេះរាលដាលយ៉ាងឆាប់រហ័ស និងបង្កជាផ្សែងពុលយ៉ាងក្រាស់។

ព័ត៌មានបឋម បានបញ្ជាក់ថាអ្នករងរបួសទាំង ១៦នាក់ ក្នុងនោះមានជនជាតិថៃ ១៥នាក់ និងជនជាតិមីយ៉ាន់ម៉ា ១នាក់។ អាជ្ញាធរបញ្ជាក់ថា មិនមានភ្ញៀវទេសចរណាម្នាក់ស្ថិតក្នុងចំណោមអ្នកស្លាប់ និងរងរបួសឡើយ។ គួររំឭកថា នេះជាករណីអគ្គិភ័យដ៏ធ្ងន់ធ្ងរមួយទៀតនៅប្រទេសថៃ បន្ទាប់ពីកាលពីខែកក្កដា អគ្គិភ័យនៅបារមួយកន្លែងក្នុងទីក្រុងបាងកក បានបណ្តាលឱ្យមនុស្សប្រមាណ ៤០នាក់ស្លាប់។

ដោយឡែក កន្លងមកក៏ធ្លាប់មានអគ្គិភ័យនៅក្លឹបកម្សាន្តមួយលើកោះភូកេតក្នុងឆ្នាំ២០១២ បានសម្លាប់មនុស្ស ៤នាក់ និងនៅក្លឹបកម្សាន្តក្នុងទីក្រុងបាងកកក្នុងឱកាសបុណ្យចូលឆ្នាំសកលឆ្នាំ២០០៩ បានសម្លាប់មនុស្ស ៦៧នាក់ និងជាង ២០០នាក់រងរបួសផងដែរ៕

ប្រភព៖ Reuters