លោកស្រី គីម យ៉ូជុង គម្រាមសងសឹកលើសពីការស្មាន ប្រសិនបើឃើញដ្រូនកូរ៉េខាងត្បូងហោះចូលដែនអាកាសខ្លួនម្ដងទៀត
លោកស្រី គីម យ៉ូជុង ប្អូនស្រីដ៏មានអំណាចរបស់មេដឹកនាំកូរ៉េខាងជើង បានចេញមុខព្រមានជាថ្មីដល់ទីក្រុងសេអ៊ូលថា កូរ៉េខាងជើងនឹងឆ្លើយតបវិញយ៉ាងចាស់ដៃបំផុត ប្រសិនបើមានការបង្ហោះដ្រូនចូលមកក្នុងដែនដីរបស់ខ្លួនជាលើកក្រោយទៀត។

ពាក់ព័ន្ធនឹងវិវាទដ្រូននេះ លោកស្រី គីម យ៉ូជុង បានថ្លែងតាមរយៈទីភ្នាក់ងារសារព័ត៌មានមជ្ឈឹមបក្ស (KCNA) ថា វាគឺជា “ទង្វើដ៏សមហេតុផល” ដែលមន្ត្រីជាន់ខ្ពស់កូរ៉េខាងត្បូងម្នាក់បានបង្ហាញការសោកស្តាយចំពោះការហោះហើររបស់ដ្រូនស៊ីវិលកាលពីពេលថ្មីៗនេះ។ ទោះជាយ៉ាងណាក៏ដោយ លោកស្រីបានសង្កត់ធ្ងន់ថា គ្រាន់តែពាក្យសម្តីគឺមិនទាន់គ្រប់គ្រាន់ទេ ដោយទាមទារឱ្យរដ្ឋាភិបាលកូរ៉េខាងត្បូងចាត់វិធានការឱ្យបានតឹងរ៉ឹងបំផុតដើម្បីបង្ការកុំឱ្យរឿងនេះកើតឡើងទៀត។ លោកស្រីបានព្រមានថា៖ «រាល់ការបង្កហេតុដែលរំលោភលើអធិបតេយ្យភាពរបស់កូរ៉េខាងជើង នឹងរងនូវការសងសឹកលើសពីសមាមាត្រ ដែលនឹងធ្វើឱ្យភាគីម្ខាងទៀតជួបលទ្ធផលដ៏គួរឱ្យរន្ធត់បំផុត»។

មជ្ឈដ្ឋានអ្នកវិភាគយល់ឃើញថា ភាពតានតឹងនេះកាន់តែក្ដៅឡើង បន្ទាប់ពីអាជ្ញាធរកូរ៉េខាងត្បូងបានឆែកឆេរទីស្នាក់ការភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិ (NIS) និងបញ្ជាការដ្ឋានស៊ើបការណ៍ការពារជាតិ កាលពីថ្ងៃអង្គារ ដើម្បីស៊ើបអង្កេតថា តើមានមន្ត្រីយោធា ឬភ្នាក់ងារសម្ងាត់ណាខ្លះនៅពីក្រោយការបង្ហោះដ្រូនចូលទៅកាន់ទីក្រុងកែសុង (Kaesong) កាលពីខែមករា។ ទោះបីជានាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Lee Jae Myung កំពុងព្យាយាមស្ដារទំនាក់ទំនងជាមួយទីក្រុងព្យុងយ៉ាងក៏ដោយ ប៉ុន្តែរឿងអាស្រូវដ្រូននេះបានក្លាយជាឧបសគ្គដ៏ធំដែលកំពុងរុញច្រានឧបទ្វីបកូរ៉េឱ្យខិតជិតទៅរកការផ្ទុះសង្គ្រាម ជាថ្មីម្ដងទៀត។
ប្រភព៖ AP














