កម្ពុជា ទទូចឱ្យមានការគាំទ្រមនុស្សធម៌ ដើម្បីឱ្យជនភៀសសឹកជាង ២ម៉ឺននាក់ អាចវិលត្រឡប់ទៅផ្ទះរបស់ខ្លួនវិញដោយសុវត្ថិភាព
ញូវយ៉ក៖ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម យោង ចាន់សុភារ តំណាងអចិន្ត្រៃយ៍រងកម្ពុជាប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) បានគូសបញ្ជាក់ពីបញ្ហាប្រឈមកាន់តែខ្លាំងនៃការបង្ខំឱ្យប្រជាជនចាកចេញពីលំនៅឋាន និងសង្កត់ធ្ងន់លើតម្រូវការក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងសាមគ្គីភាពអន្តរជាតិ ដើម្បីដោះស្រាយបញ្ហានេះ។



ការលើកឡើងនេះធ្វើឡើងក្នុងកិច្ចពិភាក្សានៅក្នុងកិច្ចពិភាក្សាទូទៅស្តីពី “របាយការណ៍របស់ឧត្តមស្នងការអង្គការសហប្រជាជាតិ(អ.ស.ប.) ទទួលបន្ទុកជនភៀសខ្លួន សំណួរពាក់ព័ន្ធនឹងជនភៀសខ្លួន អ្នកវិលត្រឡប់ និងជនភៀសសឹក និងសំណួរមនុស្សធម៌” នៅក្នុងគណៈកម្មាធិការទី៣ នៃសម័យប្រជុំមហាសន្និបាតអ.ស.ប. លើកទី៨១។ ក្នុងឱកាសនោះ ឯកឧត្តមក៏បានក៏បានទទួលស្គាល់ពីតួនាទីដែលមិនអាចខ្វះបានរបស់ UNHCR ក្នុងអំឡុងពេលតម្រូវការមនុស្សធម៌នេះ។
ក្នុងកិច្ចពិភាក្សានេះ ឯកឧត្តម យោង ចាន់សុភារ បានលើកឡើងថា ជនភៀសសឹកកម្ពុជាច្រើនជាង ២០.០០០នាក់ ដែលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែន មានបំណងប្រាថ្នា និងសមនឹងទទួលបានឱកាសវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។
ឯកឧត្តមបានសង្កត់ធ្ងន់បន្ថែមថា កុមារដែលរងផលប៉ះពាល់ដោយសារជម្លោះទាំងនេះ កំពុងទន្ទឹងរង់ចាំការវិលត្រឡប់ទៅសិក្សានៅសាលារៀនដើមរបស់ពួកគេវិញ ដែលជាផ្នែកមួយដ៏សំខាន់នៃការស្តារជីវភាពរស់នៅឱ្យបានប្រក្រតីឡើងវិញ។
ជាមួយគ្នានេះ ឯកឧត្តមបានមានប្រសាសន៍ថា ប្រទេសកម្ពុជាបន្តអំពាវនាវឱ្យមានការយកចិត្តទុកដាក់ជាអន្តរជាតិ កិច្ចសហប្រតិបត្តិការ និងការគាំទ្រមនុស្សធម៌សម្រាប់ប្រជាជនដែលរងផលប៉ះពាល់ ខណៈពេលដែលបញ្ជាក់សារជាថ្មីអំពីសារៈសំខាន់នៃច្បាប់អន្តរជាតិ អធិបតេយ្យភាព និងបូរណភាពទឹកដី ដែលជាគោលការណ៍គ្រឹះ។
ប្រភព៖ Permanent Mission of the Kingdom of Cambodia to the United Nations
















