|

តំណែងជានាយករដ្ឋមន្ត្រីអាចជាក្ដីប្រាថ្នារបស់មនុស្សជាច្រើន តែការលះបង់ក្នុងកាតព្វកិច្ចជានាយករដ្ឋមន្ត្រី មិនប្រាកដថានរណាក៏អាចធ្វើបាន!


ដោយ៖ ផាត់ គីមឆែ

កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ ម្សិលមិញនេះ ជាថ្ងៃខួបគម្រប់ ៧០ ឈានចូល ៧១ឆ្នាំរបស់សម្ដេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ជាថ្ងៃដែលសម្ដេចបានអញ្ជើញទៅទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ អាស្រ្តាហ្សេនីកា​ (Astra Zeneca) ដែលជាជំនួយរបស់រាជរដ្ឋាភិបាល និងប្រជាជននៃចក្រភពអង់គ្លេសនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញផងដែរ។ វ៉ាក់សាំង អាស្ត្រាហ្សេនីកា (Astra Zeneca) នេះ នឹងត្រូវប្រើប្រាស់ជាដូសទី៣ សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងនាពេលខាងមុខនេះ។

បើទោះបីជានៅថ្ងៃកំណើតក៏ដោយ តែសម្ដេច ហ៊ុន សែន​ បានចំណាយពេលទៅទទួលវ៉ាក់សាំងដោយផ្ទាល់។ ការលះបង់ពេលវេលាជួបជុំគ្រួសារដើម្បីអញ្ជើញទៅទទួលជំនួយវ៉ាក់សាំង ចំនួន ៤១៥,០០០ ដូស ដោយផ្ទាល់នេះ ត្រូវបានគេមើលឃើញថា ជាការឆ្លុះបញ្ចាំងពីការទទួលខុសត្រូវខ្ពស់ ចំពោះសុខុមាលភាពរបស់ប្រជាពលរដ្ឋ និងលើកិច្ចការប្រទេសជាតិទាំងមូល ក្នុងយុទ្ធនាប្រយុទ្ធប្រឆាំងកូវីដ-១៩ ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ ទន្ទឹមនឹងនេះ ការលះបង់វេលាផ្ទាល់ខ្លួន ដើម្បីកិច្ចការដ៏ចាំបាច់សម្រាប់ប្រទេសជាតិ នេះជាការមួយឆ្លើយតបទៅនឹងគោលនយោបាយដឹកនាំកម្ពុជាឲ្យរួចផុតពីដំណាក់កាលដ៏លំបាកនៃជំងឺឆ្លង ដោយនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានបញ្ជាក់ថា វ៉ាក់សាំងជាដំណោះស្រាយដ៏សមស្របបំផុត ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩។

ការគិតគូរលើសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ និងយកចិត្តទុកដាក់លើបញ្ហាប្រទេសជាតិជាធំ ជាការមួយបញ្ជាក់ថា ការស្រមៃធ្វើជានាយករដ្ឋមន្ត្រី ជាអ្វីដែលមនុស្សគ្រប់រូបអាចធ្វើទៅបាន តែការដាក់នូវទំនួលខុសត្រូវចំពោះកិច្ចការប្រទេសជាតិទាំងមូល មិនមែនជាការងាយស្រួល ហើយក៏មិនមែនមនុស្សគ្រប់រូបសុទ្ធតែអាចធ្វើបាននោះទេ។ ឆ្លើយតបទៅនឹងកាយវិការដ៏មានទំនួលខុសត្រូវបែបនេះ លោក ហ៊ុន ម៉ានី ដែលជាបុត្ររបស់សម្ដេចបានបង្ហាញពីរូបភាពមួយចំនួនរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងក្រុមគ្រួសារនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក អមជាមួយសារដែលមានខ្លឹមសារ យ៉ាងដូច្នេះថា៖​

«តាំងពីយុវវ័យមកដល់ពេលនេះ ពុកមិនសូវមានពេលវេលាច្រើនសម្រាប់ខ្លួនឯងនោះទេព្រោះកិច្ចការងារដឹកនាំគ្រប់គ្រងសភាពការណ៍ ដើម្បីសុខសុវត្ថិភាពរបស់ប្រជាជនទាំងមូលតម្រូវអោយពុកតាមដានគ្រប់ពេល ជាពិសេសដំណាក់កាលនេះ គឺការគ្រប់គ្រងការរីករាលដាលនៃជំងឺ កូវីដ១៩។ ម៉ែកូនៗ និងចៅៗយល់ច្បាស់ណាស់ចំពោះការលះបង់របស់ពុកសម្រាប់ប្រទេសជាតិ និងប្រជាជនគឺស្ទើរតែមួយជីវិតទៅហើយ ហើយកូនៗពិតជាមានមោទនៈភាពចំពោះភាពជាគម្រូនេះ។ ទោះយ៉ាងណាក្ដីមិនមានឱកាសច្រើនពេកនោះទេបើគិតពី៣៦៥ថ្ងៃក្នុង១ឆ្នាំទៅមួយឆ្នាំដើម្បីរៀបចំជួបជុំគ្រួសាររបៀបនេះ អ៊ីចឹងក្នុងឱកាសថ្ងៃខួបកំណើតរបស់ពុក ទាំងម៉ែ កូនៗ និងចៅ គឺរៀបចំកម្មវិធីជួបជុំក្រុមគ្រួសារនេះ ដែលទោះរយៈពេលត្រឹមតែបាយមួយពេលប៉ុណ្ណោះ ប៉ុន្តែអាចឲ្យមានឱកាសនាំគ្នាលើកពីរឿងផ្សេងៗក្រៅពីការងារដើម្បីស្នាមញញឹមជាលក្ខណៈគ្រួសារ»៕

កែសម្រួលដោយ៖ BRANDMEDIA