ស៊ីរី និងអារ៉ាប៊ីសាអូឌីតសម្រេចបានកិច្ចព្រមព្រៀងការពារជាតិរួមគ្នា ជាមួយកម្ចីសម្បទានជាង ៤០៣លានដុល្លារ!
រីយ៉ាដ៖ ប្រទេសស៊ីរី និងអារ៉ាប៊ីសាអូឌីតបានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិ ព្រមទាំងកិច្ចព្រមព្រៀងផ្តល់កម្ចីសម្បទានជាង៤០៣លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់វិស័យថាមពល លំនៅឋាន សុខាភិបាល និងហេដ្ឋារចនាសម្ព័ន្ធរបស់ស៊ីរី។

កិច្ចព្រមព្រៀងទាំងនេះត្រូវបានចុះហត្ថលេខាកាលពីថ្ងៃពុធ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីស៊ីរី លោក អាម៉េដ អាល់-សារ៉ា (Ahmed al-Sharaa) ទៅកាន់ទីក្រុងរីយ៉ាដ ដែលជាដំណើរទស្សនកិច្ចលើកទី២របស់លោកក្នុងរយៈពេលមិនដល់មួយខែ។
ក្រសួងការបរទេសស៊ីរីបានចាត់ទុកកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរថា ជាកិច្ចព្រមព្រៀងសំខាន់បំផុតក្នុងចំណោមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា ប៉ុន្តែមិនបានបង្ហាញព័ត៌មានលម្អិតអំពីលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះទេ។
កិច្ចព្រមព្រៀងការពារជាតិនេះត្រូវបានចុះហត្ថលេខាប៉ុន្មានថ្ងៃបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសស៊ីរី លោក អាសាដ អាល់-សៃបានី (Asaad al-Shaibani) បានបញ្ជាក់ថា រដ្ឋាភិបាលស៊ីរីកំពុងពិចារណាលើការចូលរួមក្នុងសម្ព័ន្ធភាពការពារជាតិរវាងអារ៉ាប៊ីសាអូឌីត តួកគី និងប៉ាគីស្ថាន ដែលត្រូវបានគេហៅថា «សម្ព័ន្ធភាពមេកា»។
ក្នុងអំឡុងកិច្ចពិភាក្សានៅទីក្រុងរីយ៉ាដ លោក អាល់-សារ៉ា និងព្រះអង្គម្ចាស់ មហាម៉េដ ប៊ីន សាល់ម៉ាន (Mohammed bin Salman) បានពិភាក្សាអំពីស្ថានការណ៍ក្នុងតំបន់ និងអន្តរជាតិ ជាពិសេសផលប៉ះពាល់នៃការកើនឡើងភាពតានតឹងផ្នែកយោធាលើសន្តិសុខក្នុងតំបន់ សុវត្ថិភាពនៃការដឹកជញ្ជូនតាមផ្លូវសមុទ្រ ស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល និងសេដ្ឋកិច្ចពិភពលោក។
មេដឹកនាំទាំងពីរក៏បានអំពាវនាវឱ្យបន្ធូរបន្ថយភាពតានតឹង និងដោះស្រាយជម្លោះដោយសន្តិវិធី ព្រមទាំងជំរុញឱ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពទាំងឡាយដែលគំរាមកំហែងដល់សន្តិសុខនៃការធ្វើនាវាចរណ៍នៅសមុទ្រក្រហម ច្រកសមុទ្រ បាបអាល់ម៉ាន់ដាប និងច្រកសមុទ្រ ហ័រមូស។
ទន្ទឹមនឹងនេះ មូលនិធិសម្រាប់ការអភិវឌ្ឍអារ៉ាប៊ីសាអូឌីតបានព្រមព្រៀងផ្តល់កម្ចីសម្បទានចំនួន៤០៣លានដុល្លារអាមេរិក តាមរយៈកិច្ចព្រមព្រៀងចំនួន៦ជាមួយក្រសួងហិរញ្ញវត្ថុស៊ីរី។ ក្នុងនោះរួមមាន ថវិកា១០០លានដុល្លារសម្រាប់ស្តារនិងបំពាក់ឧបករណ៍ដល់មណ្ឌលសុខាភិបាលដែលរងការខូចខាត ៦០លានដុល្លារសម្រាប់ជួសជុលលំនៅឋាន ១០៥លានដុល្លារសម្រាប់ពង្រឹងសេវាការពារជនស៊ីវិល និង៩០លានដុល្លារសម្រាប់ស្តារឡើងវិញនូវរោងចក្រអគ្គិសនីដើរដោយកម្ដៅនៅទីក្រុងអាឡេប៉ូ។
សូមបញ្ជាក់ថាកម្ចីនេះក៏រួមបញ្ចូលថវិកា ៣០ លានដុល្លារសម្រាប់អភិវឌ្ឍប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅទីក្រុងដាម៉ាស និងខេត្តអ៊ីដលីបផងដែរ។ លើសពីនេះ ប្រទេសទាំងពីរបានចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការឧស្សាហកម្ម និងកិច្ចព្រមព្រៀងពីរផ្សេងទៀតស្តីពីវិស័យកសិកម្ម និងការការពារបរិស្ថានផងដែរ។
ជាមួយគ្នានេះ អារ៉ាប៊ីសាអូឌីតបានក្លាយជាដៃគូគាំទ្រដ៏សំខាន់របស់រដ្ឋាភិបាលស៊ីរី ចាប់តាំងពីលោក អាល់-សារ៉ា ឡើងកាន់អំណាចក្រោយការផ្តួលរំលំរបបលោក បាសា អាល់-អាសាដ នៅខែធ្នូ ឆ្នាំ២០២៤។ មេដឹកនាំទាំងពីរបានជួបគ្នាចុងក្រោយនៅទីក្រុងរីយ៉ាដ កាលពីថ្ងៃទី៦ ខែតុលា ដើម្បីពិភាក្សាអំពីផែនការស្តារប្រទេសស៊ីរីឡើងវិញ រួមទាំងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងសេវាសាធារណៈដែលរងការខូចខាត។
ប្រភព៖ Al Jazeera













