WHO គ្រោងនឹងលុបបំបាត់ការរីករាលដាលនៃជំងឺរលាកស្រោមខួរដោយបាក់តេរីនៅឆ្នាំ២០៣០


ដោយ៖ ផាត់ គឹមឆែ

អង្គការសុខភាពពិភពលោក គ្រោងនឹងលុបបំបាត់ការរីករាលដាលនៃជំងឺរលាកស្រោមខួរដែលបង្កដោយបាក់តេរីនៅឆ្នាំ២០៣០។ គោលដៅនៃការលុបបំបាត់ទម្រង់នៃជំងឺរលាកស្រោមខួរក្បាលនេះ​  ត្រូវបានព្យាករណ៍ថា យ៉ាងយូរបំផុតត្រឹមឆ្នាំ២០៣០ តាមរយៈការបង្កើនការយល់ដឹងនិងលទ្ធភាពទទួលបានការព្យាបាល។

ជំងឺរលាកស្រោមខួរក្បាល គឺជាការរលាកដ៏គ្រោះថ្នាក់នៃភ្នាសជុំវិញខួរក្បាលនិងខួរឆ្អឹងខ្នង។  ជាពេលធម្មតាវាបង្កឡើងដោយការបង្ករោគ ដោយបាក់តេរី និងវីរុស។ ជំងឺរលាកស្រោមខួរបង្កឡើងដោយបាក់តេរីសម្លាប់មនុស្សច្រើនជាងទម្រង់ជំងឺដទៃទៀត។ ផែនការ ដើម្បីយកឈ្នះជំងឺរលាកស្រោមខួរក្បាលនៅឆ្នាំ២០៣០ ត្រូវបានបង្កើតឡើងដោយសម្ព័ន្ធភាពដៃគូនៅក្នុងព្រឹត្តិការណ៍និម្មិតនៅទីក្រុងហ្សឺណែវ ដើម្បីផ្តោតលើការការពារការឆ្លងមេរោគ និងការធ្វើឱ្យប្រសើរឡើងនូវការថែទាំនិងការធ្វើរោគវិនិច្ឆ័យចំពោះអ្នកដែលឆ្លងជំងឺរលាកស្រោមខួរ។

លោក Tedros Adhanom Ghebreyesus ប្រធានអង្គការសុខភាពពិភពលោកបានមានប្រសាសន៍ថា «មិនថាវាកើតឡើងនៅកន្លែងណាទេ ជំងឺរលាកស្រោមខួរក្បាលអាចសម្លាប់ជីវិតមនុស្ស និងធ្វើឱ្យប៉ះពាល់ដល់សុខភាពយ៉ាងខ្លាំង។ វាកើតឡើងយ៉ាងឆាប់រហ័សមានផលប៉ះពាល់ដល់សុខភាពសេដ្ឋកិច្ច សង្គម និងបណ្តាលឱ្យមានការផ្ទុះឡើងយ៉ាងធ្ងន់ធ្ងរ។ ជំងឺនេះកើតមានច្រើនជាងគេនៅក្នុងប្រទេសជាង ២០ នៅអនុតំបន់សាហារ៉ាអាហ្វ្រិក»។

ប្រសិនបើមិនទទួលបានការព្យាបាលទេ ជំងឺរលាកស្រោមខួរបង្កបាក់តេរីអាចបណ្តាលឱ្យមានការរីករាលដាលយ៉ាងឆាប់រហ័ស ដោយសម្លាប់មនុស្សម្នាក់ក្នុងចំណោម ១០នាក់ដែលឆ្លង ហើយមនុស្សម្នាក់ក្នុងចំណោម ៥នាក់ត្រូវបានបង្កឱ្យមានជំងឺរ៉ាំរ៉ៃ រួមទាំងការប្រកាច់ ការបាត់បង់សមត្ថភាពស្តាប់ និងការខូចខាតសរសៃប្រសាទ។ កម្មវិធីដែលដឹកនាំដោយអង្គការសុខភាពពិភពលោកក៏មានគោលបំណងកាត់បន្ថយការស្លាប់ដោយសារជំងឺរលាកស្រោមខួរដែលបង្កដោយបាក់តេរី ៧០ភាគរយនិងកាត់បន្ថយចំនួនករណីសរុបពាក់កណ្តាល៕

ប្រភព៖ channelnewsasia

កែសម្រួលដោយ៖ BRANDMEDIA