ប្រធានអាស៊ាន ជំរុញឱ្យមីយ៉ាន់ម៉ាដោះលែងអ្នកទោសបន្ថែមទៀត រួមទាំងអតីតមេដឹកនាំមីយ៉ាន់ម៉ា លោកស្រី អ៊ុងសាន ស៊ូជី ផងដែរ!
សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) តាមរយៈប្រទេសហ្វីលីពីន ដែលកំពុងកាន់តំណែងជាប្រធានប្ដូរវេននៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២៦នេះ បានអំពាវនាវឱ្យប្រទេសមីយ៉ាន់ម៉ា ដោះលែងអ្នកទោសបន្ថែមទៀត រួមទាំងអតីតមេដឹកនាំ អ៊ុងសាន ស៊ូជី ដើម្បីជួយជំរុញដំណើរការសន្ទនាជាតិឱ្យមានភាពរួមបញ្ចូល និងឆ្ពោះទៅរកដំណោះស្រាយដោយសន្តិវិធី។

ក្នុងសេចក្តីថ្លែងការណ៍ផ្លូវការ ប្រទេសហ្វីលីពីន បានលើកឡើងថា ការលើកលែងទោសថ្មីៗនេះរបស់អាជ្ញាធរមីយ៉ាន់ម៉ា គឺជាជំហានវិជ្ជមានមួយ ប៉ុន្តែត្រូវការការបន្តអនុវត្តបន្ថែម ដើម្បីបង្កើនទំនុកចិត្ត និងបង្កើតបរិយាកាសសមស្របសម្រាប់ការចរចានយោបាយជាតិ។
អាស៊ានបានបញ្ជាក់ថា ខ្លួននៅតែប្តេជ្ញាចិត្តក្នុងការជួយប្រទេសមីយ៉ាន់ម៉ា ក្នុងនាមជាសមាជិកសំខាន់មួយ ដើម្បីសម្រេចបាននូវដំណោះស្រាយយូរអង្វែងចំពោះវិបត្តិនយោបាយ ដែលបានបន្តចាប់តាំងពីព្រឹត្តិការណ៍ រដ្ឋប្រហារឆ្នាំ ២០២១ នៅមីយ៉ាន់ម៉ា។
គួរបញ្ជាក់ដែរថា លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានឃុំខ្លួនចាប់តាំងពីរដ្ឋាភិបាលរបស់លោកស្រី ត្រូវបានផ្តួលរំលំក្នុងរដ្ឋប្រហារនោះ។ កាលពីពេលថ្មីៗនេះ សុខុមាលភាពរបស់លោកស្រី ត្រូវបានលើកឡើងក្នុងជំនួបរវាង Sihasak Phuangketkeow អនុរដ្ឋមន្ត្រីការបរទេសថៃ និងមេដឹកនាំយោធាមីយ៉ាន់ម៉ា Min Aung Hlaing ដោយភាគីមីយ៉ាន់ម៉ា បានអះអាងថា លោកស្រីកំពុងត្រូវបានថែទាំយ៉ាងល្អ ប៉ុន្តែមិនបានបញ្ជាក់លម្អិតពីស្ថានភាពផ្សេងបន្ថែមឡើយ។
តាមប្រភពព័ត៌មាន លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានកាត់ទោសជាច្រើនករណី និងមានទោសរយៈពេលយូរ។ ទោះជាយ៉ាងណា ការលើកលែងទោសកាលពីសប្តាហ៍មុន បានបន្ថយទោសរបស់លោកស្រីមួយផ្នែក និងនាំឱ្យមានការដោះលែងមនុស្សជាច្រើន រួមទាំងអតីតប្រធានាធិបតី Win Myint ផងដែរ។
ដោយឡែក ប្រធានអាស៊ានក៏បានអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់ បន្តអនុវត្តវិធានការដែលអាចជួយកាត់បន្ថយភាពតានតឹង និងបើកផ្លូវឱ្យមានការចរចាដែលមានភាពស្មើភាព និងរួមបញ្ចូលគ្នា ដើម្បីស្ដារស្ថិរភាព និងសន្តិភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា។
ប្រភព៖ Reuter















