ទស្សនៈនិស្សិត៖ វិធីសាស្រ្តជួយឲ្យការរៀនវេយ្យាករណ៍ភាសាអង់គ្លេសកាន់តែល្អប្រសើរ
អត្ថបទដោយ៖ កញ្ញា សារិ សៀងហេង
ភាសាអង់គ្លេស ត្រូវបានមនុស្សទូទៅ ពិសេសអ្នកសិក្សាតែងសំដៅដល់ប្រទេសធំៗចំនួនពីរ គឺចក្រភពអង់គ្លេស និងសហរដ្ឋអាម៉េរិក។ យោងលើគេហទំព័របរទេស នៅក្នុងសហរដ្ឋអាម៉េរិក យ៉ាងហោចណាស់មានជនជាតិដើមនិយាយភាសាអង់គ្លេសប្រមាណ២៣០លាននាក់ ខណៈនៅឯចក្រភពអង់គ្លេសមានត្រឹមតែ៦០លាននាក់ប៉ុណ្ណោះ។ ក្រៅពីប្រទេសធំៗទាំងពីរនេះ យើងក៏សង្កេតឃើញមានការប្រើប្រាស់ភាសាអង់គ្លេសជាផ្លូវការនៅក្នុងប្រទេសលំដាប់បន្ទាប់ដែរ ជាក់ស្តែងដូចជាប្រទេសកាណាដា មានជនជាតិដើមនិយាយភាសាអង់គ្លេសរហូតដល់២០លាននាក់ និងប្រទេសអូស្ត្រាលីមានប្រមាណ១៧លាននាក់ នេះបើតាមការបញ្ជាក់ពីគេហទំព័រដដែល។
ដ្បិតថាភាសាអង់គ្លេសពុំត្រូវបានប្រើប្រាស់ជាភាសាផ្លូវការ ឬជាភាសាទីមួយ (official languages) ក៏នៅតាមបណ្តាប្រទេសជាច្រើនទូទាំងពិភពលោកបាននិងកំពុងប្រើប្រាស់ភាសាអង់គ្លេសសម្រាប់ការទំនាក់ទំនង ឬសម្រាប់ផ្នែកធុរៈកិច្ច ឬសម្រាប់ការអប់រំ និងការបកប្រែជាដើម ក្នុងនោះក៏មានកម្ពុជាយើងផងដែរ។ ក្នុងបរិការណ៍វិស័យអប់រំកម្ពុជានិយាយដោយឡែក អ្នកសិក្សាតែងមានការជជែកវែកញែកគ្នាជាហូរហែអំពីភាពងាយស្រួល និងភាពពិបាកក្នុងការចាប់យក (ការសរសេរ ការនិយាយ និងការស្តាប់ជាដើម) ពិសេសផ្នែកវេយ្យាករណ៍របស់ភាសាអង់គ្លេស។ តើមានវិធីសាស្ត្របែបណា ដើម្បីឱ្យរៀនវេយ្យាករណ៍ភាសាអង់គ្លេសកាន់តែល្អប្រសើរ?
យុវជន ប៊ិន វិស្សុតស័ក្តិ ជានិស្សិតអក្សរសាស្រ្តអង់គ្លេសឆ្នាំទី២ នៃដេប៉ាតឺម៉ង់ភាសាអង់គ្លេស នៃវិទ្យាស្ថានភាសាបរទេស (IFL) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) បានចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនយ៉ាងដូច្នេះថា៖ “សម្រាប់ខ្ញុំ ដើម្បីរៀនវេយ្យាករណ៍ភាសាអង់គ្លេសឲ្យកាន់តែមានប្រសិទ្ធ យើងជានិស្សិតត្រូវចងចាំក្បួនច្បាប់ក្នុងការប្រើប្រាស់ឲ្យបានស្ទាត់ រួចទាមទារឱ្យយើងយល់ដឹងឲ្យបានច្បាស់នូវការប្រើប្រាស់វេយ្យាករណ៍ឲ្យត្រូវតាមករណីមួយៗចៀសវាងមានការលម្អៀងអត្ថន័យ។”
“ការទន្ទេញឲ្យស្ទាត់ គឺសំដៅដល់ការប្រើប្រាស់ទម្រង់កិរិយាសព្ទជាដើម (Ex: drive, drove, driven ដែលជាការផ្លាស់ប្តូរនៃទម្រង់សរសេរទៅតាមកាល និងករណីដែលយើងប្រើ)។ រីឯការប្រើប្រាស់ត្រូវករណី គឺអាចរៀនបានតាមការកែកំហុស និងសួរយោបល់ពីអ្នកដែលគេចេះស្ទាត់។ យល់ល្អ បើឧស្សាហ៍ស្តាប់ជនជាតិដើមនិយាយហើយកត់សម្គាល់ការប្រើប្រាស់របស់ពួកគេ គឺកាន់តែល្អ ព្រោះថាជួនកាល ទ្រឹស្តីមេរៀនអាចថាពិបាកយល់ ឬមើលយល់ដែរតែមិនដឹងអនុវត្តយ៉ាងម៉េច, យុវជនខាងលើបញ្ជាក់យ៉ាងដូច្នេះ”។
យុវតីស្រស់សោភា មុត ស្រីឡែន ជានិស្សិតឆ្នាំទី២ដូចគ្នា នៃដេប៉ាតឺម៉ង់ភាសាអង់គ្លេស នៃវិទ្យាស្ថានភាសាបរទេស (IFL) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) និងសាកលវិទ្យាល័យលីមកុកវីងផ្នែកស្ថាបត្យកម្មខាងក្នុងបានលើកឡើងបទពិសោធន៍ជាក់ស្តែងជាចំណុចៗជុំវិញប្រធានបទនេះថា៖
១. ការកត់ចំណាំ
បន្ទាប់ពីការសិក្សានៃមេរៀនវេយ្យាករណ៍ណាមួយ ខ្ញុំតែងតែចំណាយពេលវេលាសរសេរមេរៀនសារជាថ្មីក្នុងកូនសៀវភៅតូចមួយ ដែលក្នុងនោះគឺមានតែចំណុចសំខាន់ៗ ឧទាហរណ៍ របៀបប្រើប្រាស់ និងចំណុចដែលត្រូវចងចាំផ្សេងៗ។ ការធ្វើបែបនេះជួយឲ្យខ្ញុំចងចាំក្បួននៃការប្រើប្រាស់ និងប្រើវាជាជំនួយនៅពេលខ្ញុំអនុវត្ត។
២. អនុវត្ត
វាជារឿងធម្មតាដែលការសិក្សាទាមទារឱ្យមានការអនុវត្ត។ ចំពោះនាងខ្ញុំផ្ទាល់ ការធ្វើលំហាត់ជួយឲ្យខ្ញុំយល់វេយ្យាករណ៍កាន់តែខ្លាំង ព្រោះវាប្រៀបដូចជាការរំលឹកមេរៀន ក៏ដូចជាការបង្ហាញនូវចំណុចខ្វះខាតរបស់ខ្ញុំផ្ទាល់។ ក្រៅពីសៀវភៅរបស់សាលា ខ្ញុំចូលចិត្តធ្វើលំហាត់នៅក្នុងសៀវភៅវេយ្យាករណ៍មួយមានឈ្មោះថា English Grammar in Use ដែលជាប្រភេទសៀវភៅវេយ្យាករណ៍សិក្សាដោយខ្លួនឯង។
៣. ការកែសម្រួល (Peer Editing)
ខ្ញុំយល់ថាការជួយគ្នាកែតម្រូវវេយ្យាករណ៍ជាវិធីសាស្រ្តមួយដែលសប្បាយ និងមានប្រសិទ្ធភាព ពីព្រោះថា ការកែសម្រួលអ្នកដទៃទាមទារឲ្យខ្លួនខ្ញុំផ្ទាល់មានភាពជឿជាក់ និងច្បាស់លាស់នូវអ្វីដែលខ្ញុំធ្វើ។
មិនថាភាសាបរទេសណាមួយនោះទេ ផលវិបាក និងភាពងាយស្រួលតែងកើតមានទន្ទឹមគ្នាទៅលើបុគ្គលអ្នកសិក្សា និងអាស្រ័យទៅលើកម្រិតនៃការប្រឹងប្រែង ឬបច្ចេកទេសផ្ទាល់ខ្លួន។ គួបផ្សំនឹងវិធីសាស្ត្រខ្លីៗដែលបានអធិប្បាយខាងលើ ការយល់ដឹងពីក្បួនខ្នាតវេយ្យាករណ៍ភាសាជាតិ ឬភាសាទី១របស់ខ្លួន ក៏ជាកត្តាមួយដែលជួយជំរុញឱ្យយើងងាយចាប់បាន ឬរៀនសូត្របានលឿននូវភាសាបរទេស ឬភាសាទី២ផងដែរ៕
កែសម្រួលដោយ៖ BRANDMEDIA