ធនាគារពិភពលោកបង្ហាញថាវីរុស Delta បានធ្វើឱ្យកំណើនសេដ្ឋកិច្ចយឺតយ៉ាវនៅអាស៊ីបូព៌ានិងប៉ាស៊ីហ្វិក
ដោយ៖ ផាត់ គឹមឆែ
ធនាគារពិភពលោកបានឲ្យដឹងថា ការស្ទុះងើបឡើងវិញនៃជំងឺកូវីដ-១៩ នៅតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក ជាការពន្យារពេលដល់កំណើនសេដ្ឋកិច្ច និងបង្កើនវិសមភាពនៅក្នុងតំបន់។ សកម្មភាពសេដ្ឋកិច្ចបានចាប់ផ្តើមយឺតនៅត្រីមាសទី២ នៃឆ្នាំ២០២១ ហើយការព្យាករណ៍កំណើនសេដ្ឋកិច្ចត្រូវបានបន្ទាបសម្រាប់ប្រទេសភាគច្រើននៅក្នុងតំបន់ យោងតាមរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចអាស៊ីបូព៌ានិងប៉ាស៊ីហ្វិករបស់ធនាគារពិភពលោកឆ្នាំ២០២១។
ធនាគារពិភពលោកបាននិយាយថា ខណៈពេលដែលសេដ្ឋកិច្ចរបស់ប្រទេសចិនត្រូវបានគេព្យាករណ៍ថានឹងកើនឡើង ៨,៥ភាគរយ តំបន់ផ្សេងទៀតត្រូវបានព្យាករណ៍ថានឹងកើនឡើងក្នុងអត្រា ២,៥ភាគរយជិត ២ភាគរយ តិចជាងការព្យាករណ៍នៅខែមេសា ឆ្នាំ២០២១។
លោក Manuela Ferro អនុប្រធានធនាគារពិភពលោកប្រចាំអាស៊ីបូព៌ានិងប៉ាស៊ីហ្វិកបានមានប្រសាសន៍ថា «ការស្ទុះងើបឡើងវិញនៃការអភិវឌ្ឍសេដ្ឋកិច្ចអាស៊ីបូព៌ានិងប៉ាស៊ីហ្វិកប្រឈមនឹងការវិលត្រលប់មកវិញ ខណៈដែលនៅឆ្នាំ២០២០ តំបន់នេះមានការរាលដាលនៃជំងឺកូវីដ-១៩ ហើយតំបន់ផ្សេងទៀតនៃពិភពលោក ជួបការលំបាកដោយសារការកើនឡើងនៃករណីឆ្លងនៅឆ្នាំ២០២១ បានធ្វើឱ្យមានការថយចុះនៃការរំពឹងទុកសម្រាប់ឆ្នាំ២០២១នេះ»។
យោងតាមប្រភពដដែលបានបន្តថា សេដ្ឋកិច្ចនៃបណ្តាប្រទេសប៉ាស៊ីហ្វិកមួយចំនួន និងមីយ៉ាន់ម៉ាត្រូវបានរងផលប៉ះពាល់ខ្លាំងបំផុត ដោយប្រទេសមីយ៉ាន់ម៉ារំពឹងថានឹងធ្លាក់ចុះ ១៨ភាគរយខណៈដែលប្រទេសកោះប៉ាស៊ីហ្វិកត្រូវបានគេរំពឹងថានឹងធ្លាក់ចុះ ២,៩ភាគរយ។ មីយ៉ាន់ម៉ានឹងមើលឃើញការធ្លាក់ចុះដ៏ធំបំផុតនៃការងារនៅក្នុងតំបន់ ហើយចំនួនប្រជាជនក្រីក្រនៅក្នុងប្រទេសនឹងកើនឡើង។
របាយការណ៍នេះប៉ាន់ប្រមាណថា ប្រទេសភាគច្រើននៅក្នុងតំបន់រួមទាំងឥណ្ឌូនេស៊ី និងហ្វីលីពីនបានចាក់វ៉ាក់សាំងជាង ៦០ភាគរយនៃប្រជាជនរបស់ពួកគេនៅឆមាសទីមួយនៃឆ្នាំ២០២២។ ខណៈដែលវានឹងមិនលុបបំបាត់ការឆ្លងមេរោគកូរ៉ូណាទាំងស្រុងទេ ប៉ុន្តែវានឹងកាត់បន្ថយអត្រាស្លាប់យ៉ាងខ្លាំង ដែលអនុញ្ញាតឱ្យមានការបន្តសេដ្ឋកិច្ចឡើងវិញ។ ការខូចខាតដែលបណ្តាលមកពីការកើតឡើងវិញនិងការបន្តនៃជំងឺកូវីដ-១៩ ទំនងជាប៉ះពាល់ដល់កំណើននិងបង្កើនវិសមភាពក្នុងរយៈពេលវែង បើយោងតាមការព្យាករណ៍របស់ធនាគារពិភពលោក។
លោក Mattoo បាននិយាយថា «ការចាក់វ៉ាក់សាំងនិងការធ្វើតេស្តដែលមានល្បឿនលឿនបាន គ្រប់គ្រងការឆ្លងមេរោគកូវីដ-១៩ អាចធ្វើឱ្យសកម្មភាពសេដ្ឋកិច្ចនៅក្នុងប្រទេសដែលកំពុងជួបការលំបាកនៅដើមឆមាសទី១ នៃឆ្នាំ២០២២ មានអត្រាកើនទ្វេដងនៅឆ្នាំក្រោយ។ ប៉ុន្តែដើម្បីប្រសិទ្ធភាពក្នុងរយៈពេលវែង មានតែកំណែទម្រង់ស៊ីជម្រៅប៉ុណ្ណោះដែលអាចការពារកំណើនយឺតយ៉ាវនិងបង្កើនវិសមភាពនៅតំបន់នេះ»។
ដូចនេះ ធនាគារពិភពលោកបានកំណត់ថាតំបន់នេះនឹងត្រូវខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លាលើវិស័យចំនួន៤ ដើម្បីទប់ទល់នឹងការកើនឡើងនៃមេរោគកូរ៉ូណា ដោយការដោះស្រាយតម្រូវការនៃវ៉ាក់សាំងដោយឲ្យប្រជាពលរដ្ឋទទួលបានវ៉ាក់សាំងការពារឲ្យបានគ្រប់គ្នា បង្កើនការធ្វើតេស្តនិងតាមដាន បង្កើនផលិតកម្មវ៉ាក់សាំងក្នុងតំបន់និងពង្រឹងប្រព័ន្ធសុខាភិបាលក្នុងស្រុក៕
ប្រភព៖ VnExpress international
កែសម្រួលដោយ៖ BRANDMEDIA