|

អាថ៌កំបាំងក្នុងការសរសេរកំណាព្យរឿងឱ្យបានល្អ


អត្ថបទដោយ៖ ង៉ុយ  សារិកា

ជើង​កាព្យ​ល្អបូក​នឹងសាច់រឿង​ល្អ នឹង​នាំ​ឱ្យ​យើងអាចបង្កើត​បានជាកំណាព្យរឿង​ល្អ។ អ្វី​ទៅ​ហៅ​ថា​កំណាព្យរឿង​ល្អ? ពោលគឺ​មិនត្រឹម​តែ​មាន​រណ្ដំណែង​ណង ចុង​ចួន​ល្អនោះទេ តែ​សាច់​រឿងក៏​ត្រូវមាន​លក្ខណៈ​វិសេសប្លែកនិងបង្កប់​នូវតម្លៃអប់​រំ​ផង​ដែរ។ ការបង្កើត​សារ​អប់រំនៅក្នុង​កំណាព្យរឿងមិនពិបាកនោះទេ តែអ្វីដែលសំខាន់ គឺសារ​អប់រំដែល​មិនប្រាសចាកពី​ខ្លឹមសារ​សំខាន់​ក្នុងសាច់​រឿង។

កវីស្រីរូបស្រស់សោភាម្នាក់ដែលជាម្ចាស់ជ័យលាភីលេខ១ចំនួនពីរឆ្នាំជាប់គ្នា គឺក្នុងឆ្នាំ២០១៩ ជ័យលាភីលេខ១ ពានរង្វាន់ព្រះនាងឥន្ទ្រទេវី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ​ ​និងឆ្នាំ២០២០ ជ័យលាភីលេខ១ ពានរង្វាន់អក្សរសិល្ប៍ទន្លេមេគង្គ កវីស្រីរូបនេះមានឈ្មោះថា លឹម ផាន់ណា

កវី លឹម ផាន់ណា

តើមានអាថ៌កំបាំងឬវិធីសាស្រ្តអ្វីខ្លះក្នុងការសរសេរកំណាព្យរឿងឱ្យបានល្អ?

កវី លឹម ផាន់ណា បានមានប្រសាសន៍យ៉ាងដូច្នេះថា «ដើម្បីឱ្យ​កំណាព្យ​រឿងមានលក្ខណៈ​ប្លែក អ្នកនិពន្ធគប្បីចេះរុករក​វិធីសាស្រ្ដបង្កើត​ចំណោទបញ្ហា និងចង​សាច់រឿងឱ្យ​បានល្អទៅតាមគំនិតច្នៃប្រតិដ្ឋរបស់ខ្លួន ពោលគឺចេះ​លាក់​សាច់រឿង និង​បង្ហាញ​ដំណោះ​ស្រាយ​សម​ហេតុ​ផល»។ លើសពីនេះផងដែរកវីរូបនេះបានបន្ថែមទៀតថា «ការសរសេរ​សាច់រឿងបែបណា គឺជា​សេរីភាពរបស់អ្នកនិពន្ធតែការបង្កើតកំណាព្យ​រឿងឱ្យបានល្អមិនមែនជាការងាយស្រួលនោះទេ។ នេះហើយជាហេតុ​ផលដែលកវីនិពន្ធមួយ​ចំនួនដែល​មាន​សមត្ថភាពតែងកំណាព្យបានល្អ តែ​បែរ​ជា​មិនអាច​រក​សាច់​រឿង​ល្អបាន ឬមាន​សាច់រឿង​ល្អហើយតែខ្វះសិល្ប៍វិធីក្នុងការ​សរសេរ​ឱ្យមាន​ភាពទាក់ទាញ»។

ដើម្បី​សរសេរកំណាព្យរឿង​បានល្អ យើងគួរផ្ដោតលើ​ពីរចំណុចសំខាន់ដូចខាងក្រោម៖

/ ​ក្បួនតែងកំណាព្យ​៖ ​អ្នកនិពន្ធត្រូវច្បាស់ពីរង្វាស់កាព្យ ចង្វាក់ចុង​ចួន ប្រភេទ​បទ បរិយាកាស។ ជាទូទៅ ការបង្កើត​នូវកំហុស​ឆ្គងក្នុង​ចំណាប់ចួនជារឿង​ចៀសមិន​ផុតដូចជា ការចួនរវាងសូរ អនិងអ៊ ឬ​សូររលឿ​ជាដើម។ តែ​ការ​ចៀសបានគឺ​ជារឿងល្អបំផុត។ អ្នកនិពន្ធ​គប្បីអានស្នាដៃកំណាព្យឱ្យ​បាន​ច្រើន ឬ​ចេះ​ពាក្យឱ្យ​បាន​ច្រើនទើបមិនទាល់​ក្នុង​ការ​ចង​ពាក្យចួននៅក្នុងស្នាដៃកំណាព្យរឿងរបស់ខ្លួន។ អ្នកនិពន្ធខ្លះចំណាយពេលវេលាច្រើនក្នុងការបង្កើត​ឱ្យបាន​ច្រើន​បទក្នុង​កំណាព្យរឿង​របស់ខ្លួន តែ​ធ្វេស​ប្រហែសពុំបាន​ចំណាយពេលក្នុង​ការ​គិត​អំពី​សាច់រឿងឱ្យ​បានល្អ។

/ គំនិត​រឿង៖ អ្នកដែល​ចេះសរសេរ​រឿងជាពាក្យ​រាយ ងាយ​ក្នុង​ការ​បង្កើត​រឿងជាពាក្យ​កាព្យ។ តែ​មិនប្រាកដ​ថា អ្នកដែលអាច​និពន្ធ​រឿងជាពាក្យកាព្យ សុទ្ធតែ​បង្កើតបបាននូវកំណាព្យរឿង​ដ៏​ល្អនោះទេ។ ដើម្បីរក​បានគំនិត​រឿង​ល្អ អ្នកនិពន្ធ​ត្រូវ​ចេះ​សន្សំ​គំនិត​សម្រាប់​ខ្លួន​ឯង ដែល​គំនិត​ទាំងនោះកើតចេញពីការអានសៀវភៅ មើលភាពយន្ត និង​សង្កេត​ទៅលើ​ព្រឹត្តិការណ៍នានាដែល​កើតឡើង​នៅក្នុង​សង្គម។ អ្នកនិពន្ធដែលមាន​គំនិត​ច្នៃ​ប្រតិដ្ឋ ចេះច្បិច​យកជ្រុងណាមួយនៃ​សង្គមមក​បំបែក​ជាសាច់​រឿង។ អ្នក​និពន្ធមិន​គួរ​ចម្លង​​គំនិតរឿង ចេញពី​វីដេអូ​អប់រំណាមួយ​ដែលគេបានធ្វើរួចនោះទេ។  អាស្រ័យ​ហេតុ​នេះហើយអ្នកនិពន្ធ​គួរចំណាយពេលសិក្សាជំនាញ​បន្ថែមទៀតទៅលើវិជ្ជាតែងនិពន្ធ ឬឈ្វេងយល់​របៀប​នៃការ​សរសេរ​ពី​ស្នាដៃ​ល្អៗរបស់​អ្នកនិពន្ធ​ដែលមាន​ជំនាញច្បាស់លាស់។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នកវី លឹម ផាន់ណា អ្នកនិពន្ធ Freelance ក្នុងការងារណាទាំងឡាយដែលទាក់ទងនឹងការនិពន្ធ គឺកវី លឹម ផាន់ណា ទទួលធ្វើទាំងអស់ដូចជា និពន្ធអត្ថបទភាពយន្ត ស្ប៉តអប់រំ ទំនុកច្រៀង ល្ខោននិយាយ។ល។ ក្រៅពីជ័យលាភីលេខ១ដែលបានរៀបរាប់ទាំងពីរខាងលើនេះមក កវី លឹមផាន់ណា ក៏ធ្លាប់ទទួលបានជ័យលាភីជាច្រើនផ្សេងទៀតដូចជា៖

  • ២០១១: ជ័យលាភីលេខ៣ ផ្នែកសំណេរអត្ថបទ ស្តីអំពី “ការផ្សះផ្សាជាតិនិងតួនាទីយុវជនក្នុងការផ្សះផ្សាផ្លូវចិត្តជនរងគ្រោះក្រោយរបបខ្មែរក្រហម” ដែលរៀបចំដោយអង្គការ YRDP
  • ២០១២: ជ័យលាភីលេខ២ ផ្នែកកំណាព្យ ក្រោមប្រធានបទ “អំណាចទឹកចិត្ត” ដែលរៀបចំដោយសមាគមអ្នកសាបព្រោះ (មានអ្នកគ្រូ កែវ ចន្ទបូរណ៍ ជាអ្នកដឹកនាំ)
  • ២០១៣: ជ័យលាភីលេខ២ ផ្នែកទំនុកច្រៀង ស្តីអំពី “ធនធានធម្មជាតិ” ដែលរៀបចំដោយអង្គការ KYSD
  • នៅឆ្នាំ២០១៨: ជ័យលាភីលេខ២ ផ្នែកកំណាព្យរឿង “ម្លប់ជីវិត” ពានរង្វាន់ លី ធាមតេង រៀបចំដោយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
  • ២០១៩: ជ័យលាភីលេខ៣ ផ្នែករឿងខ្លី ពានរង្វាន់ពុទ្ធសាសនបណ្ឌិត្យ ក្រោមប្រធានបទ “ពុទ្ធទស្សនៈក្នុងការអភិវឌ្ឍសង្គមខ្មែរ”
  • ២០១៩: ជ័យលាភីលេខ២ ផ្នែករឿងខ្លី រង្វាន់មហោស្រពអក្សរសិល្ប៍លើកទី៣។

កំណាព្យខ្មែរ គឺជាផ្នែកមួយដ៏សំខាន់និងមានតម្លៃបំផុតនៃអក្សរសិល្ប៍ខ្មែរក៏ដូចជានៅក្នុងផ្នែកវប្បធម៌ទាំងមូល ដូចនេះសូមបងប្អូនជនរួមជាតិរួមដៃគ្នាថែរក្សា និងអភិរក្សកេរមរតករបស់បុព្វបុរសខ្មែរយើងនេះឱ្យបានស្ថិតស្ថេរគង់វង្សជាអមតៈតរៀងទៅ។​ ការចែករំលែកនូវគន្លឹះនៃការសរសេរអត្ថបទកំណាព្យឱ្យបានល្អនេះ យើងខ្ញុំសង្ឃឹមថានឹងក្លាយទៅជាប្រយោជន៍ និងចំណេះដឹងដែលថ្មីដល់​ប្រិយអ្នកអាន អ្នកសិក្សាទាំងឡាយផងដែរ។