ឯកឧត្តមហ៊ុនម៉ានីចាត់ទុកអ្នកសង្កេតការណ៍ស្ម័គ្រចិត្តជាសាក្សីរស់នៃការកែទម្រង់ការជ្រើសរើសមន្ត្រីរាជការ


ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡង បានចាត់ទុកអ្នកសង្កេតការណ៍ស្ម័គ្រចិត្តថា ជា«សាក្សីរស់» នៃដំណើរការកែទម្រង់ការជ្រើសរើសមន្ត្រីរាជការស៊ីវិលនៅកម្ពុជា ដែលបានចូលរួមតាមដាន និងផ្ទៀងផ្ទាត់ដោយផ្ទាល់នូវគ្រប់ដំណាក់កាលនៃការប្រឡងប្រជែង ដើម្បីធានាបាននូវយុត្តិធម៌ តម្លាភាព និងសុក្រឹតភាព។

ការលើកឡើងនេះ បានធ្វើឡើងក្នុងពិធីសំណេះសំណាល និងថ្លែងអំណរគុណដល់អ្នកសង្កេតការណ៍ស្ម័គ្រចិត្ត ដែលបានចូលរួមក្នុងដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី បានវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់អ្នកសង្កេតការណ៍ស្ម័គ្រចិត្ត ដែលបានតាមដានដំណើរការប្រឡងដោយផ្ទាល់នៅគ្រប់ដំណាក់កាល ដែលនេះជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងជំនឿទុកចិត្តរបស់សាធារណជនលើប្រព័ន្ធជ្រើសរើសមន្ត្រីរាជការ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានផ្ដល់ជាវេទិកាសួរ ឆ្លើយសំណួរ និងស្តាប់សំណូមពរពីអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត ដែលបានចូលរួមក្នុងការប្រឡងប្រជែងនាពេលកន្លងមក។ តាមរយៈកិច្ចសំណេះសំណាលនេះ អ្នកចូលរួមបានលើកឡើងនូវចម្ងល់ និងយោបល់ជាច្រើនពាក់ព័ន្ធនឹងដំណើរការប្រឡង។

គួរបញ្ជាក់ថា គិតមកដល់បច្ចុប្បន្ន ក្រសួងមុខងារសាធារណៈបានរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិលចំនួន ៥៨លើករួចមកហើយ។ ក្នុងគ្រប់ការប្រឡងទាំងអស់ សុទ្ធតែមានវត្តមានអ្នកសង្កេតការណ៍ស្ម័គ្រចិត្តរាប់ពាន់នាក់ មកពីសាធារណជន តំណាងសាកលវិទ្យាល័យ និងសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានចូលរួមតាមដានដំណើរការប្រឡងគ្រប់ជំហាន។