|

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា សម្ដែងការសោកស្ដាយដែលសកម្មភាពប្រមាថ និងអសីលធម៌នៅប្រទេសថៃ បានកើតមានដោយចំហរ ដោយគ្មានវិធានការទប់ស្កាត់ណាមួយ


អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ប្រកាសថ្កោលទោសយ៉ាងខ្លាំង ចំពោះសកម្មភាពប្រមាថរបស់ថៃ មកលើថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជា ដោយបានយករូបថតនិងវីដេអូផ្សេងទៅបង្ហោះនិងធ្វើទង្វើមិនគួរគប្បីជាសាធារណៈ ដែលនេះបង្ហាញពីភាព អមនុស្សធម៌ ថោកទាប និងមិនអាចទទួលយកបាន

ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសយ៉ាងខ្លាំងចំពោះសកម្មភាពមិនសមរម្យរបស់ជនជាតិថៃមួយចំនួន ដែលបានយករូបថតថ្នាក់ដឹកនាំកម្ពុជាជាន់ខ្ពស់ រួមទាំងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំយោធា ទៅប្រើប្រាស់ជាសាធារណៈក្នុងទម្រង់មិនគួរគប្បី ដូចជាធ្វើជាផ្ទាំងបាញ់ស៊ីបសម្រាប់ប្រកួតប្រជែង ឬដាក់តាំងជារូបទីងមោង ដោយមានការប្រមាថ និងវាយប្រហារ។

អ្នកនាំពាក្យបានបញ្ជាក់ថា សកម្មភាពអសីលធម៌ ខ្វះភាពថ្លៃថ្នូរនេះ គឺជាអំពើដែលមិនអាចទទួលយកបានឡើយ។ កម្ពុជានិងប្រជាជាតិអាស៊ីជាទូទៅ រួមទាំងជនជាតិថៃ និងខ្មែរ តែងមានប្រពៃណីគោរពយ៉ាងខ្ពង់ខ្ពស់ចំពោះអង្គព្រះមហាក្សត្រ និងថ្នាក់ដឹកនាំជាន់ខ្ពស់។ ក្នុងហេតុនេះហើយ ថ្នាក់ដឹកនាំកម្ពុជានៅតែអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ មិនឲ្យយកព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រ និងរូបថតថ្នាក់ដឹកនាំទៅប្រើប្រាស់ក្នុងសកម្មភាពមិនសមរម្យណាមួយ និងកុំរើសអើងចំពោះជនជាតិថៃដែលកំពុងរស់នៅ និងប្រកបមុខរបរនៅកម្ពុជា។

រាជរដ្ឋាភិបាលកម្ពុជាបានន្ថែមថា ទោះបីជាកាលពីថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០២៥ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រមុខរដ្ឋស្តីទី ត្រូវទទួលរងការប្រមាថយ៉ាងខ្លាំងពីជនជាតិថៃមួយចំនួនក៏ដោយ ក៏សម្តេចនៅតែអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរមិនធ្វើសកម្មភាពបែបតបទៅវិញឡើយ។ វា ជាភស្តុតាងបង្ហាញពីគុណធម៌ និងចរិតប្រពៃរបស់ថ្នាក់ដឹកនាំកម្ពុជាចំពោះអង្គព្រះមហាក្សត្រ និងថ្នាក់ដឹកនាំថៃ។
អ្នកនាំពាក្យបានបញ្ជាក់ថា នៅប្រទេសថៃ សកម្មភាពប្រមាថនិងអសីលធម៌ទាំងនេះបានកើតមានដោយចំហរ ដោយគ្មានវិធានការទប់ស្កាត់ណាមួយ។

សម្រាប់កម្ពុជាទោះជាប្រទេសតូច មានប្រជាជនតិច និងសេដ្ឋកិច្ចនៅតែទន់ខ្សោយ ក៏ដោយ ថ្នាក់ដឹកនាំកម្ពុជានៅតែប្រកាន់ខ្ជាប់នូវគោលការណ៍ស្រឡាញ់សន្តិភាព ដោះស្រាយបញ្ហាដោយសន្តិវិធី និងចង់បានព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ដោយមិនចាត់ទុកប្រទេសជិតខាងណាមួយជាសត្រូវឡើយ។

ប្រភព៖ ក្រសួងការពារជាតិ