|

បេក្ខជនជិត៩ពាន់នាក់ចូលរួមប្រឡងជ្រើសរើសគ្រូបង្រៀនថ្នាក់បឋមសិក្សា នៅ៥ខេត្ត តែការជ្រើសរើសមានតែជាង៣ពាន់នាក់ប៉ុណ្ណោះ


នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ក្រោមការដឹកនាំ និង បានរៀបចំឡើងនូវ ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ នៅមណ្ឌលប្រឡងវិទ្យាស្ថានជាតិអប់រំ NIE។

គួរបញ្ជាក់ផងដែរថា ការជ្រើសរើសគ្រូបង្រៀនផ្នែកលើកិច្ចព្រមព្រៀង មាន បេក្ខជនសរុបចំនួន ៨,៨៩៥នាក់ (ស្រី ៦,១៩៥នាក់) ដោយត្រូវគោរពតាមគោលការណ៍និយាមនីតិវិធីស្តីពីការប្រឡងប្រជែង ដើម្បីបានជាប់និងក្លាយជាគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារនៅសាលាបឋមសិក្សា។

យ៉ាងណាមិញ មានតែបេក្ខជនចំនួន ៣,២១៣នាក់ប៉ុណ្ណោះ នឹងត្រូវបានជ្រើសរើសចុងក្រោយដើម្បីបានចូល បម្រើការងារនៅតាមគ្រឹះស្ថានបឋមសិក្សាសាធារណៈ ក្នុងខេត្តចំនួន០៥ រួមមាន៖ ខេត្តព្រៃវែង ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តបាត់ដំបង និងខេត្តតាកែវ។

ដោយឡែក ក្នុងដំណើរការប្រឡង និងកំណែរសន្លឹកកិច្ចការប្រឡង នឹងមានការចូលរួមសង្កេតការណ៍ពីអង្គភាពប្រឆាំងអំពើពុករលួយចំនួន៣១៦នាក់ សហភាពសហព័ន្ធយុវជនកម្ពុជា ៥០នាក់ តំណាងសាកលវិទ្យាល័យ ១២នាក់ តំណាងមហាជន ១៦នាក់ និងអ្នកសារព័ត៌មានស្ថាប័នចំនួន១២។

ជាថ្មីម្តងទៀត ការប្រកាសលទ្ធផលការកំណែសន្លឹកប្រឡងនឹងចាប់ផ្តើមនៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅសាលាភូមិន្ទរដ្ឋបាល ដោយមានគ្រូកំណែសរុបចំនួន ២៥២ នាក់ (រួមមានគរុនិស្សិត ២០៤ នាក់ និងមន្រ្តីជាន់ខ្ពស់ចំនួន ៤៨ នាក់)។ គួរបញ្ជាក់ផងដែរថា ក្រសួងអប់រំ នឹងគ្រោងប្រកាសលទ្ធផលចុងក្រោយ នាល្ងាច នៅ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥។

ជាងនេះទៅទៀត ការប្រឡងប្រជែងនេះមានគោលបំណងធានាថាការជ្រើសរើសគ្រូបង្រៀនប្រព្រឹត្តទៅដោយតម្លាភាព មានសុចរិតភាព និងគោរពតាមនីតិវិធី ដើម្បីបំពេញតម្រូវការគ្រូបង្រៀនជាសាធារណៈក្នុងប្រព័ន្ធអប់រំជាតិនៅក្នុង ឆ្នាំ២០២៥នេះ។