ការពិតដ៏អស្ចារ្យទាំង៧យ៉ាងអំពីប្រាសាទអង្គរវត្ត
ដោយ៖ ផាត់ គឹមឆែ
ប្រាសាទអង្គរវត្ត គឺជាវិមានសាសនាដ៏សំខាន់បំផុតមួយនៅលើពិភពលោក និងជាចំណុចលេចធ្លោនៃប្រវត្តិសាស្ត្រកម្ពុជា។ ក្រៅពីត្រូវបានគេស្គាល់ថាជានិមិត្តរូបនៃសាសនា តំបន់ប្រាសាទដ៏ធំមួយនេះក៏ជាផ្នែកមួយដ៏សំខាន់នៃវប្បធម៌ខ្មែរ និងជាគោលដៅទីមួយ នៃអ្នកទេសចរភាគច្រើន នៅពេលទៅលេងប្រទេសកម្ពុជា។ មិនថាអ្នកមានគម្រោងទៅទស្សនា ឬគ្រាន់តែចង់ដឹងអំពីទីតាំងដ៏ពិសិដ្ឋដែលមានអាយុកាលជិត ១០០០ ឆ្នាំនេះក៏ដោយ ទាំងនេះគឺជាការពិត ៧យ៉ាងដែលអ្នកគួរដឹង អំពីប្រាសាទអង្គរវត្ត។
១. ប្រាសាទអង្គរវត្តជាបូជនីយដ្ឋានសាសនាធំជាងគេបំផុតនៅលើពិភពលោក
ប្រាសាទអង្គរមានកម្ពស់ ៦៥ម៉ែត្រ មានផ្ទៃក្រឡាប្រហែល ២០០ ហិចតា រាងចតុកោណកែង ដែលកំណត់ដោយកំពែងព័ទ្ធជុំវិញ និងគូទឹក ដែលមានទទឹង ២០០ម៉ែត្រ។ បរិវេណនៃកំពែង មានប្រវែងប្រហែល ៥,៥ គីឡូម៉ែត្រ។ ផ្លូវចូលធ្វើអំពីថ្មភក់ មានប្រវែង បណ្ដោយ ២៥០ម៉ែត្រ និងទទឹង ១២ម៉ែត្រ។ ប្រាសាទអង្គរជាទីតាំងសាសនាធំជាងគេបំផុតនៅលើពិភពលោក ថែមទាំង មានប្រាសាទតូចធំជាច្រើន ដែលរាយប៉ាយពាសពេញតំបន់អង្គរ។
២. ត្រូវបានផ្សាយសាសនាធំៗចំនួនពីរ
ដើមឡើយប្រាសាទអង្គរវត្តកសាងឡើងដើម្បី ឧទ្ទិសដល់ព្រះព្រះវិស្ណុ ក្នុងសាសនាព្រាហ្មណ៍។ ប៉ុន្តែ ប៉ុន្មានឆ្នាំមកនេះ គឺមានការឡូកឡំគ្នា ជាមួយទ្រឹស្ដីព្រះពុទ្ធសាសនាបន្តិចម្តងៗ។ ប្រាសាទនេះត្រូវបានឧទ្ទិសសម្រាប់សាសនាទាំងពីរនាពេលបច្ចុប្បន្ននេះ ហើយត្រូវបានគេចាត់ទុកថាជាទីសក្ការៈដ៏ពិសិដ្ឋសម្រាប់ពុទ្ធសាសនា និងព្រហ្មញ្ញសាសនា។
៣. ឈ្មោះ«អង្គរវត្ត» ប្រាប់ពីអត្ថន័យនៃប្រាសាទនេះ
ជាភាសាខ្មែរ “ អង្គរវត្ត” មានន័យថា“ ទីក្រុងវត្ត” ។ ឈ្មោះដើមគឺ ព្រះវិស្ណុលោក“Vishnuloka” មានន័យថា“ ទីជម្រកដ៏ពិសិដ្ឋរបស់ព្រះវិស្ណុ” នៅក្នុងភាសាសំស្ក្រឹត។ នៅពេលបច្ចុប្បន្ន មានប្រាសាទ ជាច្រើន នៅតែត្រូវបានរកឃើញក្នុងទីក្រុងប្រវត្តិសាស្ត្រនេះ។
៤. ត្រូវបានសាងសង់ឡើងតាមលំនាំភ្នំសុមេរុ
នៅក្នុងទេវកថាហិណ្ឌូ ភ្នំសុមេរុ គឺជាភ្នំដ៏ពិសិដ្ឋមួយនៅចំកណ្តាលសកលលោកដែលមានកំពូលភ្នំប្រាំ។ តាមការនិទានបានបង្ហាញថាអាទិទេពធំៗទាំងបីរបស់ហិណ្ឌូមានទីតាំងនៅទីលើភ្នំនេះ គឺព្រះព្រហ្ម ជាអ្នកបង្កើតលោក ព្រះវិស្ណុជាអ្នកថែរក្សា និងព្រះសិវៈជាអ្នកបំផ្លាញលោក។ ពួកអាទិទេព ឬ ទេវតា ក៏រស់នៅលើភ្នំនេះដែរ។ ប្រាង្គសំខាន់ៗទាំង ៥ នៃប្រាសាទនេះត្រូវបានគេសាងសង់ឡើង ស្រដៀងនឹងភ្នំព្រះសុមេរុ ដែលជាទេវស្ថាននៃពួកទេវៈ។
៥. ប្រាសាទអង្គរវត្តសាងសង់ឡើងបែរទៅទិសខាងលិច
ប្រាសាទ ភាគច្រើនត្រូវបានកសាងឡើងបែរមុខទៅខាងកើត លើកលែងប្រាសាទអង្គរវត្ត។ ហេតុផលសម្រាប់បញ្ហានេះគឺការជាប់ទាក់ទងគ្នារវាងជីវិតនិងសេចក្តីស្លាប់។ គឺពេលព្រះអាទិត្យ អស្ដង្គត នៅទិសខាងលិចនេះ គឺជានិមិត្តរូបនៃការស្លាប់ ព្រះអាទិត្យរះនៅទិសខាងកើត គឺជានិមិត្តរូបនៃជីវិតនិងអ្វីៗផ្សេងទៀត។ កាលដែលប្រាសាទអង្គរវត្តត្រូវបានបែរទៅទិសខាងលិច គេគិតថាចេតនាដើមប្រហែលជាត្រូវប្រើវាជាកន្លែងបញ្ចុះសពឬតំបន់ផ្នូររបស់ស្តេច។
៦. ក្រសោបបាន៥០% នៃទេសចរអន្តរជាតិ
តំបន់ប្រាសាទដ៏ធំ គឺជាមូលហេតុចម្បងដែលមានភ្ញៀវទេសចរអន្តរជាតិជាង ៥០% មកទស្សនាជារៀងរាល់ឆ្នាំ។ ប្រជាជនកម្ពុជាមានមោទនភាពចំពោះប្រាសាទអង្គរវត្តហើយរីករាយ ក្នុងការប្រាប់ពីរឿងរ៉ាវ និងប្រវត្តិសាស្រ្តនៃតំបន់បុរាណនេះ ទៅកាន់ភ្ញៀវទេសចរ។ ប្រជាជនកម្ពុជាពិតជាមាន មោទនភាពក្រៃលែងក្នុងការដាក់ រូបបូជនីយដ្ឋានដ៏ពិសិដ្ឋនេះ លើទង់ជាតិនៃប្រទេសកម្ពុជា នៅឆ្នាំ ១៨៥០ ។
៧. ប្រើកម្លាំងមនុស្ស រួមទាំងសត្វដំរីជាច្រើនក្នុងការកសាង
ប្រាសាទអង្គរវត្តត្រូវបានសាងសង់ឡើងនៅដើមសតវត្សរ៍ទី ១២ មុនពេលការមានការបង្កើតម៉ាស៊ីនគិតលេខឬឡានដឹកទំនិញទៅទៀត។ ដូចនេះសំណង់ប្រាសាទដ៏មហិមានេះ ត្រូវការកម្លាំងមនុស្សច្រើននាក់ដើម្បីសាងសង់។ ការសាងសង់ចំណាយពេលប្រហែល ៣៥ ឆ្នាំដោយប្រើកម្មករ ៣០០.០០០ នាក់និងដំរី ៦,០០០ក្បាល៕
ប្រភព៖ Big 7 Travel, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ