ខេត្តកំពង់ឆ្នាំង គ្រោងការសាងសង់មជ្ឈមណ្ឌលចាស់ជរានៅបរិវេណវត្តពោធិ៍រុក្ខារាម ដើម្បីផ្សារភ្ជាប់ទៅនឹងពុទ្ធសាសនា
នាព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥កន្លងទៅនេះ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ឆ្នាំង អមដំណើរដោយរដ្ឋបាលឃុំកំពង់ត្រឡាច បានជួបពិភាក្សាជាមួយព្រះចៅអធិការស្ដីទីវត្តពោធិ៍រុក្ខារាម ហៅវត្តកំពង់ត្រឡាចលើ គណៈកម្មការ អាចារ្យ និងពុទ្ធបរិស័ទចំណុះជេីងវត្ត ដើម្បីពិភាក្សាការងារគ្រោងរៀបចំទីតាំង និងសាងសង់មណ្ឌលចាស់ជរា ដែលស្ថិតក្នុងបរិវេណដីរបស់វត្ត នៅភូមិកំពង់ត្រឡាចលើ ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ឯកឧត្តមបណ្ឌិត បានទូលប្រគេនព្រះចៅអធិការ និងគណៈកម្មការ អាចារ្យ ព្រមទាំងពុទ្ធបរិស័ទទាំងអស់ អំពីគោលបំណង នៃការសាងសង់មជ្ឈមណ្ឌលចាស់ជរានៅបរិវេណវត្តនេះ ដើម្បីផ្សារភ្ជាប់មជ្ឈមណ្ឌលចាស់ជរានេះ ទៅនឹងពុទ្ធសាសនា ដែលជាកន្លែងសម្រាប់ប្រោសគ្រប់សត្វលោកទាំងអស់ ដាក់ទានធ្វេីបុណ្យ។ ក្នុងនោះដែរ វត្តក៏ជាកត្តាយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកអប់រំ ទូន្មាន ប្រៀនប្រដៅឱ្យគ្រប់មនុស្សទាំងអស់ដេីរលេីផ្លូវត្រូវ។




ជាងនេះទៅទៀត ក្រោយពីបានពិនិត្យ ឯកឧត្តមបណ្ឌិត បានលេីកឡេីងថា ទីតាំងនេះពិតជាអំណោយផលល្អសម្រាប់ការរៀបចំមជ្ឈមណ្ឌលចាស់ជរា ទីធ្លាធំទូលាយ និងជាពិសេសអាចឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលមកទស្សនាវត្តកំពង់ត្រឡាចលេីនោះ អាចចូលរួមបរិច្ចាគថវិកា ក្នុងមូលនិធិទ្រទ្រង់មណ្ឌលចាស់ជរានេះផងដែរ។ បន្ទាប់ពីបញ្ចប់ ឯកឧត្ដមបណ្ឌិត ក៏បានជូនថវិកាមួយចំនួនដល់លោកតាចំនួន ៩នាក់។
ប្រភព៖ បណ្ឌិត ហុឺវីរៈ











